លោកសាំយូអែលយកដបប្រេងមក ហើយចាក់ប្រេងលើក្បាលលោកសូល រួចលោកឱបលោកសូល ទាំងមានប្រសាសន៍ថា៖ «ព្រះអម្ចាស់បានចាក់ប្រេង*អភិសេកលោក ឲ្យដឹកនាំប្រជាជនផ្ទាល់របស់ព្រះអង្គ។ នៅថ្ងៃនេះ ពេលលោកចាកចេញពីខ្ញុំទៅ លោកនឹងជួបបុរសពីរនាក់ក្បែរផ្នូររបស់លោកស្រីរ៉ាជែល នៅព្រំប្រទល់ទឹកដីបេនយ៉ាមីន គឺនៅភូមិសេលសា។ អ្នកទាំងពីរនឹងជម្រាបលោកថា “លាញីដែលលោកដើររកនោះ គេបានរកឃើញវិញហើយ។ ឥឡូវនេះ ឪពុករបស់លោកឈប់គិតពីរឿងលា តែព្រួយបារម្ភពីលោកវិញ ដោយពោលថា: កូនខ្ញុំមិនដឹងជាយ៉ាងណាទេ តើឲ្យខ្ញុំធ្វើដូចម្ដេច?”។ ពេលលោកបន្តដំណើរទៅមុខបន្តិច លោកនឹងទៅដល់ដើមជ្រៃតាបោរ។ នៅទីនោះ លោកនឹងជួបបុរសបីនាក់ ដែលឡើងទៅទីសក្ការៈរបស់ព្រះជាម្ចាស់នៅបេតអែល។ អ្នកទីមួយដឹកកូនពពែបីក្បាល អ្នកទីពីរកាន់នំប៉័ងបីដុំ អ្នកទីបីកាន់ថង់ស្រា។ ពួកគេនឹងនាំគ្នាមកជម្រាបសួរលោក ហើយជូននំប៉័ងពីរដុំមកលោក។ លោកនឹងទទួលយកនំប៉័ងនោះពីដៃរបស់ពួកគេ។ បន្ទាប់មក លោកទៅដល់គីបា-អេឡូអ៊ីម ដែលមានទីតាំងទ័ពរបស់ពួកភីលីស្ទីន។ ពេលលោកចូលទៅក្នុងភូមិ លោកនឹងជួបពួកព្យាការីមួយក្រុម ដែលចុះពីកន្លែងសក្ការៈមក ទាំងមានអ្នកភ្លេងលេងចាប៉ី ស្គរ ខ្លុយ និងពិណ ដើរពីមុខផង ព្យាការីទាំងនោះស្លុងស្មារតី ស្រែកច្រៀង និងរាំថ្វាយព្រះជាម្ចាស់។ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នឹងមកសណ្ឋិតលើលោក លោកក៏ស្លុងស្មារតីស្រែកច្រៀង និងរាំជាមួយអ្នកទាំងនោះដែរ ហើយលោកនឹងប្រែក្លាយទៅជាបុគ្គលមួយរូបខុសពីមុន។
អាន ១ សាំយូអែល 10
ស្ដាប់នូវ ១ សាំយូអែល 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 10:1-6
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ