ព្រះបាទសូលបានប្រាប់សម្ដេចយ៉ូណាថានជាបុត្រ ព្រមទាំងនាម៉ឺនមន្ត្រី ពីបំណងដែលស្ដេចចង់សម្លាប់លោកដាវីឌ។ ប៉ុន្តែ សម្ដេចយ៉ូណាថាន ជាបុត្ររបស់ព្រះបាទសូល ស្រឡាញ់លោកដាវីឌណាស់។ សម្ដេចយ៉ូណាថាននាំដំណឹងទៅប្រាប់លោកដាវីឌថា៖ «ព្រះបាទសូល ជាបិតារបស់ខ្ញុំ មានបំណងចង់សម្លាប់លោកប្អូន។ ដូច្នេះ ព្រឹកស្អែកនេះ ចូរប្រុងប្រយ័ត្ន ហើយរកកន្លែងលាក់ខ្លួនទៅ។ ខ្ញុំនឹងចេញមក ហើយឈរជាមួយបិតារបស់ខ្ញុំ ជិតចម្ការដែលលោកប្អូនលាក់ខ្លួន។ ខ្ញុំនឹងទូលបិតាអំពីរឿងលោកប្អូន ពេលណាខ្ញុំដឹងពីគោលបំណងរបស់បិតាហើយ ខ្ញុំនឹងប្រាប់ឲ្យលោកប្អូនដឹងដែរ»។ សម្ដេចយ៉ូណាថានទូលព្រះបាទសូល ជាបិតា អំពីគុណសម្បត្តិរបស់លោកដាវីឌថា៖ «សូមបិតាកុំធ្វើបាបលោកដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គឡើយ ដ្បិតគេពុំបានប្រព្រឹត្តអំពើខុសឆ្គងចំពោះបិតាទេ ផ្ទុយទៅវិញ ស្នាដៃអស្ចារ្យដែលដាវីឌធ្វើ សុទ្ធតែមានផលប្រយោជន៍យ៉ាងខ្លាំងដល់បិតា។ ដាវីឌបានប្រថុយជីវិតទៅសម្លាប់ជនភីលីស្ទីន គឺនៅថ្ងៃនោះ ព្រះអម្ចាស់បានប្រោសប្រទានជ័យជម្នះដ៏ធំធេងបំផុតដល់ប្រជាជនអ៊ីស្រាអែលទាំងមូល ដូចបិតាបានទតឃើញ និងសប្បាយព្រះហឫទ័យស្រាប់ហើយ។ ហេតុអ្វីបានជាបិតាចង់ប្រព្រឹត្តអំពើបាប ដោយបង្ហូរឈាមមនុស្សម្នាក់ដែលគ្មានទោសពៃរ៍ គឺចង់សម្លាប់ដាវីឌ ដោយគ្មានមូលហេតុដូច្នេះ?»។ ព្រះបាទសូលទ្រង់ព្រះសណ្ដាប់ពាក្យរបស់សម្ដេចយ៉ូណាថាន ហើយមានរាជឱង្ការថា៖ «បិតាសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅថា ដាវីឌមិនត្រូវស្លាប់ឡើយ!»។ បន្ទាប់មក សម្ដេចយ៉ូណាថានទៅហៅលោកដាវីឌមក ហើយរៀបរាប់សេចក្ដីទាំងនោះប្រាប់លោក រួចនាំលោកចូលមកគាល់ព្រះបាទសូល។ លោកដាវីឌក៏នៅបម្រើព្រះបាទសូលដូចពីមុន។
អាន ១ សាំយូអែល 19
ស្ដាប់នូវ ១ សាំយូអែល 19
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 19:1-7
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ