២ របាក្សត្រ 23

23
ព្រះ‌បាទ​យ៉ូអាស​ឡើង​គ្រង​រាជ្យ
( ពង្សាវតារក្សត្រ ១១.៤-២០)
1លុះ​ដល់​ឆ្នាំ​ទី​ប្រាំ‌ពីរ លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា​បាន​តាំង​ចិត្ត​ក្លា‌ហាន ហើយ​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​ពួក​មេ​បញ្ជា‌ការ គឺ​មាន​អសា‌រា ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​យ៉ូហាណាន លោក​អសា‌រា ជា​កូន​របស់​លោក​អូបេដ លោក​ម៉ាសេ‌យ៉ា ជា​កូន​របស់​លោក​អដា‌យ៉ា និង​លោក​អេលី‌សាផាត ជា​កូន​របស់​លោក​ស៊ីក‌គ្រី។ 2មេ​បញ្ជា‌ការ​ទាំង​នោះ​ធ្វើ​ដំណើរ​ពាស‌ពេញ​ស្រុក​យូដា ហើយ​ប្រមូល​ពួក​លេវី​នៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា ព្រម​ទាំង​ប្រមូល​មេ​ក្រុម​គ្រួសារ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​មក​ជួប‌ជុំ​គ្នា នៅ​ក្រុង​យេរូ‌សាឡឹម។ 3 អង្គ​ប្រជុំ​ទាំង​មូល​បាន​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​ព្រះ‌រាជា នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ លោក​យេហូ‌យ៉ាដា​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «នេះ​នែ បុត្រ​របស់​ព្រះ‌មហា‌ក្សត្រ! ទ្រង់​នឹង​គ្រង​រាជ្យ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​ទុក ស្ដី​អំពី​រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ។ 4អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច​ត​ទៅ: ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​សប្ប័ទ* គឺ​ទាំង​ក្រុម​បូជា‌ចារ្យ​ទាំង​ក្រុម​លេវី មួយ​ភាគ​បី​ត្រូវ​យាម​នៅ​ខ្លោង​ទ្វារ 5មួយ​ភាគ​បី​យាម​ក្នុង​ដំណាក់​ស្ដេច ហើយ​មួយ​ភាគ​បី​ទៀត យាម​នៅ​ត្រង់​មាត់​ទ្វារ​យេ‌សូដ។ រីឯ​ប្រជា‌ជន​ទាំង​មូល ស្ថិត​នៅ​ក្នុង​ទីធ្លា​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់6មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ចូល​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឡើយ គឺ​មាន​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី​ដែល​ចំ​វេន​បំពេញ​មុខងារ​ប៉ុណ្ណោះ​ដែល​អាច​ចូល​បាន ព្រោះ​ពួក​គេ​ជា​មនុស្ស​វិសុទ្ធ*។ ប្រជា‌ជន​ទាំង​មូល​ត្រូវ​គោរព​តាម​បំរាម​របស់​ព្រះ‌អម្ចាស់7ក្រុម​លេវី​ត្រូវ​ប្រដាប់​អាវុធ​នៅ​ការ‌ពារ​ជុំ‌វិញ​ព្រះ‌មហា‌ក្សត្រ។ នរណា​ម្នាក់​ហ៊ាន​ចូល​មក​ជិត​ព្រះ‌ដំណាក់ ត្រូវ​សម្លាប់​គេ​ចោល។ ចូរ​នៅ​ជាប់​ជា​មួយ​ព្រះ‌មហា‌ក្សត្រ​ជានិច្ច ទោះ​បី​ស្ដេច​យាង​ចេញ ឬ​ចូល​ក៏​ដោយ»។
8ក្រុម​លេវី និង​ប្រជា‌ជន​យូដា​ទាំង​មូល នាំ​គ្នា​ធ្វើ​តាម​បញ្ជា​ទាំង​ប៉ុន្មាន​របស់​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា ម្នាក់ៗ​នាំ​កូន​ទាហាន​របស់​ខ្លួន ទាំង​អ្នក​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​សប្ប័ទ ទាំង​អ្នក​មិន​ត្រូវ​វេន​យាម ដ្បិត​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា​មិន​ឲ្យ​ក្រុម​ណា​មួយ​នៅ​ទំនេរ​ឡើយ។ 9លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា​ចែក​លំពែង ព្រម​ទាំង​ខែល​របស់​ព្រះ‌បាទ​ដាវីឌ ដែល​តម្កល់​ទុក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ជូន​មេ​បញ្ជា‌ការ​ទាំង​នោះ។ 10លោក​ដាក់​ពល​ទាហាន​ទាំង​អស់ ដែល​ប្រដាប់​អាវុធ​គ្រប់ៗ​ដៃ ឲ្យ​ឈរ​យាម​ចាប់​ពី​ប៉ែក​ខាង​ស្ដាំ រហូត​ដល់​ប៉ែក​ខាង​ឆ្វេង​ព្រះ‌ដំណាក់ ព្រម​ទាំង​នៅ​ជិត​អាសនៈ និង​នៅ​ក្បែរ​ព្រះ‌ដំណាក់ ដើម្បី​ការ‌ពារ​ព្រះ‌មហា‌ក្សត្រ។ 11គេ​យាង​បុត្រ​របស់​ស្ដេច​ចេញ​មក ហើយ​យក​មកុដ​រាជ្យ​មក​បំពាក់ ព្រម​ទាំង​ថ្វាយ​ឯក‌សារ​នៃ​សម្ពន្ធ‌មេត្រី​ផង លោក​យេហូ‌យ៉ាដា និង​កូនៗ​របស់​លោក ចាក់​ប្រេង​អភិ‌សេក​រាជ​កុមារ តែង‌តាំង​ជា​ស្ដេច ទាំង​ស្រែក​ថា៖ «ជយោ ព្រះ‌មហា‌ក្សត្រ!»។
12កាល​ព្រះ‌នាង​អថា‌លា​ឮ​សម្រែក​ប្រជា‌ជន​ដែល​រត់​ទៅ​មក ស្រែក​អប‌អរ‌សាទរ​ព្រះ‌មហា‌ក្សត្រ ព្រះ‌នាង​យាង​ទៅ​មើល​ពួក​គេ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់13ព្រះ‌នាង​ទត​ឃើញ​ព្រះ‌មហា‌ក្សត្រ​ថ្មី​ឈរ​នៅ​លើ​វេទិកា ត្រង់​មាត់​ទ្វារ ដោយ​មាន​មេ‌ទ័ព និង​អ្នក​ផ្លុំ​ត្រែ​ឈរ​អម​ផង។ ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​អប‌អរ‌សាទរ គេ​ផ្លុំ​ត្រែ ហើយ​អ្នក​ចម្រៀង​នាំ​ប្រជា‌ជន​ច្រៀង​សរសើរ​តម្កើង ទាំង​ប្រគំ​តូរ្យ‌តន្ត្រី​ផង។ ព្រះ‌នាង​អថា‌លា​ហែក​ព្រះ‌ភូសា ស្រែក​ថា៖ «នេះ​ជា​អំពើ​ក្បត់! នេះ​ជា​អំពើ​ក្បត់!»។ 14លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា​បញ្ជា​ទៅ​ពួក​មេ​បញ្ជា‌ការ​ដែល​គ្រប់‌គ្រង​លើ​ពល​ទ័ព​ថា៖ «ចូរ​នាំ​ព្រះ‌នាង​ចេញ​ទៅ​ក្រៅ! បើ​នរណា​គាំទ្រ​ព្រះ‌នាង ចូរ​សម្លាប់​ដោយ​មុខ​ដាវ​ទៅ!»។ លោក​បូជា‌ចារ្យ​មាន​ប្រសាសន៍​ទៀត​ថា៖ «មិន​ត្រូវ​ប្រហារ​ជីវិត​ព្រះ‌នាង​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ទេ!»។ 15គេ​ចាប់​ព្រះ‌នាង​នាំ​ទៅ​វាំង​វិញ។ កាល​មក​ដល់​មាត់​ខ្លោង​ទ្វារ​សេះ គេ​ក៏​ប្រហារ​ជីវិត​ព្រះ‌នាង​នៅ​ទី​នោះ។
16លោក​យេហូ‌យ៉ាដា​ចង​សម្ពន្ធ‌មេត្រី​រវាង​ខ្លួន​ផ្ទាល់ ប្រជា‌ជន​ទាំង​មូល និង​ព្រះ‌មហា‌ក្សត្រ ដើម្បី​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់17ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​ចូល​ទៅ​បំផ្លាញ​វិហារ​របស់​ព្រះ​បាល ហើយ​វាយ​កម្ទេច​អាសនៈ និង​រូប​សំណាក ព្រម​ទាំង​សម្លាប់​លោក​ម៉ាត់‌ថាន ជា​បូជា‌ចារ្យ​របស់​ព្រះ​បាល នៅ​មុខ​អាសនៈ​ទៀត​ផង។ 18លោក​យេហូ‌យ៉ាដា​ចាត់​ចែង​ឲ្យ​ក្រុម​បូជា‌ចារ្យ​លេវី ទទួល​ខុស​ត្រូវ​លើ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​អ្នក​ដែល​ព្រះ‌បាទ​ដាវីឌ​បាន​ចែក​ជា​ក្រុម​ឲ្យ​បំពេញ​មុខងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះ‌អម្ចាស់ ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ។ ព្រះ‌បាទ​ដាវីឌ​ក៏​បាន​បង្គាប់​ឲ្យ​គេ​ច្រៀង​ចម្រៀង​យ៉ាង​សប្បាយ ក្នុង​ឱកាស​នោះ​ដែរ។ 19លោក​យេហូ‌យ៉ាដា​បាន​ដាក់​អ្នក​យាម​ទ្វារ នៅ​តាម​ខ្លោង​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​មិន​បរិសុទ្ធ​ដោយ​ប្រការ​ណា​មួយ​ក្ដី អាច​ចូល​បាន​ឡើយ។
20បន្ទាប់​មក លោក​នាំ​ពួក​មេ​បញ្ជា‌ការ ពួក​អភិ‌ជន ពួក​អ្នក​មុខ​អ្នក​ការ​ក្នុង​ចំណោម​ប្រជា‌ជន និង​ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក មក​ដង្ហែ​ព្រះ‌មហា‌ក្សត្រ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ចូល​វាំង តាម​ខ្លោង​ទ្វារ​ប៉ែក​ខាង​លើ រួច​យាង​ព្រះ‌រាជា​ឡើង​គង់​លើ​បល្ល័ង្ក​រាជ្យ។
21ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​អប‌អរ‌សាទរ ហើយ​ទីក្រុង​ក៏​បាន​សុខ‌សាន្ត។ គេ​បាន​ប្រហារ​ជីវិត​ព្រះ‌នាង​អថា‌លា ដោយ​មុខ​ដាវ។

ទើបបានជ្រើសរើសហើយ៖

២ របាក្សត្រ 23: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល