១ ពេត្រុស 1:15-23

១ ពេត្រុស 1:15-23 គខប

ផ្ទុយ​ទៅ​វិញ ព្រះអង្គ​ដែល​បាន​ត្រាស់​ហៅ​បងប្អូន ទ្រង់​វិសុទ្ធ*​យ៉ាង​ណា បងប្អូន​ក៏​ត្រូវ​តែ​វិសុទ្ធ*​ក្នុង​គ្រប់​កិច្ចការ ដែល​បងប្អូន​ប្រព្រឹត្ត​យ៉ាង​នោះ​ដែរ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ទុក​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​តែ​វិសុទ្ធ* ព្រោះ​យើង​វិសុទ្ធ» ។ មួយ​វិញ​ទៀត ប្រសិន​បើ​បងប្អូន​អង្វរ​រក​ព្រះ‌ជា‌ម្ចាស់​ក្នុង​ឋានៈ​ព្រះអង្គ​ជា​ព្រះ‌បិតា ចូរ​រស់​នៅ​ដោយ​គោរព​កោត​ខ្លាច​ព្រះអង្គ ក្នុង​ពេល​ដែល​បងប្អូន​ស្នាក់​នៅ​លើ​ផែនដី​នេះ ដ្បិត​ព្រះអង្គ​នឹង​វិនិច្ឆ័យ​មនុស្ស តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ប្រព្រឹត្ត ឥត​រើស​មុខ​នរណា​ឡើយ។ បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះ‌ជា‌ម្ចាស់​បាន​លោះ​បងប្អូន​ឲ្យ​រួច​ពី​របៀប​រស់​នៅ​ដ៏​ឥត​ន័យ ដែល​ជា​ដំណែល​ត​ពី​បុព្វបុរស*​របស់​បងប្អូន មិន​មែន​ដោយ‌សារ​អ្វីៗ​ដែល​តែងតែ​រលាយ​សាប​សូន្យ​ទៅ ដូច​ជា​មាស ឬ​ប្រាក់​ទេ គឺ​ដោយ‌សារ​ព្រះ‌លោហិត​ដ៏​ថ្លៃ​វិសេស​របស់​ព្រះ‌គ្រិស្ត* ដែល​ប្រៀប​បាន​នឹង​កូន​ចៀម​ដ៏​ល្អ​ឥត​ខ្ចោះ ឥត​ស្លាក‌ស្នាម។ ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស​តាំង​ព្រះ‌គ្រិស្ត មុន​កំណើត​ពិភព​លោក​ទៅ​ទៀត ហើយ​បាន​បង្ហាញ​ព្រះអង្គ​ឲ្យ​មនុស្ស​លោក​ឃើញ​នៅ​គ្រា​ចុង​ក្រោយ​នេះ ព្រោះ​តែ​បងប្អូន។ តាម​រយៈ​ព្រះ‌គ្រិស្ត បងប្អូន​ជឿ​លើ​ព្រះ‌ជា‌ម្ចាស់​ដែល​បាន​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​ប្រទាន​សិរី‌រុងរឿង​មក​ព្រះអង្គ ដើម្បី​ឲ្យ​បងប្អូន​មាន​ជំនឿ និង​មាន​សង្ឃឹម​លើ​ព្រះ‌ជា‌ម្ចាស់។ បងប្អូន​បាន​ជម្រះ​ព្រលឹង​ឲ្យ​បរិសុទ្ធ*​ដោយ​ស្ដាប់​តាម​សេចក្ដី​ពិត ដើម្បី​ឲ្យ​បងប្អូន​ចេះ​ស្រឡាញ់​គ្នា​យ៉ាង​ស្មោះ‌ស្ម័គ្រ ដូច​បងប្អូន​បង្កើត។ ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​អស់​ពី​ចិត្ត​ទៅ។ ព្រះ‌ជា‌ម្ចាស់​បាន​ប្រោស​បងប្អូន​ឲ្យ​កើត​ជា​ថ្មី មិន​មែន​ដោយ​ពូជ​ដែល​តែងតែ​រលួយ​ទេ គឺ​ដោយ​ពូជ​មិន​ចេះ​រលួយ​ដែល​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់។ ព្រះ‌បន្ទូល​នេះ​ផ្ដល់​ជីវិត ហើយ​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ ពេត្រុស 1:15-23