២ របាក្សត្រ 20:5-12

២ របាក្សត្រ 20:5-12 គខប

ព្រះ‌បាទ​យ៉ូសា‌ផាត​ឈរ​នៅ​កណ្ដាល​ចំណោម​អង្គ​ប្រជុំ​របស់​ជន‌ជាតិ​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ខាង​មុខ​ព្រលាន​ថ្មី។ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង​ខ្ញុំ ព្រះអង្គ​គង់​នៅ​ស្ថាន​បរម‌សុខ ព្រះអង្គ​គ្រប់‌គ្រង​លើ​នគរ​ទាំង​អស់​នៃ​ប្រជា‌ជាតិ​នានា។ ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ចេស្ដា និង​ឫទ្ធា‌នុភាព គ្មាន​នរណា​អាច​តទល់​នឹង​ព្រះអង្គ​បាន​ឡើយ! ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ព្រះអង្គ​បាន​បណ្ដេញ​អ្នក​ស្រុក​នេះ​ចេញ​ពី​មុខ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រម​ទាំង​ប្រទាន​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​លោក​អប្រាហាំ ជា​មិត្ត​របស់​ព្រះអង្គ រហូត​ត​ទៅ។ ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​នេះ ពួក​គេ​បាន​សង់​ទីសក្ការៈ​មួយ​ថ្វាយ​ព្រះ‌នាម​របស់​ព្រះអង្គ ដោយ​ពោល​ថា “ប្រសិន​បើ​មាន​ទុក្ខ​វេទនា សង្គ្រាម ទុក្ខ​ទោស ជំងឺ​រាត​ត្បាត ឬ​ទុរ្ភិក្ស កើត​មាន​ដល់​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​នឹង​មក​ឈរ​នៅ​មុខ​ព្រះ‌ដំណាក់​នេះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ដ្បិត​ព្រះ‌នាម​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់​នេះ។ ក្នុង​ពេល​មាន​អាសន្ន យើង​ខ្ញុំ​នឹង​ទូល‌អង្វរ​សូម​ព្រះអង្គ​ជួយ។ ពេល​នោះ សូម​ទ្រង់​ព្រះ‌សណ្ដាប់​យើង​ខ្ញុំ ហើយ​សង្គ្រោះ​យើង​ខ្ញុំ​ផង”។ ឥឡូវ​នេះ ជន‌ជាតិ​អាំម៉ូន និង​ជន‌ជាតិ​ម៉ូអាប់ ព្រម​ទាំង​អស់​អ្នក​ដែល​រស់​នៅ​ភ្នំ​សៀរ -គឺ​ស្រុក​ដែល​ព្រះអង្គ​ហាម​អ៊ីស្រា‌អែល​មិន​ឲ្យ​ឆ្លង​កាត់ នៅ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប - ប៉ុន្តែ ជន‌ជាតិ​ទាំង​នោះ​បែរ​ជា​សង​គុណ​យើង​ខ្ញុំ ដោយ​លើក​គ្នា​មក​ដេញ​យើង​ខ្ញុំ​ចេញ​ពី​ទឹក​ដី ដែល​ព្រះអង្គ​ប្រទាន​មក​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ជា​កម្មសិទ្ធិ។ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ម្ដេច​ក៏​ព្រះអង្គ​មិន​ដាក់​ទោស​ពួក​គេ? យើង​ខ្ញុំ​គ្មាន​កម្លាំង​តទល់​នឹង​កង‌ទ័ព​យ៉ាង​ធំ ដែល​កំពុង​តែ​លើក​គ្នា​មក​វាយ​យើង​ខ្ញុំ​នេះ​ទេ។ យើង​ខ្ញុំ​ពុំ​ដឹង​ជា​ត្រូវ​ធ្វើ​យ៉ាង​ណា ក្រៅ​ពី​សម្លឹង​ទៅ​រក​ព្រះអង្គ​ប៉ុណ្ណោះ»។