២ របាក្សត្រ 8

8
ស្នាដៃ​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​សាឡូម៉ូន
( ពង្សាវតារក្សត្រ ៩.១០-២៨)
1ព្រះ‌បាទ​សាឡូម៉ូន​ចំណាយ​ពេល​អស់​ម្ភៃ​ឆ្នាំ ដើម្បី​កសាង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​វាំង​របស់​ស្ដេច។ 2ព្រះ‌រាជា​សង់​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​ហ៊ីរ៉ាម ជា​ស្ដេច​ក្រុង​ទីរ៉ុស បាន​ថ្វាយ​នោះ​ឡើង​វិញ រួច​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទៅ​រស់​នៅ។ 3ព្រះ‌បាទ​សាឡូម៉ូន​លើក​ទ័ព​ទៅ​វាយ​យក​ក្រុង​ហា‌ម៉ាត់ នៅ​ស្រុក​សូបា ហើយ​កាន់​កាប់​ក្រុង​នោះ។ 4ស្ដេច​ក៏​បាន​សង់​ក្រុង​ថាត់‌ម៉ោរ នៅ​តំបន់​វាល​រហោ‌ស្ថាន ព្រម​ទាំង​ក្រុង​នានា ធ្វើ​ជា​ឃ្លាំង​ដាក់​ស្បៀង នៅ​តំបន់​ហា‌ម៉ាត់។ 5ស្ដេច​បាន​សង់​ក្រុង​បេត‌ហូរ៉ូន​ខាង​លើ និង​បេត‌ហូរ៉ូន​ខាង​ក្រោម ជា​ក្រុង​ដែល​មាន​បន្ទាយ និង​កំពែង​ព័ទ្ធ​ជុំ‌វិញ ហើយ​មាន​ទ្វារ និង​រនុក​ផង។ 6ស្ដេច​ក៏​បាន​សង់​ក្រុង​បាឡាត និង​ក្រុង​ទាំង​ប៉ុន្មាន ដែល​ស្ដេច​ទុក​ធ្វើ​ជា​ឃ្លាំង​សម្រាប់​ដាក់​ស្បៀង ឃ្លាំង​សម្រាប់​ដាក់​រទេះ​ចម្បាំង និង​សម្រាប់​ពល​សេះ។ ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់​អ្វីៗ​ទាំង​អស់ ដែល​ស្ដេច​សព្វ​ព្រះ‌ហឫទ័យ នៅ​ក្រុង​យេរូ‌សាឡឹម នៅ​ស្រុក​លីបង់ និង​ក្នុង​នគរ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​គ្រប់‌គ្រង។ 7ជាតិ​សាសន៍​ទាំង​អស់​ដែល​នៅ​សេស‌សល់​ពី​ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស មិន​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ទេ។ 8កូន​ចៅ​របស់​ជាតិ​សាសន៍​ទាំង​នោះ​នៅ​សេស‌សល់​ក្នុង​ស្រុក ព្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ពុំ​បាន​បំផ្លាញ​ពួក​គេ​ឲ្យ​ផុត​ពូជ​ឡើយ។ ព្រះ‌បាទ​សាឡូម៉ូន​បាន​កេណ្ឌ​ពួក​នោះ​ឲ្យ​ធ្វើ​ជា​កំណែន រហូត​ដល់​សព្វ​ថ្ងៃ។ 9ព្រះ‌បាទ​សាឡូម៉ូន​ពុំ​បាន​បង្ខំ​ឲ្យ​នរណា​ម្នាក់ ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ធ្វើ​ការ​ដូច​ទាសករ​ទេ ដ្បិត​ពួក​គេ​ជា​ទាហាន មេ​បញ្ជា​ការ មេ​កង‌ពល​រទេះ​ចម្បាំង និង​កង‌ពល​សេះ។ 10ព្រះ‌បាទ​សាឡូម៉ូន​បាន​តែង‌តាំង​មេ​ដឹក​នាំ​ចំនួន ២៥០​នាក់ ឲ្យ​ត្រួត‌ត្រា​លើ​ពួក​កំណែន។
11ព្រះ‌បាទ​សាឡូម៉ូន​បាន​នាំ​បុត្រី​របស់​ព្រះ‌ចៅ​ផារ៉ោន ចាក​ចេញ​ពី​បុរី​ព្រះ‌បាទ​ដាវីឌ មក​គង់​នៅ​ក្នុង​ដំណាក់​ដែល​ស្ដេច​បាន​សង់​ថ្វាយ​ព្រះ‌នាង ដ្បិត​ស្ដេច​មាន​ព្រះ‌តម្រិះ​ថា៖ «មហេសី​របស់​យើង​ពុំ​អាច​គង់​នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌បាទ​ដាវីឌ ជា​ស្ដេច​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ទេ ព្រោះ​កន្លែង​ដែល​គេ​តម្កល់​ហិប​របស់​ព្រះ‌អម្ចាស់​ជា​កន្លែង​ដ៏វិសុទ្ធ»។
12គ្រា​នោះ ព្រះ‌បាទ​សាឡូម៉ូន​បាន​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល*​ចំពោះ​ព្រះ‌អម្ចាស់ នៅ​លើ​អាសនៈ​ដែល​ស្ដេច​សង់​នៅ​មុខ​ទីសក្ការៈ 13 គឺ​តង្វាយ​ប្រចាំ​ថ្ងៃ តង្វាយ​សម្រាប់​ថ្ងៃ​សប្ប័ទ តង្វាយ​សម្រាប់​ថ្ងៃ​ចូល​ខែ​ថ្មី ព្រម​ទាំង​តង្វាយ​សម្រាប់​បុណ្យ​សំខាន់ៗ​បី​ដង ក្នុង​មួយ​ឆ្នាំ គឺ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​មេ បុណ្យ​សប្ដាហ៍ និង​បុណ្យ​បារាំ ស្រប​តាម​បទ‌បញ្ជា​ដែល​លោក​ម៉ូសេ​បាន​ចែង​ទុក។
14ព្រះ‌បាទ​សាឡូម៉ូន​បាន​តែង‌តាំង​បូជា‌ចារ្យ​ជា​ក្រុមៗ តាម​មុខងារ​របស់​ពួក​គេ ដូច​ព្រះ‌បាទ​ដាវីឌ ជា​បិតា បាន​ចាត់​ចែង​ទុក​មក។ ស្ដេច​តែង‌តាំង​ក្រុម​លេវី​ឲ្យ​បំពេញ​មុខងារ​របស់​ខ្លួន​ដែរ គឺ​ច្រៀង​សរសើរ​ព្រះ‌អម្ចាស់ និង​ជួយ​ក្រុម​បូជា‌ចារ្យ​ក្នុង​ការ‌ងារ​ប្រចាំ​ថ្ងៃ ដូច​មាន​ចែង​ទុក។ ស្ដេច​ក៏​បាន​ចាត់​ឲ្យ​អ្នក​យាម​ទ្វារ ប្រចាំ​ការ​នៅ​មាត់​ទ្វារ​នីមួយៗ តាម​ក្រុម​របស់​ខ្លួន​ដែរ។ នេះ​ជា​វិន័យ​ដែល​ព្រះ‌បាទ​ដាវីឌ ជា​ជំនិត​របស់​ព្រះ‌ជាម្ចាស់ បាន​បង្គាប់​ទុក។ 15គេ​ពុំ​បាន​ប្រព្រឹត្ត​ខុស​នឹង​បញ្ជា​ដែល​ស្ដេច​បាន​ចែង​ទុក ស្ដី​ពី​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ឬ​បញ្ជា​ផ្សេង​ទៀត ស្ដី​អំពី​ទ្រព្យ​សម្បត្តិ​របស់​ព្រះ‌ដំណាក់​ឡើយ។
16ព្រះ‌បាទ​សាឡូម៉ូន​បាន​សម្រេច​គម្រោង‌ការ​ទាំង​អស់​ជា​ស្ថាពរ គឺ​ចាប់​ពី​ថ្ងៃ​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ រហូត​ដល់​ថ្ងៃ​បង្ហើយ គឺ​ការ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​បាន​ចប់​សព្វ​គ្រប់។
17គ្រា​នោះ ព្រះ‌បាទ​សាឡូម៉ូន​បាន​យាង​ទៅ​ក្រុង​អេស៊ាន-‌គេប៊ើរ និង​ក្រុង​អេឡុត ដែល​នៅ​មាត់​សមុទ្រ ក្នុង​ស្រុក​អេដុម។ 18ព្រះ‌បាទ​ហ៊ីរ៉ាម​បាន​បញ្ជូន​សំពៅ ដឹក​នាំ​ដោយ​ទាហាន​ជើង​ទឹក​ស្ទាត់​ជំនាញ​ខាង​សមុទ្រ មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។ ពួក​គេ​ធ្វើ​ដំណើរ​ជា​មួយ​ទាហាន​របស់​ព្រះ‌បាទ​សាឡូម៉ូន ទៅ​ដល់​ស្រុក​អូភារ ហើយ​នាំ​យក​មាស​ទម្ងន់​ដប់​ប្រាំ​មួយ​តោន មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។

ទើបបានជ្រើសរើសហើយ៖

២ របាក្សត្រ 8: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល