បើអ្នកយកសេចក្ដីទាំងនេះទៅពន្យល់បងប្អូន នោះអ្នកពិតជាបម្រើព្រះគ្រិស្តយេស៊ូយ៉ាងល្អប្រសើរ ស្របតាមការអប់រំអំពីជំនឿ និងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ដែលអ្នកបានខិតខំរៀនយ៉ាងដិតដល់នោះមែន។ កុំរវីរវល់នឹងរឿងព្រេងដ៏ឥតខ្លឹមសាររបស់យាយចាស់ៗឡើយ តែត្រូវហាត់គោរពប្រណិប័តន៍ព្រះជាម្ចាស់វិញ។ ការហាត់ប្រាណមានប្រយោជន៍តែបន្ដិចបន្តួចប៉ុណ្ណោះ រីឯការគោរពប្រណិប័តន៍ព្រះជាម្ចាស់វិញ មានប្រយោជន៍គ្រប់ចំពូកទាំងអស់ ហើយផ្ដល់ជីវិតនាបច្ចុប្បន្នកាល និងជីវិតទៅអនាគតកាល តាមព្រះបន្ទូលសន្យា។ ពាក្យដូចតទៅនេះគួរឲ្យជឿ សមនឹងទទួលយកទាំងស្រុង គឺថា: យើងធ្វើការនឿយហត់ យើងខំប្រឹងតយុទ្ធ មកពីយើងសង្ឃឹមលើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ព្រះអង្គជាព្រះសង្គ្រោះរបស់មនុស្សលោកទាំងអស់ ជាពិសេសរបស់អ្នកជឿ។ អ្នកត្រូវដាស់តឿន និងបង្រៀនសេចក្ដីទាំងនេះ។ កុំបណ្ដោយឲ្យនរណាមើលងាយអ្នក ព្រោះអ្នកនៅក្មេង ផ្ទុយទៅវិញ ក្នុងការនិយាយស្ដីក្ដី កិរិយាមារយាទក្ដី ចិត្តស្រឡាញ់ក្ដី ជំនឿក្ដី និងចិត្តបរិសុទ្ធក្ដី ត្រូវធ្វើជាគំរូដល់អស់អ្នកជឿ។ ចូរឧស្សាហ៍អានគម្ពីរ ឧស្សាហ៍ដាស់តឿន និងបង្រៀនបងប្អូនកុំខាន ទម្រាំខ្ញុំមកដល់។ កុំធ្វេសប្រហែសនឹងព្រះអំណោយទានដែលស្ថិតនៅក្នុងអ្នក គឺជាព្រះអំណោយទាន ដែលអ្នកបានទទួល ដោយពាក្យដែលគេបានថ្លែងប្រាប់ក្នុងនាមព្រះអម្ចាស់ និងដោយក្រុមព្រឹទ្ធាចារ្យ*បានដាក់ដៃ*លើ ត្រូវយកចិត្តទុកដាក់បំពេញមុខងារនេះ និងព្យាយាមតទៅមុខទៀត ដើម្បីឲ្យគ្រប់គ្នាឃើញថា អ្នកពិតជាបានចម្រើនឡើងមែន។ ត្រូវប្រយ័ត្នប្រយែងលើខ្លួនឯង ប្រយ័ត្នប្រយែងនឹងសេចក្ដីដែលអ្នកបង្រៀន ដោយព្យាយាមធ្វើដូច្នេះ អ្នកនឹងសង្គ្រោះទាំងខ្លួនអ្នកផង ទាំងបងប្អូនដែលស្ដាប់អ្នកផង។
អាន ១ ធីម៉ូថេ 4
ស្ដាប់នូវ ១ ធីម៉ូថេ 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ធីម៉ូថេ 4:6-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ