២ របាក្សត្រ 23
23
ព្រះបាទយ៉ូអាសឡើងគ្រងរាជ្យ
(២ ពង្សាវតារក្សត្រ ១១.៤-២០)
1លុះដល់ឆ្នាំទីប្រាំពីរ លោកបូជាចារ្យយេហូយ៉ាដាបានតាំងចិត្តក្លាហាន ហើយចុះសន្ធិសញ្ញាជាមួយពួកមេបញ្ជាការ គឺមានអសារា ជាកូនរបស់លោកយេរ៉ូហាំ លោកអ៊ីស្មាអែល ជាកូនរបស់លោកយ៉ូហាណាន លោកអសារា ជាកូនរបស់លោកអូបេដ លោកម៉ាសេយ៉ា ជាកូនរបស់លោកអដាយ៉ា និងលោកអេលីសាផាត ជាកូនរបស់លោកស៊ីកគ្រី។ 2មេបញ្ជាការទាំងនោះធ្វើដំណើរពាសពេញស្រុកយូដា ហើយប្រមូលពួកលេវីនៅតាមក្រុងទាំងប៉ុន្មានក្នុងស្រុកយូដា ព្រមទាំងប្រមូលមេក្រុមគ្រួសារនៃជនជាតិអ៊ីស្រាអែលឲ្យមកជួបជុំគ្នា នៅក្រុងយេរូសាឡឹម។ 3 អង្គប្រជុំទាំងមូលបានចុះសន្ធិសញ្ញាជាមួយព្រះរាជា នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ លោកយេហូយ៉ាដាមានប្រសាសន៍ទៅពួកគេថា៖ «នេះនែ បុត្ររបស់ព្រះមហាក្សត្រ! ទ្រង់នឹងគ្រងរាជ្យ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងទុក ស្ដីអំពីរាជវង្សរបស់ព្រះបាទដាវីឌ។ 4អ្នករាល់គ្នាត្រូវធ្វើដូចតទៅ: ក្នុងចំណោមអ្នករាល់គ្នាដែលត្រូវវេនយាមនៅថ្ងៃសប្ប័ទ* គឺទាំងក្រុមបូជាចារ្យទាំងក្រុមលេវី មួយភាគបីត្រូវយាមនៅខ្លោងទ្វារ 5មួយភាគបីយាមក្នុងដំណាក់ស្ដេច ហើយមួយភាគបីទៀត យាមនៅត្រង់មាត់ទ្វារយេសូដ។ រីឯប្រជាជនទាំងមូល ស្ថិតនៅក្នុងទីធ្លានៃព្រះដំណាក់របស់ព្រះអម្ចាស់។ 6មិនត្រូវឲ្យនរណាម្នាក់ចូលក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ឡើយ គឺមានក្រុមបូជាចារ្យ និងក្រុមលេវីដែលចំវេនបំពេញមុខងារប៉ុណ្ណោះដែលអាចចូលបាន ព្រោះពួកគេជាមនុស្សវិសុទ្ធ*។ ប្រជាជនទាំងមូលត្រូវគោរពតាមបំរាមរបស់ព្រះអម្ចាស់។ 7ក្រុមលេវីត្រូវប្រដាប់អាវុធនៅការពារជុំវិញព្រះមហាក្សត្រ។ នរណាម្នាក់ហ៊ានចូលមកជិតព្រះដំណាក់ ត្រូវសម្លាប់គេចោល។ ចូរនៅជាប់ជាមួយព្រះមហាក្សត្រជានិច្ច ទោះបីស្ដេចយាងចេញ ឬចូលក៏ដោយ»។
8ក្រុមលេវី និងប្រជាជនយូដាទាំងមូល នាំគ្នាធ្វើតាមបញ្ជាទាំងប៉ុន្មានរបស់លោកបូជាចារ្យយេហូយ៉ាដា ម្នាក់ៗនាំកូនទាហានរបស់ខ្លួន ទាំងអ្នកត្រូវវេនយាមនៅថ្ងៃសប្ប័ទ ទាំងអ្នកមិនត្រូវវេនយាម ដ្បិតលោកបូជាចារ្យយេហូយ៉ាដាមិនឲ្យក្រុមណាមួយនៅទំនេរឡើយ។ 9លោកបូជាចារ្យយេហូយ៉ាដាចែកលំពែង ព្រមទាំងខែលរបស់ព្រះបាទដាវីឌ ដែលតម្កល់ទុកក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ជូនមេបញ្ជាការទាំងនោះ។ 10លោកដាក់ពលទាហានទាំងអស់ ដែលប្រដាប់អាវុធគ្រប់ៗដៃ ឲ្យឈរយាមចាប់ពីប៉ែកខាងស្ដាំ រហូតដល់ប៉ែកខាងឆ្វេងព្រះដំណាក់ ព្រមទាំងនៅជិតអាសនៈ និងនៅក្បែរព្រះដំណាក់ ដើម្បីការពារព្រះមហាក្សត្រ។ 11គេយាងបុត្ររបស់ស្ដេចចេញមក ហើយយកមកុដរាជ្យមកបំពាក់ ព្រមទាំងថ្វាយឯកសារនៃសម្ពន្ធមេត្រីផង លោកយេហូយ៉ាដា និងកូនៗរបស់លោក ចាក់ប្រេងអភិសេករាជកុមារ តែងតាំងជាស្ដេច ទាំងស្រែកថា៖ «ជយោ ព្រះមហាក្សត្រ!»។
12កាលព្រះនាងអថាលាឮសម្រែកប្រជាជនដែលរត់ទៅមក ស្រែកអបអរសាទរព្រះមហាក្សត្រ ព្រះនាងយាងទៅមើលពួកគេ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ 13ព្រះនាងទតឃើញព្រះមហាក្សត្រថ្មីឈរនៅលើវេទិកា ត្រង់មាត់ទ្វារ ដោយមានមេទ័ព និងអ្នកផ្លុំត្រែឈរអមផង។ ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ គេផ្លុំត្រែ ហើយអ្នកចម្រៀងនាំប្រជាជនច្រៀងសរសើរតម្កើង ទាំងប្រគំតូរ្យតន្ត្រីផង។ ព្រះនាងអថាលាហែកព្រះភូសា ស្រែកថា៖ «នេះជាអំពើក្បត់! នេះជាអំពើក្បត់!»។ 14លោកបូជាចារ្យយេហូយ៉ាដាបញ្ជាទៅពួកមេបញ្ជាការដែលគ្រប់គ្រងលើពលទ័ពថា៖ «ចូរនាំព្រះនាងចេញទៅក្រៅ! បើនរណាគាំទ្រព្រះនាង ចូរសម្លាប់ដោយមុខដាវទៅ!»។ លោកបូជាចារ្យមានប្រសាសន៍ទៀតថា៖ «មិនត្រូវប្រហារជីវិតព្រះនាងនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ទេ!»។ 15គេចាប់ព្រះនាងនាំទៅវាំងវិញ។ កាលមកដល់មាត់ខ្លោងទ្វារសេះ គេក៏ប្រហារជីវិតព្រះនាងនៅទីនោះ។
16លោកយេហូយ៉ាដាចងសម្ពន្ធមេត្រីរវាងខ្លួនផ្ទាល់ ប្រជាជនទាំងមូល និងព្រះមហាក្សត្រ ដើម្បីធ្វើជាប្រជារាស្ត្ររបស់ព្រះអម្ចាស់។ 17ប្រជាជនទាំងមូលនាំគ្នាចូលទៅបំផ្លាញវិហាររបស់ព្រះបាល ហើយវាយកម្ទេចអាសនៈ និងរូបសំណាក ព្រមទាំងសម្លាប់លោកម៉ាត់ថាន ជាបូជាចារ្យរបស់ព្រះបាល នៅមុខអាសនៈទៀតផង។ 18លោកយេហូយ៉ាដាចាត់ចែងឲ្យក្រុមបូជាចារ្យលេវី ទទួលខុសត្រូវលើព្រះដំណាក់របស់ព្រះអម្ចាស់ គឺអ្នកដែលព្រះបាទដាវីឌបានចែកជាក្រុមឲ្យបំពេញមុខងារក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីថ្វាយតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់ ដូចមានចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ។ ព្រះបាទដាវីឌក៏បានបង្គាប់ឲ្យគេច្រៀងចម្រៀងយ៉ាងសប្បាយ ក្នុងឱកាសនោះដែរ។ 19លោកយេហូយ៉ាដាបានដាក់អ្នកយាមទ្វារ នៅតាមខ្លោងទ្វារព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីកុំឲ្យអ្នកដែលមិនបរិសុទ្ធដោយប្រការណាមួយក្ដី អាចចូលបានឡើយ។
20បន្ទាប់មក លោកនាំពួកមេបញ្ជាការ ពួកអភិជន ពួកអ្នកមុខអ្នកការក្នុងចំណោមប្រជាជន និងប្រជាជនទាំងមូលនៅក្នុងស្រុក មកដង្ហែព្រះមហាក្សត្រពីព្រះដំណាក់របស់ព្រះអម្ចាស់ ចូលវាំង តាមខ្លោងទ្វារប៉ែកខាងលើ រួចយាងព្រះរាជាឡើងគង់លើបល្ល័ង្ករាជ្យ។
21ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ ហើយទីក្រុងក៏បានសុខសាន្ត។ គេបានប្រហារជីវិតព្រះនាងអថាលា ដោយមុខដាវ។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ 23: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.