២ របាក្សត្រ 1:1-13

២ របាក្សត្រ 1:1-13 គខប

ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ មាន​អំណាច​កាន់​តែ​រឹង‌មាំ​ឡើង។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច គង់​នៅ​ជា​មួយ ហើយ​ប្រោស​ប្រទាន​ឲ្យ​ស្ដេច​បាន​ខ្ពង់‌ខ្ពស់​ថ្កុំ‌ថ្កើង​បំផុត។ ព្រះ‌បាទ​សាឡូម៉ូន​កោះ​ហៅ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ពួក​មេ​កង មេ​ក្រុម ចៅ‌ក្រម អ្នក​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ និង​មេ​ក្រុម​គ្រួសារ។ ព្រះ‌បាទ​សាឡូម៉ូន និង​អង្គ​ប្រជុំ​ទាំង​មូល នាំ​គ្នា​ទៅ​កាន់​កន្លែង​សក្ការៈ​ទួល​ខ្ពស់​នៅ​គីបៀន ដ្បិត​ព្រះ‌ពន្លា​ជួប​ព្រះ‌ជាម្ចាស់ ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ បាន​សង់​នៅ​វាល​រហោ‌ស្ថាន ស្ថិត​នៅ​ទី​នោះ។ រីឯ​ហិប​របស់​ព្រះ‌ជាម្ចាស់ ព្រះ‌បាទ​ដាវីឌ​ដង្ហែ​ពី​ក្រុង​គាយ៉ាត់-‌យារីម មក​តម្កល់​នៅ​កន្លែង​ដែល​ស្ដេច​ត្រៀម​ទុក ក្នុង​ពន្លា​នៅ​ក្រុង​យេរូ‌សាឡឹម។ អាសនៈ​លង្ហិន​ដែល​លោក​បេតសា‌លាល ជា​កូន​របស់​លោក​យូរី និង​ជា​ចៅ​របស់​លោក​ហើរ បាន​ធ្វើ ក៏​ស្ថិត​នៅ​មុខ​ព្រះ‌ពន្លា​នៅ​គីបៀន​ដែរ។ នៅ​ទី​នោះ ព្រះ‌បាទ​សាឡូម៉ូន និង​អង្គ​ប្រជុំ​ទាំង​មូល នាំ​គ្នា​ទូល​សួរ​ព្រះ‌អម្ចាស់។ ព្រះ‌បាទ​សាឡូម៉ូន​ឡើង​ទៅ​កាន់​អាសនៈ​លង្ហិន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​ពន្លា​ជួប​ជា​មួយ​ព្រះអង្គ ហើយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំនួន​មួយ​ពាន់។ នៅ​យប់​នោះ ព្រះ‌អម្ចាស់​បាន​សម្តែង​ឲ្យ​ព្រះ‌បាទ​សាឡូម៉ូន​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​ចង់​បាន​អ្វី ចូរ​សុំ​មក​ចុះ យើង​នឹង​ប្រគល់​ឲ្យ»។ ព្រះ‌បាទ​សាឡូម៉ូន​ទូល​ព្រះ‌ជាម្ចាស់​វិញ​ថា៖ «ព្រះអង្គ​បាន​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ធំ‌ធេង​ចំពោះ​ព្រះ‌បាទ​ដាវីឌ​ជា​បិតា​របស់​ទូលបង្គំ ហើយ​ព្រះអង្គ​ក៏​ឲ្យ​ទូលបង្គំ​ឡើង​គ្រង​រាជ្យ​ត​ពី​បិតា​ទៀត។ បពិត្រ​ព្រះ‌ជាម្ចាស់ ឥឡូវ​នេះ ព្រះអង្គ​សម្រេច​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ចំពោះ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ​ហើយ ដ្បិត​ព្រះអង្គ​បាន​តែង‌តាំង​ទូលបង្គំ​ឲ្យ​គ្រង​រាជ្យ​លើ​ប្រជា‌ជន​ដ៏​ច្រើន​ឥត​គណនា ដូច​ធូលី។ សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង ដើម្បី​ឲ្យ​ទូលបង្គំ​ចេះ​ដឹក​នាំ​ប្រជា‌រាស្ត្រ​នេះ។ បើ​មិន​ដូច្នោះ​ទេ តើ​នរណា​អាច​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​ដ៏​ច្រើន​របស់​ព្រះអង្គ​បាន?»។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​សាឡូម៉ូន​ថា៖ «អ្នក​មិន​បាន​ទូល​សូម​ឲ្យ​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភ ភាព​ថ្កុំ‌ថ្កើង​រុងរឿង ឬ​ឲ្យ​បច្ចា‌មិត្ត​របស់​អ្នក​ត្រូវ​ស្លាប់ ហើយ​ក៏​មិន​បាន​ទូល​សូម​ឲ្យ​មាន​អាយុ​វែង​ដែរ តែ​អ្នក​ទូល​សូម​ឲ្យ​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង ដើម្បី​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ ដែល​យើង​បាន​តែង‌តាំង​អ្នក​ឲ្យ​គ្រង​រាជ្យ​លើ​ពួក​គេ។ ដោយ​អ្នក​មាន​បំណង​ដូច្នេះ យើង​ឲ្យ​អ្នក​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង។ លើស​ពី​នេះ យើង​ក៏​ផ្ដល់​ឲ្យ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភ ភាព​ថ្កុំ‌ថ្កើង​រុងរឿង គ្មាន​ស្ដេច​ណា​ម្នាក់​អាច​ប្រៀប​ស្មើ​នឹង​អ្នក​បាន​ឡើយ ទោះ​បី​ពី​មុន​ក្ដី ឬ​ទៅ​អនាគត​ក្ដី»។ ព្រះ‌បាទ​សាឡូម៉ូន​យាង​ពី​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ នៅ​គីបៀន គឺ​ត្រង់​ពន្លា​ជួប​ព្រះ‌អម្ចាស់ វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល។