១ ធីម៉ូថេ 4:6-16

១ ធីម៉ូថេ 4:6-16 គខប

បើ​អ្នក​យក​សេចក្ដី​ទាំង​នេះ​ទៅ​ពន្យល់​បងប្អូន នោះ​អ្នក​ពិត​ជា​បម្រើ​ព្រះគ្រិស្ត‌យេស៊ូ​យ៉ាង​ល្អ​ប្រសើរ ស្រប​តាម​ការ​អប់រំ​អំពី​ជំនឿ និង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ ដែល​អ្នក​បាន​ខិត‌ខំ​រៀន​យ៉ាង​ដិត​ដល់​នោះ​មែន។ កុំ​រវី‌រវល់​នឹង​រឿង​ព្រេង​ដ៏​ឥត​ខ្លឹម‌សារ​របស់​យាយ​ចាស់ៗ​ឡើយ តែ​ត្រូវ​ហាត់​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​វិញ។ ការ​ហាត់​ប្រាណ​មាន​ប្រយោជន៍​តែ​បន្ដិច‌បន្តួច​ប៉ុណ្ណោះ រីឯ​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​វិញ មាន​ប្រយោជន៍​គ្រប់​ចំពូក​ទាំង​អស់ ហើយ​ផ្ដល់​ជីវិត​នា​បច្ចុប្បន្ន​កាល និង​ជីវិត​ទៅ​អនាគត​កាល តាម​ព្រះ‌បន្ទូល​សន្យា។ ពាក្យ​ដូច​ត​ទៅ​នេះ​គួរ​ឲ្យ​ជឿ សម​នឹង​ទទួល​យក​ទាំង​ស្រុង គឺ​ថា: យើង​ធ្វើ​ការ​នឿយ‌ហត់ យើង​ខំ​ប្រឹង​តយុទ្ធ មក​ពី​យើង​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់ ព្រះអង្គ​ជា​ព្រះ‌សង្គ្រោះ​របស់​មនុស្ស​លោក​ទាំង​អស់ ជា​ពិសេស​របស់​អ្នក​ជឿ។ អ្នក​ត្រូវ​ដាស់‌តឿន និង​បង្រៀន​សេចក្ដី​ទាំង​នេះ។ កុំ​បណ្ដោយ​ឲ្យ​នរណា​មើល‌ងាយ​អ្នក ព្រោះ​អ្នក​នៅ​ក្មេង ផ្ទុយ​ទៅ​វិញ ក្នុង​ការ​និយាយ​ស្ដី​ក្ដី កិរិយា​មារយាទ​ក្ដី ចិត្ត​ស្រឡាញ់​ក្ដី ជំនឿ​ក្ដី និង​ចិត្ត​បរិសុទ្ធ​ក្ដី ត្រូវ​ធ្វើ​ជា​គំរូ​ដល់​អស់​អ្នក​ជឿ។ ចូរ​ឧស្សាហ៍​អាន​គម្ពីរ ឧស្សាហ៍​ដាស់‌តឿន និង​បង្រៀន​បងប្អូន​កុំ​ខាន ទម្រាំ​ខ្ញុំ​មក​ដល់។ កុំ​ធ្វេស‌ប្រហែស​នឹង​ព្រះ‌អំណោយ​ទាន​ដែល​ស្ថិត​នៅ​ក្នុង​អ្នក គឺ​ជា​ព្រះ‌អំណោយ​ទាន ដែល​អ្នក​បាន​ទទួល ដោយ​ពាក្យ​ដែល​គេ​បាន​ថ្លែង​ប្រាប់​ក្នុង​នាម​ព្រះ‌អម្ចាស់ និង​ដោយ​ក្រុម​ព្រឹទ្ធា‌ចារ្យ*​បាន​ដាក់​ដៃ*​លើ ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំពេញ​មុខងារ​នេះ និង​ព្យាយាម​ត​ទៅ​មុខ​ទៀត ដើម្បី​ឲ្យ​គ្រប់​គ្នា​ឃើញ​ថា អ្នក​ពិត​ជា​បាន​ចម្រើន​ឡើង​មែន។ ត្រូវ​ប្រយ័ត្ន‌ប្រយែង​លើ​ខ្លួន​ឯង ប្រយ័ត្ន‌ប្រយែង​នឹង​សេចក្ដី​ដែល​អ្នក​បង្រៀន ដោយ​ព្យាយាម​ធ្វើ​ដូច្នេះ អ្នក​នឹង​សង្គ្រោះ​ទាំង​ខ្លួន​អ្នក​ផង ទាំង​បងប្អូន​ដែល​ស្ដាប់​អ្នក​ផង។