ពេលដាវីឌនិយាយជាមួយព្រះបាទសូលចប់ហើយ សម្ដេចយ៉ូណាថានក៏ជំពាក់ចិត្តនឹងដាវីឌ ហើយស្រឡាញ់ដាវីឌដូចស្រឡាញ់ខ្លួនឯងដែរ។ នៅថ្ងៃនោះ ព្រះបាទសូលឃាត់ដាវីឌឲ្យនៅជាមួយ គឺទ្រង់មិនឲ្យលោកវិលត្រឡប់ទៅផ្ទះឪពុកវិញទេ។ សម្ដេចយ៉ូណាថានចងសម្ពន្ធមេត្រីជាមួយដាវីឌ ព្រោះទ្រង់ស្រឡាញ់ដាវីឌដូចខ្លួនឯង។ សម្ដេចយ៉ូណាថានបានដោះអាវធំរបស់សម្ដេចមកបំពាក់ឲ្យដាវីឌ ហើយក៏ប្រគល់អាវសឹក ដាវ ធ្នូ និងខ្សែក្រវាត់របស់សម្ដេច ឲ្យដាវីឌដែរ។ គ្រប់សមរភូមិដែលព្រះបាទសូលចាត់ឲ្យទៅ ដាវីឌតែងតែទទួលជោគជ័យជានិច្ច។ ព្រះបាទសូលតែងតាំងដាវីឌឲ្យធ្វើជាមេទ័ព ហើយប្រជាជនទាំងមូល និងរាជបម្រើរបស់ព្រះបាទសូល ពេញចិត្តនឹងលោកគ្រប់ៗគ្នា។ កាលកងទ័ពត្រឡប់មកពីច្បាំងវិញ ក្រោយលោកដាវីឌបានប្រហារជនភីលីស្ទីនហើយ ស្ត្រីៗនៅគ្រប់ក្រុងក្នុងស្រុកអ៊ីស្រាអែលចេញទៅទទួលព្រះបាទសូល ទាំងស្រែកច្រៀង និងរាំតាមចង្វាក់ស្គរ និងតូរ្យតន្ត្រី ហើយស្រែកហ៊ោដោយអំណរសប្បាយយ៉ាងខ្លាំង។ ស្ត្រីទាំងនោះច្រៀងឆ្លើយឆ្លងគ្នាទៅវិញទៅមកយ៉ាងរីករាយថា៖ «ព្រះបាទសូលប្រហារបានរាប់ពាន់នាក់ រីឯលោកដាវីឌប្រហារបានរាប់ម៉ឺននាក់»។ ពាក្យទាំងនេះធ្វើឲ្យព្រះបាទសូលខ្ញាល់ជាខ្លាំង ទ្រង់នឹកថា៖ «គេសរសើរដាវីឌថា ប្រហារបានរាប់ម៉ឺននាក់ រីឯអញវិញត្រឹមតែរាប់ពាន់នាក់។ ដូច្នេះ ដាវីឌនៅខ្វះតែរាជសម្បត្តិប៉ុណ្ណោះ»។ ចាប់តាំងពីថ្ងៃនោះមក ព្រះបាទសូលស្អប់លោកដាវីឌយ៉ាងខ្លាំង។ លុះស្អែកឡើង មានវិញ្ញាណអាក្រក់ពីព្រះជាម្ចាស់មកចូលក្នុងព្រះបាទសូល បណ្ដាលឲ្យស្ដេចទៅជាវិកលចរិតនៅក្នុងដំណាក់។ លោកដាវីឌលេងភ្លេងថ្វាយស្ដេចដូចសព្វដង ពេលនោះ ព្រះបាទសូលកាន់លំពែង ទ្រង់ចោលលំពែងទៅដោយនឹកថា៖ «អញនឹងគប់ទម្លុះដាវីឌភ្ជាប់ទៅនឹងជញ្ជាំង»។ ប៉ុន្តែ លោកដាវីឌគេចផុតដល់ទៅពីរលើក។ ព្រះបាទសូលខ្លាចលោកដាវីឌ ព្រោះព្រះអម្ចាស់បានបោះបង់ចោលស្ដេច ហើយទៅគង់នៅជាមួយលោកដាវីឌ។ ហេតុនេះហើយទើបព្រះរាជាឲ្យលោកដាវីឌចេញឆ្ងាយពីស្ដេច ដោយតែងតាំងលោកជាមេទ័ពត្រួតលើទាហានមួយពាន់នាក់។ លោកដាវីឌក៏ដឹកនាំកងទ័ពទៅច្បាំង ហើយលោកតែងតែបានទទួលជ័យជម្នះគ្រប់ពេលទាំងអស់ ដ្បិតព្រះអម្ចាស់គង់នៅជាមួយ។ ពេលឃើញលោកដាវីឌមានជ័យជម្នះជាច្រើនដូច្នេះ ព្រះបាទសូលខ្លាចលោកក្រៃលែង។ ផ្ទុយទៅវិញ ប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដាទាំងមូលស្រឡាញ់លោកដាវីឌ ព្រោះលោកដឹកនាំពួកគេចេញទៅច្បាំង។
អាន ១ សាំយូអែល 18
ស្ដាប់នូវ ១ សាំយូអែល 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 18:1-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ