២ របាក្សត្រ 35

35
ព្រះ‌បាទ​យ៉ូ‌សៀស​រៀបចំ​ពិធី​បុណ្យ​ចម្លង*
( ពង្សាវតារក្សត្រ ២៣.២-២៣)
1ព្រះ‌បាទ​យ៉ូ‌សៀស​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង* ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម។ គេ​បាន​សម្លាប់​កូន​ចៀម​ធ្វើ​ពិធី​បុណ្យ​ចម្លង នៅ​ថ្ងៃ​ទី​ដប់‌បួន ក្នុង​ខែ​ទី​មួយ។ 2ស្ដេច​បាន​តែង‌តាំង​ក្រុម​បូជា‌ចារ្យ ឲ្យ​បំពេញ​មុខងារ​របស់​ខ្លួន ហើយ​ដាស់‌តឿន​ពួក​គេ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​បម្រើ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់3ស្ដេច​បង្គាប់​ក្រុម​លេវី ដែល​គេ​ញែក​ទុក​ដោយ​ឡែក​ថ្វាយ​ព្រះ‌អម្ចាស់ ហើយ​មាន​ភារ‌កិច្ច​ប្រៀន‌ប្រដៅ​ប្រជា‌ជន​នៅ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល​ថា៖ «ចូរ​ដាក់​ហិប​ដ៏វិសុទ្ធ​នៅ​ក្នុង​ព្រះ‌ដំណាក់​ដែល​ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ ស្ដេច​ស្រុក​អ៊ីស្រា‌អែល បាន​សង់។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ​សែង​ហិប​នេះ​ទៀត​ទេ ឥឡូវ​នេះ ចូរ​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​បម្រើ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ទៅ។ 4 ចូរ​រៀបចំ​ខ្លួន​តាម​ក្រុម​គ្រួសារ និង​តាម​ជាន់​ថ្នាក់​របស់​អ្នក​រាល់​គ្នា ដូច​ព្រះ‌បាទ​ដាវីឌ ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល និង​ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ បាន​ចង​ក្រង​ជា​ក្បួន​តម្រា​ទុក​មក​ស្រាប់។ 5ចូរ​នាំ​គ្នា​ឈរ​នៅ​ក្នុង​ទីសក្ការៈ​តាម​លំដាប់‌លំដោយ គឺ​ក្រុម​គ្រួសារ​លេវី​នីមួយៗ​ធ្វើ​ជា​តំណាង​ឲ្យ​ក្រុម​គ្រួសារ​ផ្សេងៗ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ 6ចូរ​សម្លាប់​សត្វ​ដែល​ត្រូវ​ថ្វាយ​សម្រាប់​ពិធី​បុណ្យ​ចម្លង ហើយ​ញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ ដើម្បី​រៀបចំ​ពិធី​បុណ្យ​ចម្លង​ជូន​បងប្អូន​របស់​អ្នក​រាល់​គ្នា ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​តាម​រយៈ​លោក​ម៉ូសេ»។
7ព្រះ‌បាទ​យ៉ូ‌សៀស​យក​កូន​ចៀម និង​កូន​ពពែ ៣០ ០០០​ក្បាល និង​គោ ៣ ០០០​ក្បាល ពី​ហ្វូង​សត្វ​របស់​ស្ដេច​ផ្ទាល់ ដើម្បី​ថ្វាយ​ជា​យញ្ញ‌បូជា​ក្នុង​ពិធី​បុណ្យ​ចម្លង​សម្រាប់​ប្រជា‌ជន​ដែល​នៅ​ទី​នោះ។ 8ពួក​មន្ត្រី​របស់​ស្ដេច​ក៏​ស្ម័គ្រ​ចិត្ត​យក​សត្វ​របស់​ខ្លួន​ប្រគល់​ជូន​ប្រជា‌ជន ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី​ដែរ។ លោក​ហ៊ីល‌គីយ៉ា លោក​សាកា‌រី និង​លោក​យេហ៊ី‌អែល ជា​អ្នក​ទទួល​ខុស​ត្រូវ​កិច្ចការ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ យក​ចៀម ២ ៦០០​ក្បាល ព្រម​ទាំង​គោ ៣០០​ក្បាល ប្រគល់​ជូន​ក្រុម​បូជា‌ចារ្យ សម្រាប់​ពិធី​បុណ្យ​ចម្លង។ 9លោក​កូណា‌នា លោក​សេម៉ាយ៉ា និង​លោក​នេថា‌នេល ជា​ប្អូន​របស់​លោក ព្រម​ទាំង​លោក​ហាសាប‌យ៉ា លោក​យី‌អែល និង​លោក​យ៉ូសា‌បាដ ជា​អ្នក​ដឹក​នាំ​ក្រុម​លេវី យក​ចៀម ៥ ០០០​ក្បាល ព្រម​ទាំង​គោ ៥០០​ក្បាល ប្រគល់​ជូន​ក្រុម​លេវី សម្រាប់​ពិធី​បុណ្យ​ចម្លង។
10ពិធី​បុណ្យ​ចាប់​ផ្ដើម​ដូច​ត​ទៅ: ក្រុម​បូជា‌ចារ្យ​ឈរ​តាម​កន្លែង​របស់​គេ​រៀងៗ​ខ្លួន ហើយ​ក្រុម​លេវី​ក៏​ឈរ​តាម​ជាន់​ថ្នាក់​របស់​ខ្លួន ស្រប​តាម​បញ្ជា​របស់​ស្ដេច។ 11គេ​សម្លាប់​សត្វ​ដែល​ត្រូវ​ថ្វាយ​ក្នុង​ឱកាស​បុណ្យ​ចម្លង។ ក្រុម​លេវី​ប្រគល់​ឈាម​សត្វ​ទៅ​ក្រុម​បូជា‌ចារ្យ ហើយ​បូជា‌ចារ្យ​ក៏​ធ្វើ​ពិធី​ប្រោះ​ឈាម​នោះ​នៅ​លើ​អាសនៈ។ បន្ទាប់​មក ក្រុម​លេវី​នាំ​គ្នា​បក​ស្បែក​សត្វ។ 12គេ​ដាក់​សាច់​ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដោយ​ឡែក សម្រាប់​ប្រគល់​ទៅ​ក្រុម​គ្រួសារ​ផ្សេងៗ​របស់​ប្រជា‌ជន ដើម្បី​ឲ្យ​ពួក​គេ​ថ្វាយ​ព្រះ‌អម្ចាស់ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ។ ចំពោះ​សាច់​គោ​ក៏​គេ​ធ្វើ​ដូច្នោះ​ដែរ។ 13 គេ​អាំង​សាច់​កូន​ចៀម​ដែល​ថ្វាយ​សម្រាប់​ពិធី​បុណ្យ​ចម្លង​នៅ​លើ​ភ្លើង ស្រប​តាម​វិន័យ រីឯ​ចំណែក​សាច់​ដ៏​សក្ការៈ​វិញ គេ​ចម្អិន​ក្នុង​ឆ្នាំង ថ្លាង និង​ខ្ទះ រួច​ប្រញាប់‌ប្រញាល់​ចែក​ជូន​ប្រជា‌ជន​ទាំង​អស់។ 14បន្ទាប់​មក ក្រុម​លេវី​ចម្អិន​សាច់​ដែល​ជា​ចំណែក​របស់​ពួក​គេ និង​ចំណែក​របស់​ក្រុម​បូជា‌ចារ្យ ដ្បិត​ក្រុម​បូជា‌ចារ្យ​ជាប់​រវល់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​ខ្លាញ់​រហូត​ដល់​យប់។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុម​លេវី​រៀបចំ​អាហារ​សម្រាប់​ខ្លួន​ឯង​ផង និង​សម្រាប់​ក្រុម​បូជា‌ចារ្យ ដែល​ជា​ពូជ‌ពង្ស​របស់​លោក​អើរ៉ុន​ផង។
15 ក្រុម​ចម្រៀង ជា​ពូជ‌ពង្ស​របស់​លោក​អេ‌សាភ បំពេញ​មុខងារ​តាម​កន្លែង​របស់​គេ​រៀងៗ​ខ្លួន ដូច​ព្រះ‌បាទ​ដាវីឌ លោក​អេ‌សាភ លោក​ហេ‌ម៉ាន និង​លោក​យេឌូ‌ថិន ជា​គ្រូ​ទាយ​របស់​ស្ដេច បាន​បង្គាប់​ទុក។ រីឯ​ឆ្មាំ​ទ្វារ​ក៏​ឈរ​នៅ​តាម​កន្លែង​របស់​ខ្លួន​ដែរ គ្មាន​នរណា​ចាក​ចេញ​ពី​កន្លែង​របស់​ខ្លួន​ឡើយ ព្រោះ​ក្រុម​លេវី​រៀបចំ​អាហារ​ជូន​ពួក​គេ។ 16នៅ​ថ្ងៃ​នោះ គេ​បាន​ចាត់​ចែង​ពិធី​បុណ្យ​ថ្វាយ​ព្រះ‌អម្ចាស់​តាម​របៀប​នេះ​ឯង គឺ​គេ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ចម្លង ដោយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំពោះ​ព្រះ‌អម្ចាស់ នៅ​លើ​អាសនៈ ស្រប​តាម​បញ្ជា​របស់​ព្រះ‌បាទ​យ៉ូ‌សៀស។ 17 ប្រជា‌ជន​អ៊ីស្រា‌អែល​ដែល​នៅ​ទី​នោះ នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង និង​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ 18តាំង​ពី​ជំនាន់​ព្យាកា‌រី​សាំយូ‌អែល គេ​មិន​ដែល​ប្រារព្ធ​បុណ្យ​ចម្លង​របៀប​នេះ​នៅ​ស្រុក​អ៊ីស្រា‌អែល​ទេ ហើយ​ក៏​ពុំ​មាន​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​អង្គ​ណា ប្រារព្ធ​បុណ្យ​ចម្លង​ដូច​ព្រះ‌បាទ​យ៉ូ‌សៀស ក្រុម​បូជា‌ចារ្យ ក្រុម​លេវី រួម​ជា​មួយ​នឹង​អ្នក​ស្រុក​យូដា និង​ស្រុក​អ៊ីស្រា‌អែល ព្រម​ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម នៅ​ពេល​នោះ​ដែរ។ 19គេ​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​នេះ​នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូ‌សៀស។
ដំណាក់​ចុង​ក្រោយ​នៃ​រាជ្យ​ព្រះ‌បាទ​យ៉ូ‌សៀស
( ពង្សាវតារក្សត្រ ២៣.២៨-៣០)
20ក្រោយ​ព្រឹត្តិ‌ការណ៍​ទាំង​នោះ​មក គឺ​ក្រោយ​ពេល​ព្រះ‌បាទ​យ៉ូ‌សៀស​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ព្រះ‌ចៅ​នេកោ ជា​ស្ដេច​ស្រុក​អេស៊ីប បាន​លើក​ទ័ព​ទៅ​វាយ​ក្រុង​កើ‌កេ‌មីស នៅ​តាម​ដង​ទន្លេ​អឺប្រាត ព្រះ‌បាទ​យ៉ូ‌សៀស​បាន​លើក​ទ័ព​មក​វាយ​ស្ទាក់​ផ្លូវ។ 21ប៉ុន្តែ ព្រះចៅ​នេ‌កោ​ចាត់​អ្នក​នាំ​សារ​ឲ្យ​មក​ទូល​ព្រះ‌បាទ​យ៉ូ‌សៀស​ថា៖ «បពិត្រ​ព្រះ‌មហា‌ក្សត្រ​ស្រុក​យូដា តើ​ទូលបង្គំ និង​ព្រះ‌ករុណា​មាន​រឿង​អ្វី​នឹង​គ្នា? ទូលបង្គំ​លើក​ទ័ព​មក​ថ្ងៃ​នេះ មិន​មែន​ដើម្បី​ច្បាំង​នឹង​ព្រះ‌ករុណា​ទេ គឺ​ទូលបង្គំ​ទៅ​ច្បាំង​ជា​មួយ​ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​ទេ​តើ។ ព្រះ‌ជាម្ចាស់​បង្គាប់​ទូលបង្គំ​ឲ្យ​ទៅ​យ៉ាង​រូត‌រះ។ ដូច្នេះ សូម​កុំ​ជំទាស់​នឹង​ព្រះ‌ជាម្ចាស់​ដែល​គង់​នៅ​ជា​មួយ​ទូលបង្គំ​ឡើយ ក្រែង​លោ​ព្រះអង្គ​ធ្វើ​ឲ្យ​ព្រះ‌ករុណា​វិនាស»។ 22ប៉ុន្តែ ព្រះ‌បាទ​យ៉ូ‌សៀស​នៅ​តែ​ចង់​តទល់​នឹង​ព្រះ‌ចៅ​នេ‌កោ គឺ​ស្ដេច​មិន​ព្រម​ស្ដាប់​ពាក្យ​របស់​ព្រះ‌ចៅ​នេ‌កោ ដែល​ជា​ពាក្យ​មក​ពី​ព្រះ‌ជាម្ចាស់​ឡើយ។ ស្ដេច​ក៏​ក្លែង​ខ្លួន​ចូល​ច្បាំង​នឹង​ស្ដេច​ស្រុក​អេស៊ីប នៅ​ជ្រលង​ភ្នំ​មេគី‌ដោ។ 23ទាហាន​បាញ់​ព្រួញ​របស់​ទ័ព​អេស៊ីប​បាន​បាញ់​ចំ​ព្រះ‌បាទ​យ៉ូ‌សៀស។ ស្ដេច​បញ្ជា​ទៅ​រាជ​បម្រើ​ថា៖ «ចូរ​នាំ​យើង​ចេញ​ទៅ ដ្បិត​យើង​ត្រូវ​របួស​ខ្លាំង​ណាស់»។ 24រាជ​បម្រើ​លើក​ស្ដេច​ចេញ​ពី​រាជ‌រថ​ដែល​ស្ដេច​ជិះ ដាក់​ក្នុង​រាជ‌រថ​មួយ​ទៀត ដឹក​ទៅ​ក្រុង​យេរូ‌សាឡឹម។ ស្ដេច​ក៏​សោយ​ទិវង្គត ហើយ​គេ​បញ្ចុះ​សព​ស្ដេច​ក្នុង​ផ្នូរ​របស់​ព្រះ‌រាជ‌វង្ស។ អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល នាំ​គ្នា​កាន់​ទុក្ខ​ព្រះ‌បាទ​យ៉ូ‌សៀស។ 25លោក​យេរេមា​បាន​តែង​បទ​ទំនួញ​មួយ រំឭក​ដល់​ព្រះ‌បាទ​យ៉ូ‌សៀស។ អ្នក​ចម្រៀង​ប្រុស​ស្រី​នាំ​គ្នា​ស្មូត្រ​ទំនួញ​រំឭក​ដល់​ព្រះ‌បាទ​យ៉ូ‌សៀស រហូត​ដល់​សព្វ​ថ្ងៃ ហើយ​ក៏​ក្លាយ​ជា​ទំនៀម‌ទម្លាប់​មួយ​នៅ​ស្រុក​អ៊ីស្រា‌អែល។ ទំនុក​នេះ​មាន​ចង​ក្រង​នៅ​ក្នុង​សៀវភៅ​ទំនួញ។
26រាជ‌កិច្ច​ផ្សេង​ទៀត​របស់​ព្រះ‌បាទ​យ៉ូ‌សៀស និង​ភក្ដី‌ភាព​ដែល​ស្ដេច​សម្តែង​ចំពោះ​ព្រះ‌បន្ទូល​ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់ 27គឺ​កិច្ចការ​ផ្សេងៗ​ដែល​ស្ដេច​បាន​ធ្វើ​តាំង​ពី​ដើម​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល និង​ស្ដេច​ស្រុក​យូដា។

ទើបបានជ្រើសរើសហើយ៖

២ របាក្សត្រ 35: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល