១ សាំយូអែល 24

24
លោក​ដាវីឌ​មិន​ដាច់​ចិត្ត​ធ្វើ​គុត​ព្រះ‌បាទ​សូល
1កាល​ព្រះ‌បាទ​សូល​វិល​មក​ពី​ច្បាំង​ជា​មួយ​ពួក​ភីលីស្ទីន​វិញ គេ​ទូល​ស្ដេច​ថា៖ «លោក​ដាវីឌ​រស់​នៅ​ក្នុង​តំបន់​វាល​រហោ‌ស្ថាន​អេន-‌គេឌី»។ 2ស្ដេច​នាំ​ទាហាន​ដ៏​ខ្លាំង​ពូកែ​ចំនួន​បី​ពាន់​នាក់ ក្នុង​ចំណោម​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល ចេញ​ទៅ​តាម​រក​លោក​ដាវីឌ និង​ពួក​លោក នៅ​ទល់​មុខ​ថ្ម​ពពែ​ព្រៃ។ 3 ព្រះ‌បាទ​សូល​បាន​យាង​កាត់​តាម​ក្រោល​ចៀម​ដែល​នៅ​ជាប់​នឹង​មាត់​ផ្លូវ។ នៅ​ទី​នោះ មាន​រអាង​ភ្នំ​មួយ ស្ដេច​ក៏​យាង​ចូល​ទៅ​ដោះ​ទុក្ខ​សត្វ​ក្នុង​រអាង​នោះ។ លោក​ដាវីឌ និង​ពួក​លោក​ពួន​នៅ​ក្នុង​រអាង​ភ្នំ​នោះ​ដែរ តែ​នៅ​ជ្រៅ​ទៅ​ខាង​ក្នុង។ 4អស់​អ្នក​ដែល​នៅ​ជា​មួយ​ជម្រាប​លោក​ថា៖ «នេះ​ជា​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​បាន​សន្យា​ជា​មួយ​លោក​ថា “យើង​នឹង​ប្រគល់​បច្ចា‌មិត្ត​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក” សូម​ប្រព្រឹត្ត​ចំពោះ​ស្ដេច តាម​លោក​យល់​ឃើញ​ទៅ​ចុះ»។ លោក​ដាវីឌ​ក្រោក​ឡើង លប​ចូល​ទៅ​កាត់​ជាយ​ព្រះ‌ភូសា​របស់​ព្រះ‌បាទ​សូល។ 5ប៉ុន្តែ ក្រោយ​ពេល​កាត់​ជាយ​ព្រះ‌ភូសា​របស់​ព្រះ‌បាទ​សូល​រួច​ហើយ ចិត្ត​របស់​លោក​ញាប់​ញ័រ​ជា​ខ្លាំង។ 6 លោក​មាន​ប្រសាសន៍​ទៅ​កាន់​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ថា៖ «សូម​ព្រះ‌អម្ចាស់​ទប់​ខ្ញុំ កុំ​ឲ្យ​ធ្វើ​គុត​ម្ចាស់​របស់​ខ្ញុំ ដែល​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ជា​ស្ដេច​នេះ​ឡើយ គឺ​ខ្ញុំ​មិន​ត្រូវ​លើក​ដៃ​ប្រហារ​ព្រះ‌រាជា ដែល​ព្រះ‌អម្ចាស់​បាន​តែង‌តាំង​ជា​ស្ដេច​នេះ​ទេ»។ 7លោក​ដាវីឌ​បាន​ឃាត់​ពួក​លោក ដោយ‌សារ​ពាក្យ​សម្ដី​ទាំង​នោះ គឺ​លោក​ហាម​ពួក​គេ​មិន​ឲ្យ​ធ្វើ​គុត​ព្រះ‌បាទ​សូល។ ព្រះ‌បាទ​សូល​យាង​ចេញ​ពី​រអាង​ភ្នំ បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ 8បន្តិច​ក្រោយ​មក លោក​ដាវីឌ​ក្រោក​ឡើង​ចេញ​ពី​រអាង​ភ្នំ ហើយ​ស្រែក​ពី​ក្រោយ​ព្រះ‌បាទ​សូល​ថា៖ «ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូលបង្គំ!»។ ព្រះ‌បាទ​សូល​ងាក​មក លោក​ដាវីឌ​ឱន​មុខ​ចុះ ក្រាប​ដល់​ដី ថ្វាយ‌បង្គំ​ស្ដេច។ 9លោក​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ចេះ​តែ​សណ្ដាប់​ពាក្យ​របស់​អស់​អ្នក​ដែល​ទូល​ស្ដេច​ថា “ដាវីឌ​ចង់​ព្យាបាទ​ព្រះ‌ករុណា”ដូច្នេះ? 10ព្រះ‌ករុណា​ទត​ឃើញ​ស្រាប់​ហើយ​ថា ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ព្រះ‌ករុណា​មក​ក្នុង​កណ្ដាប់​ដៃ​ទូលបង្គំ កាល​ព្រះ‌ករុណា​នៅ​ក្នុង​រអាង​ភ្នំ​នេះ។ គេ​សុំ​ឲ្យ​ទូលបង្គំ​ធ្វើ​គុត​ព្រះ‌ករុណា តែ​ទូលបង្គំ​មិន​ធ្វើ​តាម​ឡើយ។ ទូលបង្គំ​ពោល​ថា “ខ្ញុំ​មិន​លើក​ដៃ​ប្រហារ​ម្ចាស់​របស់​ខ្ញុំ​ជា​ដាច់​ខាត ដ្បិត​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ទ្រង់​ជា​ស្ដេច​ហើយ”។ 11បពិត្រ​ព្រះ‌បិតា សូម​ទត​មើល​មក​ជាយ​ព្រះ‌ភូសា ដែល​នៅ​ក្នុង​ដៃ​ទូលបង្គំ​នេះ។ ទូលបង្គំ​គ្រាន់​តែ​កាត់​ជាយ​ព្រះ‌ភូសា តែ​ទូលបង្គំ​មិន​ធ្វើ​គុត​ព្រះអង្គ​ទេ។ ដូច្នេះ សូម​ស្ដេច​ជ្រាប​ឲ្យ​ច្បាស់​ថា ទូលបង្គំ​គ្មាន​គំនិត​អាក្រក់​ចង់​ធ្វើ​គុត ឬ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌បិតា​ឡើយ ហើយ​ទូលបង្គំ​ក៏​ពុំ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នឹង​ព្រះអង្គ​ដែរ គឺ​មាន​តែ​ព្រះ‌ករុណា​ប៉ុណ្ណោះ ដែល​ចេះ​តែ​តាម​ប្រហារ​ជីវិត​ទូលបង្គំ។ 12សូម​ព្រះ‌អម្ចាស់​ធ្វើ​ជា​ចៅ‌ក្រម​កាត់​ក្ដី​ឲ្យ​យើង​ទាំង​ពីរ។ ព្រះ‌អម្ចាស់​នឹង​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ ចំពោះ​អំពើ​ដែល​ព្រះ‌ករុណា​ប្រព្រឹត្ត​ដល់​ទូលបង្គំ។ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​មិន​ធ្វើ​គុត​ព្រះ‌ករុណា​ទេ 13ដូច​សុភាសិត​ពី​ព្រេង​នាយ​ចែង​ថា “មនុស្ស​អាក្រក់​ប្រព្រឹត្ត​តែ​អំពើ​អាក្រក់”។ ចំពោះ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​មិន​ធ្វើ​គុត​ព្រះ‌ករុណា​ឡើយ។ 14 តើ​ព្រះ‌មហា‌ក្សត្រ​អ៊ីស្រា‌អែល​ចេញ​មក​ច្បាំង​នឹង​នរណា? ព្រះ‌ករុណា​ដេញ​តាម​នរណា? គឺ​ព្រះ‌ករុណា​ដេញ​តាម​ទូលបង្គំ ដែល​ប្រៀប​ដូច​ជា​ឆ្កែ​ងាប់ ឬ​ចៃ​មួយ​ដ៏​តូច។ 15សូម​ព្រះ‌អម្ចាស់​ធ្វើ​ជា​ចៅ‌ក្រម កាត់​ក្ដី​ឲ្យ​យើង​ទាំង​ពីរ។ ព្រះអង្គ​នឹង​ពិនិត្យ‌ពិច័យ ហើយ​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ ព្រះអង្គ​នឹង​ការ‌ពារ​ទូលបង្គំ ព្រម​ទាំង​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា​ជា​មិន​ខាន»។
16កាល​លោក​ដាវីឌ​ទូល​សេចក្ដី​ទាំង​នោះ​ចប់​សព្វ​គ្រប់​ហើយ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ដាវីឌកូន​អើយ! នេះ​ពិត​ជា​សំឡេង​កូន​មែន​ឬ?»។ ព្រះ‌បាទ​សូល​ចាប់​ផ្ដើម​ទ្រង់​ព្រះ‌កន្សែង​យ៉ាង​ខ្លាំង។ 17បន្ទាប់​មក ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «កូន​ជា​មនុស្ស​សុចរិត​ជាង​បិតា ព្រោះ​កូន​បាន​ប្រព្រឹត្ត​ល្អ​ចំពោះ​បិតា តែ​បិតា​បាន​ប្រព្រឹត្ត​អាក្រក់​ចំពោះ​កូន។ 18ថ្ងៃ​នេះ កូន​បាន​បង្ហាញ​ចិត្ត​សប្បុរស​មក​លើ​បិតា​យ៉ាង​ជាក់​ស្ដែង ដ្បិត​ព្រះ‌អម្ចាស់​ប្រគល់​បិតា​ទៅ​ក្នុង​កណ្ដាប់​ដៃ​កូន តែ​កូន​មិន​សម្លាប់​បិតា​ទេ។ 19ធម្មតា កាល​ណា​មនុស្ស​ម្នាក់​ជួប​ប្រទះ​នឹង​បច្ចា‌មិត្ត​ហើយ គេ​មិន​ដែល​ទុក​ឲ្យ​បច្ចា‌មិត្ត​នោះ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ដោយ​ស្រួលៗ​ទេ។ សូម​ព្រះ‌អម្ចាស់​ប្រទាន​រង្វាន់​ដល់​កូន​ចំពោះ​អំពើ​ល្អ ដែល​កូន​បាន​ប្រព្រឹត្ត​មក​លើ​បិតា​នៅ​ថ្ងៃ​នេះ។ 20បិតា​ក៏​ដឹង​ច្បាស់​ថា ថ្ងៃ​មួយ កូន​នឹង​ឡើង​គ្រង​រាជ្យ ហើយ​រាជា​ណា‌ចក្រ​អ៊ីស្រា‌អែល​នឹង​បាន​ស្ថិត‌ស្ថេរ ក្រោម​ការ​គ្រប់‌គ្រង​របស់​កូន។ 21ដូច្នេះ សូម​កូន​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ឥឡូវ​នេះ​ចុះ​ថា កូន​នឹង​មិន​បំផ្លាញ​ពូជ‌ពង្ស​របស់​បិតា​ដែល​នៅ​ជំនាន់​ក្រោយ​ទេ ហើយ​ក៏​មិន​ធ្វើ​ឲ្យ​ឈ្មោះ​របស់​បិតា​ត្រូវ​លុប​បំបាត់ ចេញ​ពី​ក្រុម​គ្រួសារ​របស់​បិតា​ដែរ»។ 22លោក​ដាវីឌ​ក៏​ស្បថ​ថ្វាយ​ស្ដេច។ បន្ទាប់​មក ព្រះ‌បាទ​សូល​វិល​ទៅ​កាន់​ដំណាក់​វិញ ចំណែក​ឯ​លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ក៏​វិល​ទៅ​កន្លែង​លាក់​ខ្លួន​វិញ​ដែរ។

ទើបបានជ្រើសរើសហើយ៖

១ សាំយូអែល 24: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ