១ ថេស្សាឡូនិក 5:1-10

១ ថេស្សាឡូនិក 5:1-10 គខប

ចំពោះ​ពេល​វេលា និង​ពេល​កំណត់​នោះ យើង​មិន​បាច់​សរសេរ​មក​ប្រាប់​បងប្អូន​ទេ ដ្បិត​បងប្អូន​ផ្ទាល់​ជ្រាប​ច្បាស់​ហើយ​ថា ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​យាង​មក ប្រៀប​បី​ដូច​ជា​ចោរ​ចូល​លួច​នៅ​ពេល​យប់។ ពេល​ណា​មនុស្ស‌ម្នា​ពោល​ថា “មាន​សន្តិ‌ភាព​ហើយ! មាន​សន្តិ‌សុខ​ហើយ!” ពេល​នោះ មហន្ត‌រាយ​នឹង​កើត​មាន​ដល់​គេ​មួយ​រំពេច ពុំ​អាច​គេច​ផុត​បាន​ឡើយ គឺ​ប្រៀប​បី​ដូច​ជា​ស្ត្រី​ឈឺ​ផ្ទៃ​មុន​សម្រាល​កូន​ដែរ។ រីឯ​បងប្អូន​វិញ បងប្អូន​អើយ បងប្អូន​មិន​មែន​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត បណ្ដោយ​ឲ្យ​ថ្ងៃ​នោះ​មក​ដល់ ដោយ​មិន​ដឹង​ខ្លួន ដូច​ជា​ពេល​ចោរ​ចូល​លួច​នោះ​ឡើយ។ បងប្អូន​ទាំង​អស់​គ្នា​មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន មាន​ថ្ងៃ​នៅ​ក្នុង​ខ្លួន យើង​មិន​មែន​រស់​នៅ​ក្នុង​យប់​អន្ធការ និង​ក្នុង​សេចក្ដី​ងងឹត​ទេ។ ហេតុ​នេះ យើង​មិន​ត្រូវ​ដេក​លក់​ដូច​អ្នក​ឯ​ទៀតៗ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ប្រុង​ស្មារតី ហើយ​ភ្ញាក់​ខ្លួន​ជានិច្ច។ អស់​អ្នក​ដែល​ដេក​លក់​តែង​ដេក​លក់​នៅ​ពេល​យប់ ហើយ​អស់​អ្នក​ស្រវឹង​ស្រា​ក៏​តែង​ស្រវឹង​នៅ​ពេល​យប់​ដែរ។ រីឯ​យើង​ដែល​មាន​ថ្ងៃ​នៅ​ក្នុង​ខ្លួន​វិញ យើង​ត្រូវ​ភ្ញាក់​ខ្លួន​ដោយ​យក​ជំនឿ និង​សេចក្ដី​ស្រឡាញ់​មក​ពាក់​ធ្វើ​ជា​អាវ‌ក្រោះ ព្រម​ទាំង​យក​សេចក្ដី​សង្ឃឹម​លើ​ការ​សង្គ្រោះ មក​ពាក់​ធ្វើ​ជា​មួក​ដែក ដ្បិត​ព្រះ‌ជាម្ចាស់​មិន​បាន​តម្រូវ​ឲ្យ​យើង​ទទួល​ទោស​ឡើយ គឺ​ព្រះអង្គ​ឲ្យ​យើង​ទទួល​ការ​សង្គ្រោះ ដោយ‌សារ​ព្រះ‌យេស៊ូ‌គ្រិស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង បាន​សោយ​ទិវង្គត​សម្រាប់​យើង ដើម្បី​ឲ្យ​យើង​រស់​រួម​ជា​មួយ​ព្រះអង្គ ទោះ​បី​យើង​នៅ​រស់​ក្ដី ស្លាប់​ក្ដី ។