២ កូរិនថូស 1:15-24

២ កូរិនថូស 1:15-24 គខប

ដោយ​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​ដ៏​មុត‌មាំ​នេះ​ហើយ បាន​ជា​ខ្ញុំ​មាន​បំណង​ចង់​មក​រក​បងប្អូន​ជា​មុន​សិន ដើម្បី​ឲ្យ​ព្រះ‌ជាម្ចាស់​ប្រោស‌ប្រណី​បងប្អូន​សា​ជា​ថ្មី​ម្ដង​ទៀត។ បន្ទាប់​មក ខ្ញុំ​នឹង​ចាក​ចេញ​ពី​បងប្អូន​ឆ្ពោះ​ទៅ​ស្រុក​ម៉ាសេ‌ដូន ហើយ​វិល​ពី​ស្រុក​ម៉ាសេ‌ដូន​មក​រក​បងប្អូន​វិញ ដើម្បី​ឲ្យ​បងប្អូន​ជួយ​ខ្ញុំ​បន្ត​ដំណើរ​ទៅ​ស្រុក​យូដា​ទៀត។ ខ្ញុំ​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ តើ​ខ្ញុំ​សម្រេច​ដោយ​ឥត​បើ​គិត​ឬ? ឬ​មួយ​គម្រោង‌ការ​របស់​ខ្ញុំ​កើត​មក​ពី​គំនិត​លោកីយ៍ បាន​ជា​ខ្ញុំ​និយាយ​បាត​ដៃ​ជា​ខ្នង​ដៃ ដូច្នេះ? មាន​ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់​ហើយ យើង​មិន​និយាយ​មក​កាន់​បងប្អូន ដោយ​ពោល​ពាក្យ​ប្រែ‌ប្រួល​បាត​ដៃ​ជា​ខ្នង​ដៃ​នោះ​ទេ ដ្បិត​ព្រះគ្រិស្ត‌យេស៊ូ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ដែល​យើង​ប្រកាស គឺ​ទាំង​ខ្ញុំ ទាំង​លោក​ស៊ីលវ៉ាន និង​លោក​ធីម៉ូថេ ប្រកាស​ក្នុង​ចំណោម​បងប្អូន​នោះ ព្រះអង្គ​មិន​ប្រែ‌ប្រួល​បាត​ដៃ​ជា​ខ្នង​ដៃ​សោះ​ឡើយ នៅ​ក្នុង​ព្រះអង្គ​មាន​តែ​ពាក្យ​សច្ចៈ​ប៉ុណ្ណោះ។ ព្រះ‌គ្រិស្ត​បាន​ធ្វើ​ឲ្យ​ព្រះ‌បន្ទូល​សន្យា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់​បាន​សម្រេច​សព្វ​គ្រប់​ទាំង​អស់។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ពោល​ពាក្យ«អាម៉ែន*»ទៅ​កាន់​ព្រះ‌ជាម្ចាស់ តាម​រយៈ​ព្រះ‌គ្រិស្ត ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ។ គឺ​ព្រះ‌ជាម្ចាស់​ហើយ ដែល​ប្រទាន​ឲ្យ​យើង និង​បងប្អូន​មាន​ជំនឿ​ខ្ជាប់ខ្ជួន​លើ​ព្រះ‌គ្រិស្ត ព្រម​ទាំង​បាន​ចាក់​ប្រេង លើ​យើង​ផង ហើយ​ព្រះអង្គ​ក៏​បាន​ដៅ​សញ្ញា​សម្គាល់​របស់​ព្រះអង្គ​លើ​យើង និង​ប្រទាន​ព្រះ‌វិញ្ញាណ​មក​បញ្ចាំ​ចិត្ត​យើង​ផង​ដែរ។ ខ្ញុំ​សូម​ជម្រាប​បងប្អូន ដោយ​មាន​ព្រះ‌ជាម្ចាស់​ជា​សាក្សី​ថា ហេតុ​ដែល​ខ្ញុំ​មិន​ទាន់​បាន​ទៅ​ក្រុង​កូរិនថូស​នោះ គឺ​មក​ពី​ខ្ញុំ​យោគ‌យល់​ដល់​បងប្អូន (បើ​មិន​ពិត​ទេ សូម​ព្រះអង្គ​ផ្ដាច់​ជីវិត​ខ្ញុំ​ចុះ)។ យើង​មិន​ចង់​ត្រួត‌ត្រា​លើ​ជំនឿ​របស់​បងប្អូន​ទេ ដ្បិត​ជំនឿ​របស់​បងប្អូន​មាំ‌មួន​រួច​ស្រេច​ទៅ​ហើយ យើង​គ្រាន់​តែ​ចង់​ធ្វើ​ការ​រួម​ជា​មួយ​បងប្អូន ដើម្បី​ឲ្យ​បងប្អូន​មាន​អំណរ​តែ​ប៉ុណ្ណោះ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ កូរិនថូស 1:15-24