ព្រះបាទសាឡូម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌ មានអំណាចកាន់តែរឹងមាំឡើង។ ព្រះអម្ចាស់ ជាព្រះរបស់ស្ដេច គង់នៅជាមួយ ហើយប្រោសប្រទានឲ្យស្ដេចបានខ្ពង់ខ្ពស់ថ្កុំថ្កើងបំផុត។ ព្រះបាទសាឡូម៉ូនកោះហៅជនជាតិអ៊ីស្រាអែលទាំងមូល ពួកមេកង មេក្រុម ចៅក្រម អ្នកដឹកនាំជនជាតិអ៊ីស្រាអែលទាំងអស់ និងមេក្រុមគ្រួសារ។ ព្រះបាទសាឡូម៉ូន និងអង្គប្រជុំទាំងមូល នាំគ្នាទៅកាន់កន្លែងសក្ការៈទួលខ្ពស់នៅគីបៀន ដ្បិតព្រះពន្លាជួបព្រះជាម្ចាស់ ដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ បានសង់នៅវាលរហោស្ថាន ស្ថិតនៅទីនោះ។ រីឯហិបរបស់ព្រះជាម្ចាស់ ព្រះបាទដាវីឌដង្ហែពីក្រុងគាយ៉ាត់-យារីម មកតម្កល់នៅកន្លែងដែលស្ដេចត្រៀមទុក ក្នុងពន្លានៅក្រុងយេរូសាឡឹម។ អាសនៈលង្ហិនដែលលោកបេតសាលាល ជាកូនរបស់លោកយូរី និងជាចៅរបស់លោកហើរ បានធ្វើ ក៏ស្ថិតនៅមុខព្រះពន្លានៅគីបៀនដែរ។ នៅទីនោះ ព្រះបាទសាឡូម៉ូន និងអង្គប្រជុំទាំងមូល នាំគ្នាទូលសួរព្រះអម្ចាស់។ ព្រះបាទសាឡូម៉ូនឡើងទៅកាន់អាសនៈលង្ហិន នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់ពន្លាជួបជាមួយព្រះអង្គ ហើយថ្វាយតង្វាយដុតទាំងមូលចំនួនមួយពាន់។ នៅយប់នោះ ព្រះអម្ចាស់បានសម្តែងឲ្យព្រះបាទសាឡូម៉ូនឃើញ ហើយមានព្រះបន្ទូលថា៖ «បើអ្នកចង់បានអ្វី ចូរសុំមកចុះ យើងនឹងប្រគល់ឲ្យ»។ ព្រះបាទសាឡូម៉ូនទូលព្រះជាម្ចាស់វិញថា៖ «ព្រះអង្គបានសម្តែងព្រះហឫទ័យមេត្តាករុណាដ៏ធំធេងចំពោះព្រះបាទដាវីឌជាបិតារបស់ទូលបង្គំ ហើយព្រះអង្គក៏ឲ្យទូលបង្គំឡើងគ្រងរាជ្យតពីបិតាទៀត។ បពិត្រព្រះជាម្ចាស់ ឥឡូវនេះ ព្រះអង្គសម្រេចព្រះបន្ទូលដែលព្រះអង្គបានសន្យាចំពោះព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំហើយ ដ្បិតព្រះអង្គបានតែងតាំងទូលបង្គំឲ្យគ្រងរាជ្យលើប្រជាជនដ៏ច្រើនឥតគណនា ដូចធូលី។ សូមប្រោសប្រទានឲ្យទូលបង្គំមានប្រាជ្ញា និងការយល់ដឹង ដើម្បីឲ្យទូលបង្គំចេះដឹកនាំប្រជារាស្ត្រនេះ។ បើមិនដូច្នោះទេ តើនរណាអាចគ្រប់គ្រងលើប្រជារាស្ត្រដ៏ច្រើនរបស់ព្រះអង្គបាន?»។ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទសាឡូម៉ូនថា៖ «អ្នកមិនបានទូលសូមឲ្យមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ភាពថ្កុំថ្កើងរុងរឿង ឬឲ្យបច្ចាមិត្តរបស់អ្នកត្រូវស្លាប់ ហើយក៏មិនបានទូលសូមឲ្យមានអាយុវែងដែរ តែអ្នកទូលសូមឲ្យមានប្រាជ្ញា និងការយល់ដឹង ដើម្បីគ្រប់គ្រងលើប្រជារាស្ត្រ ដែលយើងបានតែងតាំងអ្នកឲ្យគ្រងរាជ្យលើពួកគេ។ ដោយអ្នកមានបំណងដូច្នេះ យើងឲ្យអ្នកមានប្រាជ្ញា និងការយល់ដឹង។ លើសពីនេះ យើងក៏ផ្ដល់ឲ្យអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ភាពថ្កុំថ្កើងរុងរឿង គ្មានស្ដេចណាម្នាក់អាចប្រៀបស្មើនឹងអ្នកបានឡើយ ទោះបីពីមុនក្ដី ឬទៅអនាគតក្ដី»។ ព្រះបាទសាឡូម៉ូនយាងពីកន្លែងសក្ការៈតាមទួលខ្ពស់ នៅគីបៀន គឺត្រង់ពន្លាជួបព្រះអម្ចាស់ វិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ហើយគ្រងរាជ្យលើស្រុកអ៊ីស្រាអែល។
អាន ២ របាក្សត្រ 1
ស្ដាប់នូវ ២ របាក្សត្រ 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ របាក្សត្រ 1:1-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ