១ ពេត្រុស 1:11-19

១ ពេត្រុស 1:11-19 គខប

ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រិស្ត​ដែល​គង់​នៅ​ក្នុង​ព្យាការី​ទាំង​នោះ បាន​បញ្ជាក់​ប្រាប់​ជា​មុន​អំពី​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រិស្ត និង​អំពី​សិរី‌រុងរឿង​ដែល​ព្រះអង្គ​នឹង​ទទួល​តាម​ក្រោយ។ ពួក​លោក​ក៏​បាន​រិះគិត​ចង់​ដឹង​ថា តើ​ព្រឹត្តិ‌ការណ៍​នេះ​នឹង​កើត​មាន​នៅ​ជំនាន់​ណា ក្នុង​កាលៈ‌ទេសៈ​ណា។ ព្រះ‌ជា‌ម្ចាស់​បាន​សម្តែង​ឲ្យ​ព្យាការី​ទាំង​នោះ​ដឹង​ថា សេចក្ដី​ដែល​ពួក​លោក​ថ្លែង​មិន​មែន​សម្រាប់​ពួក​លោក​ទេ គឺ​សម្រាប់​បងប្អូន​វិញ។ ឥឡូវ​នេះ ពួក​អ្នក​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​បាន​នាំ​ដំណឹង​មក​ប្រាប់​បងប្អូន​អំពី​សេចក្ដី​ទាំង​នោះ ក្រោម​ការ​ណែ‌នាំ​របស់​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ចាត់​ពី​ស្ថាន​បរម‌សុខ​មក។ សូម្បី​តែ​ពួក​ទេវតា*​ក៏​ប្រាថ្នា​ចង់​យល់​ជម្រៅ​នៃ​សេចក្ដី​ទាំង​នោះ​ដែរ។ ហេតុ​នេះ សូម​បងប្អូន​ប្រុង​ប្រៀប​ចិត្ត​គំនិត​ឲ្យ​មែន​ទែន កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ ត្រូវ​មាន​ចិត្ត​សង្ឃឹម​ទាំង​ស្រុង​ទៅ​លើ​ព្រះ‌គុណ ដែល​ព្រះ‌ជា‌ម្ចាស់​ប្រោស​ប្រទាន​ឲ្យ​បងប្អូន នៅ​ថ្ងៃ​ព្រះ‌យេស៊ូ‌គ្រិស្ត*​នឹង​សម្តែង​ព្រះអង្គ​ឲ្យ​មនុស្ស​លោក​ឃើញ។ ចូរ​ធ្វើ​ដូច​កូន​ដែល​ចេះ​ស្ដាប់​បង្គាប់ គឺ​មិន​ត្រូវ​ធ្វើ​តាម​ចិត្ត​ប៉ង‌ប្រាថ្នា ដែល​បងប្អូន​ធ្លាប់​មាន​កាល​មិន​ទាន់​ស្គាល់​ព្រះអង្គ ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​ដែល​បាន​ត្រាស់​ហៅ​បងប្អូន ទ្រង់​វិសុទ្ធ*​យ៉ាង​ណា បងប្អូន​ក៏​ត្រូវ​តែ​វិសុទ្ធ*​ក្នុង​គ្រប់​កិច្ចការ ដែល​បងប្អូន​ប្រព្រឹត្ត​យ៉ាង​នោះ​ដែរ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ទុក​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​តែ​វិសុទ្ធ* ព្រោះ​យើង​វិសុទ្ធ» ។ មួយ​វិញ​ទៀត ប្រសិន​បើ​បងប្អូន​អង្វរ​រក​ព្រះ‌ជា‌ម្ចាស់​ក្នុង​ឋានៈ​ព្រះអង្គ​ជា​ព្រះ‌បិតា ចូរ​រស់​នៅ​ដោយ​គោរព​កោត​ខ្លាច​ព្រះអង្គ ក្នុង​ពេល​ដែល​បងប្អូន​ស្នាក់​នៅ​លើ​ផែនដី​នេះ ដ្បិត​ព្រះអង្គ​នឹង​វិនិច្ឆ័យ​មនុស្ស តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ប្រព្រឹត្ត ឥត​រើស​មុខ​នរណា​ឡើយ។ បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះ‌ជា‌ម្ចាស់​បាន​លោះ​បងប្អូន​ឲ្យ​រួច​ពី​របៀប​រស់​នៅ​ដ៏​ឥត​ន័យ ដែល​ជា​ដំណែល​ត​ពី​បុព្វបុរស*​របស់​បងប្អូន មិន​មែន​ដោយ‌សារ​អ្វីៗ​ដែល​តែងតែ​រលាយ​សាប​សូន្យ​ទៅ ដូច​ជា​មាស ឬ​ប្រាក់​ទេ គឺ​ដោយ‌សារ​ព្រះ‌លោហិត​ដ៏​ថ្លៃ​វិសេស​របស់​ព្រះ‌គ្រិស្ត* ដែល​ប្រៀប​បាន​នឹង​កូន​ចៀម​ដ៏​ល្អ​ឥត​ខ្ចោះ ឥត​ស្លាក‌ស្នាម។