២ របាក្សត្រ 10:1-15

២ របាក្សត្រ 10:1-15 គខប

សម្ដេច​រេហូ‌បោម​យាង​ទៅ​ស៊ី‌គែម ដ្បិត​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​បាន​ជួប‌ជុំ​គ្នា​នៅ​ទី​នោះ ដើម្បី​អភិ‌សេក​សម្ដេច​ជា​ព្រះ‌មហា‌ក្សត្រ។ កាល​លោក​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ឮ​ដំណឹង​នេះ លោក​ស្ថិត​នៅ​ស្រុក​អេស៊ីប ព្រោះ​លោក​បាន​គេច​ខ្លួន​ពី​ព្រះ‌បាទ​សាឡូម៉ូន។ លោក​ក៏​វិល​ត្រឡប់​ពី​ស្រុក​អេស៊ីប​មក​វិញ។ ពេល​នោះ គេ​បាន​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​លោក​យេរ៉ូ‌បោម​មក​ដែរ។ លោក​យេរ៉ូ‌បោម និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​មក​ជួប‌ជុំ​គ្នា ពួក​គេ​ទូល​ព្រះ‌បាទ​រេហូ‌បោម​ថា៖ «បិតា​របស់​ព្រះ‌ករុណា​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​យើង​ខ្ញុំ។ ឥឡូវ​នេះ សូម​ព្រះ‌ករុណា​មេត្តា​សម្រាល​នឹម​ដ៏​ធ្ងន់ ដែល​បិតា​របស់​ព្រះ‌ករុណា​បាន​ដាក់​លើ​យើង​ខ្ញុំ​ផង នោះ​យើង​ខ្ញុំ​នឹង​បម្រើ​ព្រះ‌ករុណា»។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ត្រឡប់​ទៅ​សិន​ចុះ ចាំ​បី​ថ្ងៃ​ទៀត សឹម​វិល​មក​ជួប​យើង​វិញ»។ ប្រជា‌ជន​ក៏​នាំ​គ្នា​ចាក​ចេញ​ទៅ។ ព្រះ‌បាទ​រេហូ‌បោម​បាន​ពិភាក្សា​ជា​មួយ​ក្រុម​ព្រឹទ្ធា‌ចារ្យ ដែល​ជា​ទី​ប្រឹក្សា​របស់​ព្រះ‌បាទ​សាឡូម៉ូន ជា​បិតា ក្នុង​គ្រា​ដែល​ស្ដេច​នៅ​មាន​ព្រះ‌ជន្ម​នៅ​ឡើយ ដោយ​សួរ​ថា៖ «តាម​យោបល់​របស់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​យ៉ាង​ដូច​ម្ដេច​ចំពោះ​ប្រជា‌ជន​នេះ?»។ អស់​លោក​ព្រឹទ្ធា‌ចារ្យ​ទូល​វិញ​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​មាន​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​ប្រជា‌ជន​នេះ ប្រសិន​បើ​ព្រះ‌ករុណា​សន្ដោស​មេត្តា​ដល់​ពួក​គេ ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​ដោយ​ទន់‌ភ្លន់ នោះ​ពួក​គេ​នឹង​បម្រើ​ព្រះ‌ករុណា​រហូត​ត​ទៅ»។ ប៉ុន្តែ ព្រះ‌បាទ​រេហូ‌បោម​មិន​រវី‌រវល់​នឹង​យោបល់​របស់​អស់​លោក​ព្រឹទ្ធា‌ចារ្យ​ទេ ទ្រង់​បែរ​ជា​សួរ​យោបល់​ពី​ពួក​មន្ត្រី​ជំនិត ដែល​ធ្លាប់​នៅ​ជា​មួយ​ស្ដេច​តាំង​ពី​កុមារ​មក។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​ពួក​គេ​ថា៖ «ប្រជា‌ជន​សុំ​ឲ្យ​យើង​សម្រាល​នឹម ដែល​បិតា​របស់​យើង​បាន​ដាក់​លើ​ពួក​គេ។ តើ​អស់​លោក​មាន​យោបល់​ណា? តាម​យោបល់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​នឹង​ប្រជា‌ជន​នេះ​យ៉ាង​ដូច​ម្ដេច?»។ មន្ត្រី​ជំនិត​ដែល​ធ្លាប់​នៅ​ជា​មួយ​ស្ដេច​តាំង​ពី​កុមារ​មក ទូល​ស្ដេច​ថា៖ «សូម​ព្រះ‌ករុណា​ប្រាប់​ប្រជា‌ជន ដែល​មក​សុំ​ឲ្យ​ព្រះ‌ករុណា​សម្រាល​នឹម​បិតា​របស់​ព្រះ‌ករុណា​នោះ​វិញ​ថា “កូន​ដៃ​របស់​យើង​មាន​កម្លាំង​ជាង​ដៃ ​របស់​បិតា​យើង​ទៅ​ទៀត។ បិតា​របស់​យើង​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​នឹម​នេះ​រឹត​តែ​ធ្ងន់​ថែម​ទៀត។ បិតា​យើង​ប្រដៅ​អ្នក​រាល់​គ្នា​ដោយ​ប្រើ​រំពាត់ រីឯ​យើង យើង​នឹង​ប្រដៅ​អ្នក​រាល់​គ្នា​ដោយ​ប្រើ​ខ្យា‌ដំរី”»។ លុះ​ដល់​ថ្ងៃ​ទី​បី លោក​យេរ៉ូ‌បោម និង​ប្រជា‌ជន​ទាំង​មូល​ចូល​មក​គាល់​ព្រះ‌បាទ​រេហូ‌បោម តាម​ពេល​ដែល​ស្ដេច​បាន​កំណត់​ថា៖ «ចាំ​បី​ថ្ងៃ​ទៀត សឹម​វិល​ត្រឡប់​មក​ជួប​យើង​វិញ»។ ព្រះ‌បាទ​រេហូ‌បោម​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​គេ​យ៉ាង​តឹង‌រ៉ឹង គឺ​ស្ដេច​មិន​រវី‌រវល់​នឹង​យោបល់​របស់​ក្រុម​ព្រឹទ្ធា‌ចារ្យ​ទេ។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជា‌ជន តាម​យោបល់​របស់​មន្ត្រី​ក្មេងៗ​ថា៖ «បិតា​យើង​បាន​ផ្ទុក​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​នឹម​នេះ​រឹត​តែ​ធ្ងន់​ថែម​ទៀត។ បិតា​របស់​យើង​ប្រដៅ​អ្នក​រាល់​គ្នា ដោយ​ប្រើ​រំពាត់ រីឯ​យើង យើង​នឹង​ប្រដៅ​អ្នក​រាល់​គ្នា ដោយ​ប្រើ​ខ្យា‌ដំរី»។ ស្ដេច​មិន​ព្រម​ស្ដាប់​តាម​សំណូម​ពរ​របស់​ប្រជា‌ជន​ទេ ដ្បិត​ព្រះ‌អម្ចាស់​បណ្ដោយ​ឲ្យ​មាន​សភាព‌ការណ៍​ប្រែ‌ប្រួល​ដូច្នេះ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​ថ្លែង​មក​កាន់​លោក​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត តាម​រយៈ​ព្យាការី​អហ៊ី‌យ៉ា​នៅ​ស៊ីឡូ ។