១ សាំយូអែល 19

19
ព្រះ‌បាទ​សូល​រក​សម្លាប់​លោក​ដាវីឌ
1ព្រះ‌បាទ​សូល​បាន​ប្រាប់​សម្ដេច​យ៉ូណា‌ថាន​ជា​បុត្រ ព្រម​ទាំង​នាម៉ឺន​មន្ត្រី ពី​បំណង​ដែល​ស្ដេច​ចង់​សម្លាប់​លោក​ដាវីឌ។ ប៉ុន្តែ សម្ដេច​យ៉ូណា‌ថាន ជា​បុត្រ​របស់​ព្រះ‌បាទ​សូល ស្រឡាញ់​លោក​ដាវីឌ​ណាស់។ 2សម្ដេច​យ៉ូណា‌ថាន​នាំ​ដំណឹង​ទៅ​ប្រាប់​លោក​ដាវីឌ​ថា៖ «ព្រះ‌បាទ​សូល ជា​បិតា​របស់​ខ្ញុំ មាន​បំណង​ចង់​សម្លាប់​លោក​ប្អូន។ ដូច្នេះ ព្រឹក​ស្អែក​នេះ ចូរ​ប្រុង​ប្រយ័ត្ន ហើយ​រក​កន្លែង​លាក់​ខ្លួន​ទៅ។ 3ខ្ញុំ​នឹង​ចេញ​មក ហើយ​ឈរ​ជា​មួយ​បិតា​របស់​ខ្ញុំ ជិត​ចម្ការ​ដែល​លោក​ប្អូន​លាក់​ខ្លួន។ ខ្ញុំ​នឹង​ទូល​បិតា​អំពី​រឿង​លោក​ប្អូន ពេល​ណា​ខ្ញុំ​ដឹង​ពី​គោល​បំណង​របស់​បិតា​ហើយ ខ្ញុំ​នឹង​ប្រាប់​ឲ្យ​លោក​ប្អូន​ដឹង​ដែរ»។ 4សម្ដេច​យ៉ូណា‌ថាន​ទូល​ព្រះ‌បាទ​សូល ជា​បិតា អំពី​គុណ​សម្បត្តិ​របស់​លោក​ដាវីឌ​ថា៖ «សូម​បិតា​កុំ​ធ្វើ​បាប​លោក​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ឡើយ ដ្បិត​គេ​ពុំ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ចំពោះ​បិតា​ទេ ផ្ទុយ​ទៅ​វិញ ស្នា‌ដៃ​អស្ចារ្យ​ដែល​ដាវីឌ​ធ្វើ សុទ្ធ​តែ​មាន​ផល​ប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​បិតា។ 5ដាវីឌ​បាន​ប្រថុយ​ជីវិត​ទៅ​សម្លាប់​ជន​ភីលីស្ទីន គឺ​នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​បាន​ប្រោស​ប្រទាន​ជ័យ‌ជម្នះ​ដ៏​ធំ‌ធេង​បំផុត​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ដូច​បិតា​បាន​ទត​ឃើញ និង​សប្បាយ​ព្រះ‌ហឫទ័យ​ស្រាប់​ហើយ។ ហេតុ​អ្វី​បាន​ជា​បិតា​ចង់​ប្រព្រឹត្ត​អំពើ​បាប ដោយ​បង្ហូរ​ឈាម​មនុស្ស​ម្នាក់​ដែល​គ្មាន​ទោសពៃរ៍ គឺ​ចង់​សម្លាប់​ដាវីឌ ដោយ​គ្មាន​មូល​ហេតុ​ដូច្នេះ?»។ 6ព្រះ‌បាទ​សូល​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​របស់​សម្ដេច​យ៉ូណា‌ថាន ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «បិតា​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា ដាវីឌ​មិន​ត្រូវ​ស្លាប់​ឡើយ!»។ 7បន្ទាប់​មក សម្ដេច​យ៉ូណា‌ថាន​ទៅ​ហៅ​លោក​ដាវីឌ​មក ហើយ​រៀប​រាប់​សេចក្ដី​ទាំង​នោះ​ប្រាប់​លោក រួច​នាំ​លោក​ចូល​មក​គាល់​ព្រះ‌បាទ​សូល។ លោក​ដាវីឌ​ក៏​នៅ​បម្រើ​ព្រះ‌បាទ​សូល​ដូច​ពី​មុន។
ព្រះ‌នាង​មិកាល់​ជួយ​សង្គ្រោះ​លោក​ដាវីឌ
8សង្គ្រាម​ចេះ​តែ​កើត​មាន​ត​ទៅ​មុខ​ទៀត។ លោក​ដាវីឌ​ចេញ​ទៅ​ច្បាំង​ជា​មួយ​ពួក​ភីលីស្ទីន ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យ​យ៉ាង​ធ្ងន់ ហើយ​បាក់​ទ័ព​រត់​ចំពោះ​មុខ​លោក។ 9ថ្ងៃ​មួយ ព្រះ‌បាទ​សូល​កំពុង​គង់​នៅ​ក្នុង​ដំណាក់ ទាំង​កាន់​លំពែង​ផង។ ពេល​នោះ មាន​វិញ្ញាណ​អាក្រក់​ពី​ព្រះ‌អម្ចាស់​មក​ចូល​ស្ដេច ក្នុង​ពេល​លោក​ដាវីឌ​កំពុង​តែ​លេង​ពិណ។ 10រំពេច​នោះ ព្រះ‌បាទ​សូល​ចង់​ប្រហារ​លោក​ដាវីឌ ដោយ​គប់​លំពែង​ភ្ជាប់​លោក​ទៅ​នឹង​ជញ្ជាំង តែ​លោក​ដាវីឌ​គេច​ផុត ហើយ​លំពែង​នោះ​ដោត​ជាប់​នឹង​ជញ្ជាំង។ លោក​ដាវីឌ​រត់​គេច​ខ្លួន​នៅ​យប់​នោះ។
11 ព្រះ‌បាទ​សូល​ចាត់​ទាហាន​ឲ្យ​ទៅ​ផ្ទះ​លោក​ដាវីឌ ឃ្លាំ​ចាំ​សម្លាប់​លោក​នៅ​ពេល​ព្រឹក។ ប៉ុន្តែ ព្រះ‌នាង​មិកាល់​ជា​ភរិយា ជម្រាប​លោក​ថា៖ «បើ​សិន​ជា​បង​មិន​រត់​នៅ​យប់​នេះ​ទេ ស្អែក បង​មុខ​ជា​ស្លាប់​មិន​ខាន»។ 12ព្រះ‌នាង​សម្រូត​លោក​ចុះ​តាម​បង្អួច ហើយ​លោក​រត់​គេច​ខ្លួន ដើម្បី​ឲ្យ​រួច​ជីវិត។ 13បន្ទាប់​មក ព្រះ‌នាង​មិកាល់​យក​រូប​បដិមា​មួយ​មក​ដាក់​លើ​គ្រែ ព្រម​ទាំង​យក​ស្បែក​ពពែ​មក​ដាក់​លើ​ខ្នើយ និង​យក​ភួយ​មក​ដណ្ដប់​ឲ្យ​ផង។ 14នៅ​ពេល​ព្រះ‌បាទ​សូល​ចាត់​ទាហាន​ឲ្យ​ទៅ​ចាប់​លោក​ដាវីឌ​នោះ ព្រះ‌នាង​មិកាល់​ប្រាប់​ថា៖ «លោក​ឈឺ»។ 15ព្រះ‌បាទ​សូល​ចាត់​ទាហាន​ឲ្យ​វិល​ទៅ​រក​លោក​ដាវីឌ​វិញ ដោយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​សែង​ទាំង​គ្រែ នាំ​គេ​យក​មក ដើម្បី​ឲ្យ​យើង​សម្លាប់​ចោល!»។ 16ពួក​ទាហាន​វិល​ទៅ​វិញ ហើយ​ឃើញ​តែ​រូប​បដិមា​នៅ​លើ​គ្រែ និង​ស្បែក​ពពែ​នៅ​លើ​ខ្នើយ។ 17ព្រះ‌បាទ​សូល​សួរ​ព្រះ‌នាង​មិកាល់​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ឯង​បញ្ឆោត​បិតា​បែប​នេះ? ហេតុ​ដូច​ម្ដេច​បាន​ជា​ឯង​ទុក​ឲ្យ​សត្រូវ​របស់​បិតា​រត់​រួច?»។ ព្រះ‌នាង​មិកាល់​ទូល​ថា៖ «គឺ​គាត់​ទេ​តើ​ដែល​ប្រាប់​ខ្ញុំ​ម្ចាស់​ថា “ទុក​ឲ្យ​អញ​ទៅ​ចុះ! បើ​មិន​ដូច្នោះ​ទេ អញ​នឹង​សម្លាប់​ឯង​ចោល”»។
18ពេល​នោះ លោក​ដាវីឌ​រត់​គេច​ខ្លួន ទៅ​ជ្រក​ជា​មួយ​លោក​សាំយូ‌អែល​នៅ​ភូមិ​រ៉ាម៉ា ហើយ​រៀប​រាប់​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​សូល​បាន​ប្រព្រឹត្ត​ចំពោះ​រូប​លោក។ បន្ទាប់​មក លោក​ទាំង​ពីរ​នាំ​គ្នា​ទៅ​នៅ​កន្លែង​មួយ ឈ្មោះ​ណា‌យ៉ូត ។ 19មាន​គេ​ទូល​ព្រះ‌បាទ​សូល​ថា លោក​ដាវីឌ​ទៅ​នៅ​ណា‌យ៉ូត ជិត​ភូមិ​រ៉ាម៉ា។ 20ព្រះ‌បាទ​សូល​ចាត់​ទាហាន​ឲ្យ​ទៅ​ចាប់​លោក​ដាវីឌ។ កាល​ពួក​គេ​ទៅ​ដល់ ឃើញ​ក្រុម​ព្យាការី​ដែល​មាន​លោក​សាំយូ‌អែល​ជា​អ្នក​នាំ​មុខ កំពុង​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ ។ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​សណ្ឋិត​លើ​ទាហាន​ទាំង​នោះ ធ្វើ​ឲ្យ​ពួក​គេ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ​ដែរ។ 21មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ទូល​ព្រះ‌បាទ​សូល ស្ដេច​ក៏​ចាត់​ទាហាន​មួយ​ក្រុម​ទៀត​ឲ្យ​ទៅ ប៉ុន្តែ ពួក​គេ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ​ដែរ។ ព្រះ‌បាទ​សូល​ចាត់​ក្រុម​ទី​បី​ឲ្យ​ទៅ តែ​ពួក​នេះ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ ដូច​ពួក​មុនៗ។ 22ដូច្នេះ ព្រះ‌បាទ​សូល​ក៏​យាង​ទៅ​ភូមិ​រ៉ាម៉ា​ដោយ​ផ្ទាល់។ កាល​ទៅ​ដល់​ស្រះ​ធំ នៅ​ភូមិ​សេគូវ ស្ដេច​សួរ​គេ​ថា៖ «តើ​លោក​សាំយូ‌អែល និង​ដាវីឌ​នៅ​ឯ​ណា?»។ គេ​ទូល​ថា៖ «លោក​នៅ​ឯ​ណា‌យ៉ូត ជិត​ភូមិ​រ៉ាម៉ា»។ 23ស្ដេច​ក៏​យាង​ទៅ​ទី​នោះ។ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​មក​សណ្ឋិត​លើ​ស្ដេច ហើយ​ស្ដេច​យាង​រហូត​ដល់​ណា‌យ៉ូត នៅ​ភូមិ​រ៉ាម៉ា ទាំង​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ។ 24 ស្ដេច​ដោះ​ព្រះ‌ភូសា​ចេញ​ដូច​គេ​ឯង​ដែរ ហើយ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ នៅ​ចំពោះ​មុខ​លោក​សាំយូ‌អែល។ ស្ដេច​ដួល​ដេក ទាំង​អាក្រាត នៅ​លើ​ដី​ពេញ​មួយ​ថ្ងៃ​មួយ​យប់។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ពាក្យ​ស្លោក​ថា៖ «តើ​ព្រះ‌បាទ​សូល​ចូល​ក្រុម​ព្យាការី​ដែរ​ឬ?»។

ទើបបានជ្រើសរើសហើយ៖

១ សាំយូអែល 19: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល