១ ពេត្រុស 5:1-11

១ ពេត្រុស 5:1-11 គខប

ចំពោះ​ព្រឹទ្ធា‌ចារ្យ*​ដែល​នៅ​ក្នុង​ចំណោម​បងប្អូន ក្នុង​នាម​ខ្ញុំ​ជា​ព្រឹទ្ធា‌ចារ្យ​ដូច​គ្នា ហើយ​ជា​បន្ទាល់​អំពី​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រិស្ត* និង​ជា​អ្នក​រួម​ទទួល​សិរី‌រុងរឿង ដែល​នឹង​ត្រូវ​លេច​មក ខ្ញុំ​សូម​ដាស់‌តឿន​ថា: សូម​មើល​ថែ‌រក្សា​ហ្វូង​ចៀម ​ដែល​ព្រះ‌ជា‌ម្ចាស់​ផ្ញើ​ទុក​នឹង​បងប្អូន ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ ស្រប​តាម​ព្រះ‌ហឫទ័យ​ព្រះ‌ជា‌ម្ចាស់ គឺ​មិន​មែន​ដោយ​ទើស​ទ័ល ឬ​ដោយ​ចង់​បាន​កម្រៃ​អ្វី​ដែរ តែ​ត្រូវ​មើល​ថែ‌រក្សា​ដោយ​សុទ្ធ​ចិត្ត។ កុំ​ប្រើ​អំណាច​ជិះ‌ជាន់​អស់​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រទាន​មក​ឲ្យ​បងប្អូន​ថែ‌រក្សា​នោះ​ឡើយ គឺ​ត្រូវ​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​វិញ។ ពេល​គង្វាល​ដ៏​ឧត្ដម​យាង​មក​ដល់ បងប្អូន​នឹង​ទទួល​មកុដ​ដ៏​រុងរឿង ដែល​មិន​ចេះ​អាប់​រស្មី។ រីឯ​ពួក​យុវជន​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​គោរព​ចុះ​ចូល​នឹង​ព្រឹទ្ធា‌ចារ្យ*។ ចូរ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សុភាព​រាប‌សា ដ្បិត «ព្រះ‌ជា‌ម្ចាស់​ប្រឆាំង​នឹង​អស់​អ្នក​ដែល​អួត​ខ្លួន តែ​ព្រះអង្គ​ប្រណី‌សន្ដោស​អស់​អ្នក​ដែល​ដាក់​ខ្លួន​វិញ» ។ ដូច្នេះ ត្រូវ​ដាក់​ខ្លួន​នៅ​ក្រោម​ព្រះ‌ហស្ដ​ដ៏​មាន​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជា‌ម្ចាស់ ដើម្បី​ឲ្យ​ព្រះអង្គ​លើក​តម្កើង​បងប្អូន នៅ​ពេល​ដែល​ព្រះអង្គ​បាន​កំណត់​ទុក។ ចូរ​ផ្ទេរ​ទុក្ខ​កង្វល់​ទាំង​ប៉ុន្មាន​របស់​បងប្អូន​ទៅ​ព្រះអង្គ​ទៅ ដ្បិត​ព្រះអង្គ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​បងប្អូន។ ត្រូវ​ភ្ញាក់​ខ្លួន ហើយ​ប្រុង​ស្មារតី​ជានិច្ច! ដ្បិត​មារ*​ជា​សត្រូវ​នឹង​បងប្អូន កំពុង​តែ​ក្រវែល​ជុំ‌វិញ​បងប្អូន ដូច​សិង្ហ​ក្រវែល ទាំង​គ្រហឹម រក​ត្របាក់​ស៊ី​អ្នក​ណា​ម្នាក់។ ចូរ​ប្រឆាំង​នឹង​វា ហើយ​មាន​ជំនឿ​មាំ‌មួន​ឡើង ដោយ​ដឹង​ថា បងប្អូន​រួម​ជំនឿ​ឯ​ទៀតៗ​នៅ​ក្នុង​សកល​លោក​ទាំង​មូល ក៏​ត្រូវ​រង‌ទុក្ខ​លំបាក​ដូច​បងប្អូន​ដែរ។ បន្ទាប់​ពី​បងប្អូន​បាន​រង‌ទុក្ខ​លំបាក​មួយ​រយៈ​ពេល​ខ្លី​នេះ​រួច​ហើយ ព្រះ‌ជា‌ម្ចាស់​ប្រកប​ដោយ​ព្រះ‌គុណ​គ្រប់​យ៉ាង ដែល​បាន​ត្រាស់​ហៅ​បងប្អូន ឲ្យ​ទទួល​សិរី‌រុងរឿង​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​រួម​ជា​មួយ​ព្រះ‌គ្រិស្ត* ព្រះអង្គ​នឹង​លើក​បងប្អូន​ឲ្យ​មាន​ជំហរ​ឡើង​វិញ ប្រទាន​ឲ្យ​បងប្អូន​បាន​រឹង‌ប៉ឹង មាន​កម្លាំង និង​ឲ្យ​បងប្អូន​បាន​មាំ‌មួន​ឥត​រង្គើ​ឡើយ។ សូម​ឲ្យ​ព្រះអង្គ​បាន​ប្រកប​ដោយ​ព្រះ‌ចេស្ដា សូម​លើក​តម្កើង​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ ពេត្រុស 5:1-11

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ