១ សាំយូអែល 17:32-51

១ សាំយូអែល 17:32-51 គខប

ដាវីឌ​ទូល​ព្រះ‌បាទ​សូល​ថា៖ «មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​បាក់​ទឹក​ចិត្ត ដោយ‌សារ​តែ​ជន​ភីលីស្ទីន​នោះ​ឡើយ! ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា នឹង​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​វា»។ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ដាវីឌ​ថា៖ «អ្នក​មិន​អាច​វាយ​ឈ្នះ​ជន​ភីលីស្ទីន​នេះ​ទេ អ្នក​នៅ​ក្មេង​ណាស់ ហើយ​វា​ជា​អ្នក​ចម្បាំង​តាំង​ពី​ក្មេង​ម៉្លេះ»។ ដាវីឌ​ទូល​ស្ដេច​សូល​ថា៖ «ទូលបង្គំ​ធ្លាប់​ឃ្វាល​ចៀម​របស់​ឪពុក​ទូលបង្គំ ពេល​ណា​មាន​តោ ឬ​ខ្លា‌ឃ្មុំ​មក​ចាប់​កូន​ចៀម​នៅ​ក្នុង​ហ្វូង​នោះ ទូលបង្គំ​ចេញ​ទៅ​តាម​វា​ភ្លាម ទូលបង្គំ​បាន​វាយ​ដណ្ដើម​យក​កូន​ចៀម​ពី​មាត់​របស់​វា​មក​វិញ។ បើ​វា​លោត​សង្គ្រុប​លើ​ទូលបង្គំ ទូលបង្គំ​ក៏​ច្បាម​ពុក​ចង្កា​វា បោក​សម្លាប់​តែ​ម្ដង។ ជន​ភីលីស្ទីន ជា​សាសន៍​មិន​កាត់​ស្បែក​នេះ នឹង​ត្រូវ​ស្លាប់​ដូច​តោ ឬ​ខ្លា‌ឃ្មុំ ដែល​ទូលបង្គំ​បាន​សម្លាប់​នោះ​ជា​មិន​ខាន ដ្បិត​វា​បំបាក់​មុខ​កង‌ទ័ព​របស់​ព្រះ‌ជាម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ»។ ដាវីឌ​ពោល​បន្ត​ទៀត​ថា៖ «ព្រះ‌អម្ចាស់​តែងតែ​ជួយ​ទូលបង្គំ​ឲ្យ​រួច​ពី​ក្រញាំ​តោ និង​ខ្លា‌ឃ្មុំ ព្រះអង្គ​មុខ​ជា​ជួយ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ជន​ភីលីស្ទីន​នេះ​មិន​ខាន»។ ឮ​ដូច្នេះ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ដាវីឌ​ថា៖ «ទៅ​ចុះ! សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​អ្នក»។ ព្រះ‌បាទ​សូល​យក​អាវ​សឹក​របស់​ខ្លួន​ផ្ទាល់​មក​បំពាក់​ឲ្យ​ដាវីឌ គឺ​ទ្រង់​យក​មួក​លង្ហិន​មក​បំពាក់​លើ​ក្បាល​របស់​ដាវីឌ ព្រម​ទាំង​បំពាក់​អាវ‌ក្រោះ​ឲ្យ​ដែរ។ ដាវីឌ​យក​ដាវ​របស់​ព្រះ‌បាទ​សូល​មក​ស្ពាយ​លើ​អាវ​សឹក ហើយ​សាក​ល្បង​ដើរ​ល​មើល ព្រោះ​ពុំ​ដែល​បាន​ពាក់​គ្រឿង​សឹក​ដូច្នេះ​នៅ​ឡើយ។ ប៉ុន្តែ ដាវីឌ​ទូល​ព្រះ‌បាទ​សូល​ថា៖ «ជា​មួយ​គ្រឿង​សឹក​ទាំង​នេះ ទូលបង្គំ​ដើរ​មិន​រួច​ទេ ព្រោះ​ទូលបង្គំ​ពុំ​ធ្លាប់​ពាក់​សោះ»។ ដាវីឌ​ក៏​ដោះ​គ្រឿង​ទាំង​នោះ​ចោល ហើយ​យក​ដំបង​មក​កាន់ រើស​ក្រួស​រលោងៗ​ប្រាំ​គ្រាប់​ពី​ក្នុង​ជ្រោះ​មក​ដាក់​ក្នុង​កូន​ថង់​មួយ រួច​ដាក់​ថង់​យាម ព្រម​ទាំង​កាន់​ខ្សែ​ដង្ហក់ ដើរ​ឆ្ពោះ​ទៅ​តទល់​នឹង​ជន​ភីលីស្ទីន។ រីឯ​ជន​ភីលីស្ទីន​នោះ​វិញ ក៏​ដើរ​ចូល​មក​រក​ដាវីឌ​ដែរ ដោយ​មាន​ម្នាក់​កាន់​ខែល​ដើរ​ពី​មុខ។ ពេល​ជន​ភីលីស្ទីន​ក្រឡេក​មើល​មក​ដាវីឌ វា​មើល‌ងាយ ព្រោះ​ឃើញ​ដាវីឌ​នៅ​ក្មេង មាន​ថ្ពាល់​ក្រហម និង​មាន​ទឹក​មុខ​ស្រស់​ល្អ។ ជន​ភីលីស្ទីន​នោះ​ជេរ​ដាវីឌ​ថា៖ «តើ​អញ​ជា​ឆ្កែ​ឬ បាន​ជា​ឯង​កាន់​ដំបង​មក​វាយ​អញ​ដូច្នេះ?»។ វា​ក៏​យក​នាម​ព្រះ​របស់​វា​មក​ដាក់​បណ្ដាសា​ដាវីឌ។ វា​ពោល​មក​កាន់​ដាវីឌ​ថា៖ «មក​ជិត​អញ​មក៍! អញ​នឹង​យក​សាច់​ឯង​ឲ្យ​ត្មាត និង​សត្វ​សាហាវ​ស៊ី!»។ ដាវីឌ​ឆ្លើយ​ទៅ​វិញ​ថា៖ «ឯង​កាន់​ដាវ កាន់​លំពែង និង​ស្ន មក​វាយ​អញ រីឯ​អញ​វិញ អញ​មក​វាយ​ឯង ក្នុង​នាមព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ពល​ទ័ព​អ៊ីស្រា‌អែល ដែល​ឯង​បាន​បំបាក់​មុខ។ ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ឯង​មក​ក្នុង​កណ្ដាប់​ដៃ​អញ អញ​នឹង​ប្រហារ​ឯង ព្រម​ទាំង​កាត់​ក​ឯង​ទៀត​ផង។ ថ្ងៃ​នេះ អញ​ក៏​យក​ខ្មោច​ទាហាន​ភីលីស្ទីន​ទៅ​ឲ្យ​ត្មាត និង​សត្វ​សាហាវ​ស៊ី​ដែរ។ ដូច្នេះ ប្រជា‌ជន​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ដឹង​ថា អ៊ីស្រា‌អែល​មាន​ព្រះ‌ជាម្ចាស់​ជួយ​ការពារ។ សហគមន៍​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​ដឹង​ថា ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​យើង​មាន​ជ័យ‌ជម្នះ ពុំ​មែន​ដោយ​ដាវ ឬ​លំពែង​ទេ ដ្បិត​ព្រះ‌អម្ចាស់​ច្បាំង​ជំនួស​យើង ព្រះអង្គ​នឹង​ប្រគល់​ពួក​ឯង​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​យើង»។ ពេល​នោះ ជន​ភីលីស្ទីន​ដើរ​តម្រង់​ចូល​មក​រក​ដាវីឌ ដាវីឌ​ក៏​រត់​យ៉ាង​លឿន​ទៅ​តទល់​នឹង​វា។ ដាវីឌ​លូក​ដៃ​ក្នុង​កូន​ថង់​យ៉ាង​រហ័ស យក​ក្រួស​មួយ​គ្រាប់​មក​ដាក់​នឹង​ខ្សែ​ដង្ហក់ បាញ់​ចំ​ថ្ងាស​ជន​ភីលីស្ទីន​នោះ។ គ្រាប់​ក្រួស​ធ្លុះ​ចូល​ក្នុង​ថ្ងាស​របស់​ជន​ភីលីស្ទីន វា​ក៏​ដួល​ផ្កាប់​មុខ។ ដាវីឌ​វាយ​ឈ្នះ​ជន​ភីលីស្ទីន ដោយ‌សារ​ខ្សែ​ដង្ហក់ និង​ក្រួស​មួយ​គ្រាប់។ ដាវីឌ​ប្រហារ​ជន​ភីលីស្ទីន​នោះ ដោយ​ឥត​ប្រើ​ដាវ​ឡើយ។ ដាវីឌ​រត់​ចូល​ទៅ​ជិត​ជន​ភីលីស្ទីន ហើយ​ហូត​ដាវ​របស់​វា​ពី​ស្រោម​សម្លាប់​វា ហើយ​កាត់​ក​ផង។ ពេល​កង‌ទ័ព​ភីលីស្ទីន​ឃើញ​វីរ‌ជន​របស់​ខ្លួន​ស្លាប់​ដូច្នេះ ពួក​គេ​នាំ​គ្នា​រត់​អស់​ទៅ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ