២ របាក្សត្រ 13
13
ព្រះបាទអប៊ីយ៉ាសោយរាជ្យនៅស្រុកយូដា
(១ ពង្សាវតារក្សត្រ ១៥.១-៨)
1នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះបាទយេរ៉ូបោម ព្រះបាទអប៊ីយ៉ាឡើងសោយរាជ្យ នៅស្រុកយូដា។ 2ស្ដេចសោយរាជ្យបានបីឆ្នាំនៅក្រុងយេរូសាឡឹម មាតារបស់ស្ដេចមាននាមថា មីកាយ៉ា ជាកូនរបស់លោកអូរាល អ្នកក្រុងគីបៀរ។ ព្រះបាទអប៊ីយ៉ា និងព្រះបាទយេរ៉ូបោម តែងតែធ្វើសង្គ្រាមជាមួយគ្នាទៅវិញទៅមក។ 3ព្រះបាទអប៊ីយ៉ាបានលើកទ័ពចំនួន ៤០០ ០០០នាក់ ដែលសុទ្ធតែជាទាហានដ៏ពូកែអង់អាចចេញទៅប្រយុទ្ធ ហើយព្រះបាទយេរ៉ូបោមក៏បានលើកទ័ពចំនួន ៨០០ ០០០នាក់ ដែលសុទ្ធតែជាទាហានដ៏ពូកែអង់អាច ចេញមកតទល់វិញដែរ។
4ព្រះបាទអប៊ីយ៉ាបានឡើងទៅឈរនៅលើកំពូលភ្នំសេម៉ារែប ដែលស្ថិតនៅតាមជួរភ្នំអេប្រាអ៊ីម ហើយមានរាជឱង្ការទៅកាន់ព្រះបាទយេរ៉ូបោម និងកងទ័ពអ៊ីស្រាអែលថា៖ «ចូរស្ដាប់យើង! 5អ្នករាល់គ្នាត្រូវដឹងថា ព្រះអម្ចាស់ ជាព្រះនៃអ៊ីស្រាអែល ប្រទានឲ្យព្រះបាទដាវីឌ និងរាជវង្ស សោយរាជ្យលើអាណាចក្រអ៊ីស្រាអែលរហូតតទៅ គឺជាសម្ពន្ធមេត្រី*ដែលមិនអាចប្រែប្រួលបានឡើយ ។ 6ប៉ុន្តែ យេរ៉ូបោម កូនរបស់លោកនេបាត ជាអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន ដែលជាបុត្ររបស់ព្រះបាទដាវីឌ បានក្រោកឡើងបះបោរប្រឆាំងនឹងម្ចាស់របស់ខ្លួន។ 7មនុស្សពាល និងមនុស្សមិនបានការ បានចូលដៃជាមួយស្ដេចយេរ៉ូបោម ហើយពួកគេមានប្រៀបលើព្រះបាទរេហូបោម ជាបុត្ររបស់ព្រះបាទសាឡូម៉ូន។ ព្រះបាទរេហូបោមនៅក្មេងខ្ចី ខ្វះបទពិសោធ ពុំអាចទប់ទល់នឹងពួកគេបានទេ។ 8ឥឡូវនេះ អ្នករាល់គ្នាគិតប្រឆាំងតទល់នឹងរាជអំណាចរបស់ព្រះអម្ចាស់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងនៃកូនចៅរបស់ព្រះបាទដាវីឌទៀត។ អ្នករាល់គ្នាមានកងទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក៏មានរូបកូនគោមាស ដែលស្ដេចយេរ៉ូបោមបានសិតធ្វើជាព្រះឲ្យអ្នករាល់គ្នាគោរពបម្រើ នៅជាមួយដែរ។ 9អ្នករាល់គ្នាបានបណ្ដេញពួកបូជាចារ្យ*របស់ព្រះអម្ចាស់ ជាពូជពង្សរបស់លោកអើរ៉ុន និងពួកលេវីចេញ រួចជ្រើសរើសបូជាចារ្យតាមរបៀបសាសន៍ដទៃ គឺឲ្យតែនរណាយកគោបាមួយ និងចៀមឈ្មោលប្រាំពីរមក នោះគេមុខតែបានទទួលការតែងតាំងជាបូជាចារ្យនៃវត្ថុដែលមិនមែនជាព្រះ។ 10រីឯពួកយើងវិញ ព្រះអម្ចាស់ជាព្រះរបស់យើង ហើយយើងមិនបោះបង់ចោលព្រះអង្គឡើយ។ ពួកបូជាចារ្យដែលបំពេញមុខងារបម្រើព្រះអម្ចាស់ សុទ្ធតែជាកូនចៅរបស់លោកអើរ៉ុន ហើយក៏មានពួកលេវីបំពេញមុខងាររបស់ខ្លួនដែរ។ 11ពួកគេថ្វាយតង្វាយដុតទាំងមូល* និងគ្រឿងក្រអូប ចំពោះព្រះអម្ចាស់ រាល់ព្រឹក រាល់ល្ងាច។ ពួកគេក៏តម្កល់នំបុ័ងនៅលើតុដ៏បរិសុទ្ធ ព្រមទាំងអុជចង្កៀងដែលស្ថិតនៅលើជើងចង្កៀងមាសជារៀងរាល់ល្ងាច។ ពួកយើងប្រណិប័តន៍តាមសេចក្ដីដែលព្រះអម្ចាស់ ជាព្រះនៃយើងបានបង្គាប់។ ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នាបោះបង់ចោលព្រះអង្គ។ 12មើលចុះ ព្រះជាម្ចាស់ និងពួកបូជាចារ្យរបស់ព្រះអង្គស្ថិតនៅជាមួយពួកយើង ហើយនាំមុខពួកយើង។ ពួកបូជាចារ្យត្រៀមខ្លួននឹងផ្លុំត្រែ ដើម្បីប្រកាសវាយលុកអ្នករាល់គ្នា។ កូនចៅអ៊ីស្រាអែលអើយ! ចូរកុំធ្វើសឹកទល់នឹងព្រះអម្ចាស់ ជាព្រះនៃដូនតារបស់អ្នករាល់គ្នាឡើយ ដ្បិតអ្នករាល់គ្នាពុំអាចឈ្នះជាដាច់ខាត!»។
13ព្រះបាទយេរ៉ូបោមបានចាត់ទ័ពខ្លះឲ្យវាងទៅបង្កប់ខ្លួននៅខាងក្រោយទ័ពយូដា ដូច្នេះ មានកងទ័ពអ៊ីស្រាអែលស្ថិតនៅពីមុខកងទ័ពយូដាផង ហើយក៏មានទ័ពបង្កប់នៅខាងក្រោយកងទ័ពយូដាដែរ។ 14កាលកងទ័ពយូដាក្រឡេកមើលទៅ ឃើញមានទ័ពនៅពីមុខផង ពីក្រោយផង ដូច្នេះ ពួកគេស្រែកអង្វរព្រះអម្ចាស់ ហើយពួកបូជាចារ្យក៏ផ្លុំត្រែឡើងដែរ។ 15កងទ័ពយូដាបន្លឺជយឃោស ហើយនៅពេលដែលកងទ័ពយូដាស្រែកឡើង ព្រះអម្ចាស់បានវាយប្រហារព្រះបាទយេរ៉ូបោម និងកងទ័ពអ៊ីស្រាអែល នៅមុខព្រះបាទអប៊ីយ៉ា និងកងទ័ពយូដា។ 16ទាហានអ៊ីស្រាអែលបាក់ទ័ពរត់នៅចំពោះមុខកងទ័ពយូដា ព្រះជាម្ចាស់បានប្រគល់ពួកគេក្នុងកណ្ដាប់ដៃរបស់កងទ័ពយូដា។ 17ព្រះបាទអប៊ីយ៉ា និងកងទ័ពយូដា ធ្វើឲ្យអ៊ីស្រាអែលបរាជ័យយ៉ាងធ្ងន់ គឺគេបានប្រហារទាហានដ៏ពូកែនៃកងទ័ពអ៊ីស្រាអែល អស់ ៥០០ ០០០នាក់។ 18នៅគ្រានោះ កូនចៅអ៊ីស្រាអែលត្រូវអាម៉ាស់យ៉ាងខ្លាំង រីឯកូនចៅយូដាវិញ ពួកគេបានទទួលជោគជ័យ ព្រោះពួកគេពឹងផ្អែកលើព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ខ្លួន។
19ព្រះបាទអប៊ីយ៉ាដេញតាមព្រះបាទយេរ៉ូបោម ហើយដណ្ដើមយកបានក្រុងខ្លះពីព្រះបាទយេរ៉ូបោម គឺក្រុងបេតអែល និងស្រុកភូមិនៅជុំវិញ ក្រុងយេសាណា និងស្រុកភូមិនៅជុំវិញ ក្រុងអេប្រុន និងស្រុកភូមិនៅជុំវិញ។
20ក្នុងរជ្ជកាលរបស់ព្រះបាទអប៊ីយ៉ា ព្រះបាទយេរ៉ូបោមចុះទន់ខ្សោយ ហើយបន្ទាប់មកព្រះអម្ចាស់បានប្រហារស្ដេចឲ្យសោយទិវង្គតទៅ។ 21ផ្ទុយទៅវិញ ព្រះបាទអប៊ីយ៉ាពង្រឹងអំណាចយ៉ាងរឹងមាំ។ ស្ដេចមានមហេសីដប់បួនអង្គ មានបុត្រាម្ភៃពីរអង្គ និងបុត្រីដប់ប្រាំមួយអង្គ។
22រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអប៊ីយ៉ា គឺអ្វីៗដែលស្ដេចបានធ្វើ និងរាជឱង្ការដែលស្ដេចបានថ្លែង សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅអត្ថាធិប្បាយរបស់ព្យាការីអ៊ីដោ។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ 13: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.