១ ថេស្សាឡូនិក 4:1-12

១ ថេស្សាឡូនិក 4:1-12 គខប

បងប្អូន​អើយ បងប្អូន​បាន​រៀន​ពី​យើង​អំពី​របៀប​រស់​នៅ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ហើយ​បាន​ប្រព្រឹត្ត​តាម​ទៀត​ផង។ ដូច្នេះ នៅ​ទី​បំផុត យើង​សូម​អង្វរ និង​សូម​ដាស់​តឿន​បងប្អូន ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូ​ថា សូម​ឲ្យ​បងប្អូន​បាន​ប្រសើរ​លើស​នេះ​ទៅ​ទៀត! បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា យើង​បាន​ទូន្មាន​បងប្អូន​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូ​យ៉ាង​ណា។ ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ គឺ​ឲ្យ​បងប្អូន​បាន​វិសុទ្ធ* ឲ្យ​បងប្អូន​ចៀស​វាង​អំពើ​ប្រាស​ចាក​សីលធម៌។ ម្នាក់ៗ​ត្រូវ​ចេះ​រួម​រស់​ជា​មួយ​ភរិយា របស់​ខ្លួន ដោយ​វិសុទ្ធ និង​ថ្លៃ‌ថ្នូរ ឥត​បណ្ដោយ​ខ្លួន​ទៅ​តាម​ចំណង់​តណ្ហា ដូច​សាសន៍​ដទៃ ដែល​មិន​ស្គាល់​ព្រះ‌ជាម្ចាស់​នោះ​ឡើយ។ មិន​ត្រូវ​ឲ្យ​បងប្អូន​ណា​ម្នាក់​ប្រព្រឹត្ត​អ្វី​ខុស​ចំពោះ​បងប្អូន​ឯ​ទៀតៗ ឬ​រំលោភ​លើ​សិទ្ធិ​គេ​ក្នុង​រឿង​នេះ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ដាក់​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ដូច​យើង​បាន​និយាយ និង​បញ្ជាក់​រួច​ស្រេច​ហើយ។ ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ​យើង​មក មិន​មែន​ឲ្យ​រស់​នៅ​ក្នុង​អំពើ​ថោក​ទាប​នោះ​ឡើយ គឺ​ឲ្យ​យើង​បាន​វិសុទ្ធ​វិញ។ ដូច្នេះ អ្នក​ណា​បដិសេធ​មិន​ទទួល​ដំបូន្មាន​នេះ មិន​ត្រឹម​តែ​បដិសេធ​មិន​ទទួល​មនុស្ស​ប៉ុណ្ណោះ​ទេ គឺ​បដិសេធ​មិន​ទទួល​ព្រះ‌ជាម្ចាស់ ដែល​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ​មក​បងប្អូន​នោះ​តែ​ម្ដង។ រីឯ​ការ​ស្រឡាញ់​គ្នា​ជា​បងប្អូន​វិញ យើង​មិន​ចាំបាច់​សរសេរ​មក​ទូន្មាន​បងប្អូន​ទេ ដ្បិត​បងប្អូន​បាន​រៀន​ពី​ព្រះ‌ជាម្ចាស់​ឲ្យ​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​បងប្អូន​បាន​ស្រឡាញ់​បងប្អូន​ទាំង​អស់​នៅ​ស្រុក​ម៉ាសេ‌ដូន​ទាំង​មូល​ស្រាប់​ហើយ។ ក៏​ប៉ុន្តែ បងប្អូន​អើយ យើង​សូម​ដាស់‌តឿន​បងប្អូន​ថា សូម​ស្រឡាញ់​ឲ្យ​បាន​ប្រសើរ​លើស​នេះ​ទៅ​ទៀត!។ ចូរ​យក​ចិត្ត​ទុក​ដាក់​រស់​នៅ​ឲ្យ​បាន​ស្រគត់‌ស្រគំ គិត​តែ​ពី​កិច្ចការ​ខ្លួន​ឯង និង​ធ្វើ​ការ​ដោយ​កម្លាំង​ខ្លួន​ឯង​ផ្ទាល់ ដូច​យើង​បាន​ផ្ដាំ​ផ្ញើ​បងប្អូន​រួច​ស្រេច​ហើយ។ ធ្វើ​ដូច្នេះ អ្នក​ដែល​មិន​មែន​ជា​គ្រិស្ត‌បរិស័ទ​នឹង​គោរព​បងប្អូន ហើយ​បងប្អូន​ក៏​លែង​ត្រូវ​ការ​ឲ្យ​គេ​ជួយ​ទៀត​ផង។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ