បងប្អូនដែលជាអ្នកបម្រើអើយ! ត្រូវគោរពចុះចូលនឹងម្ចាស់របស់ខ្លួន ដោយគោរពកោតខ្លាចទាំងស្រុង មិនត្រឹមតែគោរពចុះចូលនឹងម្ចាស់ណាដែលល្អ និងមានចិត្តសប្បុរសប៉ុណ្ណោះទេ គឺត្រូវចុះចូលនឹងម្ចាស់ដែលកាចផងដែរ។ បើមានបងប្អូនណាម្នាក់រងទុក្ខលំបាកដោយអយុត្ដិធម៌ ហើយស៊ូទ្រាំ ព្រោះយល់ដល់ព្រះជាម្ចាស់ តោងចាត់ទុកថា ព្រះអង្គប្រណីសន្ដោសដល់បងប្អូននោះហើយ។ ប្រសិនបើបងប្អូនស៊ូទ្រាំរងទារុណកម្មមកពីបានប្រព្រឹត្តអំពើអាក្រក់ណាមួយ បងប្អូនគ្មានកិត្តិយសអ្វីទេ! ផ្ទុយទៅវិញ ប្រសិនបើបងប្អូនបានប្រព្រឹត្តអំពើល្អ តែស៊ូទ្រាំនឹងទុក្ខលំបាក នោះមកពីព្រះជាម្ចាស់ប្រណីសន្ដោសដល់បងប្អូន ។ ព្រះអង្គត្រាស់ហៅបងប្អូនមក ឲ្យរងទុក្ខលំបាកយ៉ាងនេះ ព្រោះព្រះគ្រិស្ត*ក៏បានរងទុក្ខលំបាក សម្រាប់បងប្អូន ទុកជាគំរូឲ្យ បងប្អូនដើរតាមគន្លងរបស់ព្រះអង្គដែរ។ ព្រះអង្គពុំដែលបានប្រព្រឹត្តអំពើបាបសោះ ហើយក៏ពុំដែលមានព្រះបន្ទូលវៀចវេរណា ចេញពីព្រះឱស្ឋរបស់ព្រះអង្គឡើយ ។ ទោះបីគេជេរប្រមាថព្រះអង្គ ក៏ព្រះអង្គមិនតបតទៅគេវិញដែរ ព្រះអង្គបានរងទុក្ខលំបាក តែព្រះអង្គពុំបានគំរាមកំហែងគេវិញទេ ព្រះអង្គផ្ញើជីវិតទៅលើព្រះជាម្ចាស់ ដែលទ្រង់វិនិច្ឆ័យដោយយុត្តិធម៌។ ព្រះគ្រិស្ត*បានផ្ទុកបាប*របស់យើង ក្នុងព្រះកាយរបស់ព្រះអង្គ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងលែងជំពាក់ជំពិន នឹងបាបតទៅមុខទៀត ហើយឲ្យយើងមានជីវិត ដោយប្រព្រឹត្តតែអំពើសុចរិត*។ បងប្អូនបានជាសះស្បើយដោយសារ ស្នាមរបួសរបស់ព្រះអង្គ ដ្បិតបងប្អូនប្រៀបដូចជាចៀមដែលវង្វេង តែឥឡូវនេះ បងប្អូនបានវិលត្រឡប់មករក គង្វាល និងអ្នកថែរក្សាព្រលឹង របស់បងប្អូនវិញហើយ។
អាន ១ ពេត្រុស 2
ស្ដាប់នូវ ១ ពេត្រុស 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពេត្រុស 2:18-25
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ