១ ពង្សាវតារក្សត្រ 8
8
ហិបនៃសម្ពន្ធមេត្រីតម្កល់ក្នុងព្រះដំណាក់
(២ របាក្សត្រ ៥.២–៦.២)
1 គ្រានោះ ព្រះបាទសាឡូម៉ូនអញ្ជើញពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល ពួកមេដឹកនាំកុលសម្ព័ន្ធទាំងប៉ុន្មាន និងតំណាងក្រុមគ្រួសារនៃជនជាតិអ៊ីស្រាអែល ឲ្យមកគាល់ស្ដេចនៅក្រុងយេរូសាឡឹម ដើម្បីដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ពីបុរីព្រះបាទដាវីឌ គឺក្រុងស៊ីយ៉ូន មកព្រះដំណាក់។ 2 ប្រជាជនអ៊ីស្រាអែលទាំងអស់នាំគ្នាមកគាល់ព្រះរាជា ដើម្បីចូលរួមពិធីបុណ្យខែអស្សុជ គឺជាខែទីប្រាំពីរ ។ 3ពេលអស់លោកព្រឹទ្ធាចារ្យមកដល់ ក្រុមបូជាចារ្យក៏លើកហិបនៃសម្ពន្ធមេត្រីសែង។ 4ក្រុមបូជាចារ្យ និងក្រុមលេវី នាំគ្នាដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ព្រមទាំងនាំយកពន្លាជួបព្រះអម្ចាស់ និងវត្ថុសក្ការៈទាំងប៉ុន្មាន ដែលស្ថិតនៅក្នុងពន្លាមកជាមួយដែរ។ 5ព្រះបាទសាឡូម៉ូន និងសហគមន៍អ៊ីស្រាអែលទាំងមូល ដែលស្ដេចបានអញ្ជើញមកនោះ នាំគ្នាឈរនៅមុខហិបនៃសម្ពន្ធមេត្រី។ គេយកចៀម និងគោយ៉ាងច្រើនឥតគណនា មកថ្វាយជាយញ្ញបូជា។ 6បូជាចារ្យនាំគ្នាសែងហិបទៅតម្កល់ត្រង់កន្លែង ដែលគេបម្រុងទុកក្នុងទីសក្ការៈរបស់ព្រះដំណាក់ គឺក្នុងទីសក្ការៈបំផុត នៅក្រោមស្លាបរបស់ចេរូប៊ីន។ 7ចេរូប៊ីនទាំងពីរត្រដាងស្លាបពីលើកន្លែងតម្កល់ហិប ដើម្បីបាំងហិប និងឈើស្នែង។ 8ដោយឈើស្នែងវែង គេអាចមើលឃើញចុងរបស់ឈើទាំងនោះពីទីសក្ការៈ ដែលនៅខាងមុខកន្លែងតម្កល់ហិប ប៉ុន្តែ ពីខាងក្រៅ គេពុំអាចមើលឃើញឡើយ។ អ្វីៗទាំងអស់ស្ថិតនៅទីនោះរហូតដល់សព្វថ្ងៃ។ 9 នៅក្នុងហិប គ្មានអ្វីក្រៅពីថ្មពីរបន្ទះ ដែលលោកម៉ូសេបានតម្កល់ទុកនោះឡើយ គឺបន្ទះថ្មដែលលោកទទួលនៅភ្នំហោរែប កាលព្រះអម្ចាស់ចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែល ក្រោយពេលពួកគេចាកចេញពីស្រុកអេស៊ីប។
10 កាលអស់លោកបូជាចារ្យ*ចេញពីទីសក្ការៈមកវិញ នោះស្រាប់តែមានពពក*ពេញក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ 11ដោយសារតែពពក ក្រុមបូជាចារ្យពុំអាចបំពេញមុខងាររបស់ខ្លួនបានឡើយ ដ្បិតសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញក្នុងព្រះដំណាក់របស់ព្រះអង្គ។
12 ពេលនោះ ព្រះបាទសាឡូម៉ូនមានរាជឱង្ការដូចតទៅ៖
«ព្រះអម្ចាស់មានព្រះបន្ទូលថា
ព្រះអង្គសព្វព្រះហឫទ័យគង់ក្នុងពពកដ៏ក្រាស់!
13ទូលបង្គំបានសង់ព្រះវិហារដ៏ថ្កុំថ្កើងនេះ
ធ្វើជាព្រះដំណាក់ថ្វាយព្រះអង្គគង់
អស់កល្បជានិច្ច»។
សេចក្ដីថ្លែងការរបស់ព្រះបាទសាឡូម៉ូន
(២ របាក្សត្រ ៦.៣-១១)
14ព្រះរាជាបែរមក ហើយប្រទានពរដល់សហគមន៍អ៊ីស្រាអែលទាំងមូល ដែលកំពុងតែឈរនៅទីនោះ។ 15ព្រះរាជាមានរាជឱង្ការថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ព្រះអង្គសម្តែងព្រះបារមី ដើម្បីសម្រេចតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាចំពោះព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំ 16 គឺព្រះអង្គមានព្រះបន្ទូលថា: “តាំងពីថ្ងៃដែលយើងនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ចាកចេញពីស្រុកអេស៊ីប យើងមិនបានជ្រើសរើសក្រុងណាមួយ ក្នុងចំណោមកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ៊ីស្រាអែល ដើម្បីសង់ដំណាក់មួយ ជាកន្លែងសម្រាប់សម្តែងនាមរបស់យើងឡើយ។ ប៉ុន្តែ យើងបានជ្រើសរើសដាវីឌឲ្យធ្វើជាមេដឹកនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង”។ 17 ព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំ មានបំណងសង់ព្រះដំណាក់មួយថ្វាយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។ 18ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់បិតារបស់ខ្ញុំថា “អ្នកមានបំណងសង់ព្រះដំណាក់សម្រាប់យើងដូច្នេះ ជាការប្រសើរណាស់ 19 តែមិនមែនអ្នកទេ ដែលនឹងសង់ព្រះដំណាក់នោះ គឺកូនដែលកើតចេញពីសាច់ឈាមរបស់អ្នកផ្ទាល់ ជាអ្នកសង់ព្រះដំណាក់សម្រាប់យើង”។ 20ព្រះអម្ចាស់បានសម្រេចតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ គឺខ្ញុំឡើងស្នងរាជ្យរបស់ព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំ ខ្ញុំគ្រងរាជ្យលើជនជាតិអ៊ីស្រាអែល ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ខ្ញុំក៏បានសង់ព្រះដំណាក់នេះថ្វាយព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលដែរ។ 21ខ្ញុំបានរៀបចំកន្លែងមួយ សម្រាប់តម្កល់ហិបដាក់បន្ទះថ្មនៃសម្ពន្ធមេត្រី គឺសម្ពន្ធមេត្រីដែលព្រះអម្ចាស់បានចងជាមួយបុព្វបុរសរបស់យើង នៅពេលព្រះអង្គនាំពួកលោកចេញពីស្រុកអេស៊ីប»។
ពាក្យអធិស្ឋានរបស់ព្រះបាទសាឡូម៉ូន
(២ របាក្សត្រ ៦.១២-៤០)
22ព្រះបាទសាឡូម៉ូនឈរពីមុខអាសនៈរបស់ព្រះអម្ចាស់ នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូល ទ្រង់លើកព្រះហស្ដទៅលើមេឃ ហើយទូលថា៖ 23«បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល! នៅលើមេឃ និងនៅលើផែនដី គ្មានព្រះណាមួយដូចព្រះអង្គឡើយ។ ព្រះអង្គរក្សាសម្ពន្ធមេត្រី ហើយសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះអ្នកបម្រើរបស់ព្រះអង្គ ដែលដើរតាមព្រះអង្គ ដោយស្មោះអស់ពីចិត្ត។ 24ព្រះអង្គប្រោសប្រណីដល់ព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ និងជាបិតារបស់ទូលបង្គំ ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ថ្ងៃនេះ ព្រះអង្គសម្រេចតាមព្រះបន្ទូលសន្យា ដោយសារឫទ្ធិបារមីរបស់ព្រះអង្គ។ 25 បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល! ឥឡូវនេះ សូមព្រះអង្គប្រោសប្រណីដល់អ្នកបម្រើព្រះអង្គ គឺព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាថា ប្រសិនបើពូជពង្សរបស់អ្នកប្រុងប្រយ័ត្នចំពោះមាគ៌ារបស់ខ្លួន ហើយប្រសិនគេដើរតាមយើង ដូចអ្នកបានដើរនៅចំពោះមុខយើងដែរនោះ ក្នុងចំណោមពួកគេ តែងតែមានម្នាក់ឡើងគ្រងរាជ្យលើអ៊ីស្រាអែលនៅចំពោះមុខយើងជានិច្ច។ 26បពិត្រព្រះនៃជនជាតិអ៊ីស្រាអែល ឥឡូវនេះ សូមសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយអ្នកបម្រើព្រះអង្គ គឺព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំ!
27 តើព្រះជាម្ចាស់ពិតជាអាចគង់នៅលើផែនដីបានឬ? សូម្បីតែផ្ទៃមេឃ និងលំហដ៏ធំធេងក៏ពុំល្មមថ្វាយព្រះអង្គគង់ផង ចុះទម្រាំបើព្រះដំណាក់ដែលទូលបង្គំសង់ថ្វាយនេះ តើរឹងរឹតតែចង្អៀតយ៉ាងណាទៅ។ 28បពិត្រព្រះអម្ចាស់ ជាព្រះនៃទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គ ហើយសូមទ្រង់ព្រះសណ្ដាប់សម្រែក និងពាក្យអធិស្ឋានរបស់ទូលបង្គំនៅថ្ងៃនេះផង! 29 សូមទតមើលមកព្រះដំណាក់នេះ ទាំងយប់ ទាំងថ្ងៃ គឺកន្លែងដែលព្រះអង្គមានព្រះបន្ទូលថា “ទីនេះជាកន្លែងសម្រាប់នាមយើង”។ ពេលទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ អធិស្ឋាននៅទីនេះ សូមទ្រង់ព្រះសណ្ដាប់ផង។ 30កាលទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ និងអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ អធិស្ឋានឆ្ពោះមកទីនេះ សូមទ្រង់មេត្តាព្រះសណ្ដាប់ផង។ បពិត្រព្រះអម្ចាស់ដែលគង់នៅស្ថានបរមសុខ សូមមេត្តាព្រះសណ្ដាប់ពាក្យទូលអង្វររបស់យើងខ្ញុំ និងអត់ទោសឲ្យយើងខ្ញុំផង!
31ប្រសិនបើមនុស្សម្នាក់ប្រព្រឹត្តខុសចំពោះអ្នកដទៃ គេបង្ខំឲ្យអ្នកនោះស្បថ ហើយអ្នកនោះមកស្បថនៅមុខអាសនៈ ក្នុងព្រះដំណាក់របស់ព្រះអង្គ 32សូមព្រះអង្គដែលគង់នៅស្ថានបរមសុខ ទ្រង់ព្រះសណ្ដាប់ ហើយវិនិច្ឆ័យទោសឲ្យអ្នកបម្រើរបស់ព្រះអង្គ។ សូមដាក់ទោសអ្នកដែលធ្វើខុស សមនឹងកំហុសដែលគេបានធ្វើ ហើយផ្ដល់យុត្តិធម៌ដល់មនុស្សសុចរិត តាមអំពើដែលគេបានប្រព្រឹត្ត។
33កាលណាអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ ហើយបរាជ័យនៅចំពោះមុខខ្មាំងសត្រូវ ប្រសិនបើពួកគេវិលមករកព្រះអង្គ និងសរសើរតម្កើងព្រះនាមព្រះអង្គ ព្រមទាំងអធិស្ឋាន និងទូលអង្វរព្រះអង្គក្នុងព្រះដំណាក់នេះ 34សូមព្រះអង្គដែលគង់នៅស្ថានបរមសុខ* ទ្រង់ព្រះសណ្ដាប់ ហើយលើកលែងទោសអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ឲ្យបានរួចពីបាប ព្រមទាំងនាំពួកគេមករស់នៅលើទឹកដី ដែលព្រះអង្គប្រទានដល់ដូនតារបស់គេវិញ។
35កាលណាមេឃរាំងស្ងួត គ្មានភ្លៀង ព្រោះតែប្រជាជនប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ ហើយព្រះអង្គដាក់ទារុណកម្មពួកគេ ប្រសិនបើពួកគេអធិស្ឋានឆ្ពោះមកទីនេះ រួចសរសើរតម្កើងព្រះនាមព្រះអង្គ និងលះបង់អំពើបាប 36សូមព្រះអង្គដែលគង់នៅស្ថានបរមសុខទ្រង់ព្រះសណ្ដាប់ ហើយលើកលែងទោសពួកអ្នកបម្រើរបស់ព្រះអង្គឲ្យបានរួចពីបាបផង គឺអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។ សូមបង្រៀនពួកគេឲ្យដើរតាមមាគ៌ាដ៏សុចរិត និងប្រទានទឹកភ្លៀងមកលើទឹកដីរបស់ព្រះអង្គ គឺទឹកដីដែលព្រះអង្គប្រទានឲ្យប្រជារាស្ត្រព្រះអង្គទុកជាកេរមត៌ក។
37កាលណាស្រុកកើតទុរ្ភិក្ស ជំងឺរាតត្បាត ស្រូវស្កកមានក្រា កណ្ដូប និងចង្រិតស៊ីបង្ហិនស្រូវ ឬមានខ្មាំងសត្រូវមកឡោមព័ទ្ធប្រជារាស្ត្រ នៅក្នុងស្រុក និងតាមទ្វារក្រុងរបស់គេ ហើយកាលណាមានគ្រោះកាច និងមានជំងឺផ្សេងៗ 38ប្រសិនបើមាននរណាម្នាក់ ឬប្រជាជនអ៊ីស្រាអែលទាំងមូល ដែលជាប្រជារាស្ត្ររបស់ព្រះអង្គមានទុក្ខខ្លោចផ្សាក្នុងចិត្ត រួចអធិស្ឋាន និងទូលអង្វរ ទាំងលើកដៃប្រណម្យឆ្ពោះមកព្រះដំណាក់ 39សូមព្រះអង្គដែលគង់នៅស្ថានបរមសុខទ្រង់ព្រះសណ្ដាប់ និងលើកលែងទោសឲ្យពួកគេ ហើយប្រព្រឹត្តចំពោះពួកគេ តាមអំពើដែលម្នាក់ៗបានធ្វើ ដ្បិតមានតែព្រះអង្គទេ ដែលស្គាល់ចិត្តរបស់មនុស្សលោកទាំងអស់។ 40ធ្វើដូច្នេះ ពួកគេនឹងគោរពកោតខ្លាចព្រះអង្គរហូតតទៅ ហើយពួកគេនឹងរស់នៅលើទឹកដី ដែលព្រះអង្គប្រទានឲ្យដូនតារបស់យើងខ្ញុំ។
41ម្យ៉ាងទៀត ប្រសិនបើជនបរទេសដែលមិនមែនជាជនជាតិអ៊ីស្រាអែល ប្រជារាស្ត្ររបស់ព្រះអង្គ មកពីស្រុកឆ្ងាយ ដោយសារព្រះនាមរបស់ព្រះអង្គ 42(ដ្បិតព្រះនាមដ៏ឧត្ដុង្គឧត្ដម ឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គ នឹងល្បីខ្ចរខ្ចាយទៅក្នុងចំណោមប្រជាជាតិនានា) ប្រសិនបើជនបរទេសនោះមកអង្វរព្រះអង្គ ក្នុងព្រះដំណាក់នេះ 43សូមព្រះអង្គដែលគង់នៅស្ថានបរមសុខទ្រង់ព្រះសណ្ដាប់ និងប្រោសប្រទានតាមសំណូមពរទាំងប៉ុន្មាន ដែលជនបរទេសនោះទូលសូមពីព្រះអង្គ ដើម្បីឲ្យជាតិសាសន៍ទាំងអស់នៅផែនដីស្គាល់ព្រះនាមរបស់ព្រះអង្គ ហើយគោរពកោតខ្លាចព្រះអង្គ ដូចអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គដែរ។ ពួកគេនឹងទទួលស្គាល់ថា ព្រះដំណាក់ដែលទូលបង្គំសង់នេះ ពិតជាកន្លែងដែលព្រះអង្គគង់នៅមែន។
44កាលណាប្រជារាស្ត្ររបស់ព្រះអង្គចេញទៅច្បាំងនឹងខ្មាំងសត្រូវតាមបញ្ជារបស់ព្រះអង្គ រួចទូលអង្វរព្រះអម្ចាស់ឆ្ពោះមកក្រុងដែលព្រះអង្គបានជ្រើសរើស និងឆ្ពោះមកព្រះដំណាក់ដែលទូលបង្គំបានសង់ថ្វាយព្រះអង្គ 45សូមព្រះអង្គដែលគង់នៅស្ថានបរមសុខទ្រង់ព្រះសណ្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ពួកគេ ហើយរកយុត្តិធម៌ឲ្យពួកគេផង។
46កាលណាជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ (ដ្បិតគ្មាននរណាម្នាក់មិនប្រព្រឹត្តអំពើបាបឡើយ) ពេលនោះ ព្រះអង្គទ្រង់ព្រះពិរោធនឹងពួកគេ ហើយប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃខ្មាំងសត្រូវ។ ពេលខ្មាំងកៀរពួកគេទៅជាឈ្លើយនៅស្រុករបស់ខ្លួន ទោះឆ្ងាយ ឬជិតក្ដី 47ប្រសិនបើនៅក្នុងស្រុកដែលពួកគេជាប់ជាឈ្លើយ ពួកគេភ្ញាក់រឭក រួចវិលមករកព្រះអង្គវិញ ហើយទូលអង្វរថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាប យើងខ្ញុំបានប្រព្រឹត្តខុស យើងខ្ញុំបានប្រព្រឹត្តអំពើអាក្រក់!”។ 48នៅក្នុងស្រុកដែលខ្មាំងចាប់ពួកគេយកទៅជាឈ្លើយនោះ ប្រសិនបើពួកគេវិលមករកព្រះអង្គយ៉ាងអស់ពីចិត្ត អស់ពីគំនិត រួចទូលអង្វរព្រះអង្គឆ្ពោះមកស្រុកដែលព្រះអង្គប្រទានឲ្យដូនតារបស់គេ ឆ្ពោះមកក្រុងដែលព្រះអង្គបានជ្រើសរើស និងឆ្ពោះមកព្រះដំណាក់ដែលទូលបង្គំបានសង់ថ្វាយព្រះអង្គ 49សូមព្រះអង្គដែលគង់នៅស្ថានបរមសុខស្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ពួកគេ ហើយរំដោះពួកគេផង។ 50សូមលើកលែងទោសឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ព្រោះពួកគេប្រព្រឹត្តអំពើបាប និងអំពើទុច្ចរិតទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។ សូមបណ្ដាលឲ្យខ្មាំងសត្រូវដែលចាប់ពួកគេទៅជាឈ្លើយនោះ មានចិត្តអាណិតអាសូរដល់ពួកគេផង។ 51ពួកគេជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ គឺប្រជារាស្ត្រដែលព្រះអង្គនាំចេញពីទាសភាពនៅស្រុកអេស៊ីប។
52សូមព្រះអង្គទតមើលមកទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ព្រមទាំងជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ សូមទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់យើងខ្ញុំគ្រប់ពេល ដែលយើងខ្ញុំអង្វររកព្រះអង្គ។ 53ព្រះអង្គបានញែកយើងខ្ញុំពីក្នុងចំណោមជាតិសាសន៍ទាំងអស់ នៅលើផែនដី ដើម្បីឲ្យយើងខ្ញុំធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ ដូចព្រះអង្គបានថ្លែងតាមរយៈលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ នៅពេលដែលព្រះអង្គនាំដូនតារបស់យើងខ្ញុំចាកចេញពីស្រុកអេស៊ីប»។
54ពេលព្រះបាទសាឡូម៉ូនទូលព្រះអម្ចាស់ នូវពាក្យអធិស្ឋាន និងអង្វរទាំងនេះ ចប់សព្វគ្រប់ហើយ ទ្រង់ក៏ក្រោកឈរឡើង នៅមុខអាសនៈរបស់ព្រះអម្ចាស់ ជាកន្លែងដែលស្ដេចបានលុតជង្គង់នោះ។ ស្ដេចលើកព្រះហស្ដឡើងលើ 55ហើយប្រទានពរអង្គប្រជុំនៃជនជាតិអ៊ីស្រាអែល ដោយបន្លឺព្រះសូរសៀងខ្លាំងៗថា៖ 56 «សូមអរព្រះគុណព្រះអម្ចាស់ ដែលប្រោសប្រទានឲ្យជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ បានសុខសាន្ត ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ព្រះអង្គសម្រេចតាមព្រះបន្ទូលដ៏ថ្លៃថ្លា ដែលព្រះអង្គបានថ្លែងតាមរយៈលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ ឥតខ្វះត្រង់ណាឡើយ។ 57សូមព្រះអម្ចាស់ជាព្រះនៃយើង គង់នៅជាមួយពួកយើង ដូចព្រះអង្គគង់នៅជាមួយបុព្វបុរសរបស់ពួកយើងដែរ! សូមព្រះអង្គកុំបោះបង់ និងបំភ្លេចពួកយើងចោលឡើយ។ 58សូមព្រះអង្គបង្វែរចិត្តពួកយើងទៅរកព្រះអង្គ ដើម្បីឲ្យពួកយើងដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះអង្គ ព្រមទាំងគោរពប្រតិបត្តិ តាមបទបញ្ជា ច្បាប់ និងវិន័យដែលព្រះអង្គប្រទានឲ្យបុព្វបុរសរបស់ពួកយើង។ 59សូមព្រះអម្ចាស់ ជាព្រះនៃយើង នឹកចាំទាំងថ្ងៃទាំងយប់នូវពាក្យដែលខ្ញុំទូលអង្វរព្រះអង្គ ហើយសូមព្រះអង្គមេត្តាជួយដល់ខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គ និងអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គជារៀងរាល់ថ្ងៃ។ 60ដូច្នេះ ជាតិសាសន៍ទាំងអស់នៅលើផែនដីនឹងទទួលស្គាល់ថា មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលពិតជាព្រះជាម្ចាស់ គឺគ្មានព្រះឯណាទៀតឡើយ។ 61ចូរមានចិត្តស្មោះត្រង់ចំពោះព្រះអម្ចាស់ ជាព្រះនៃយើង ហើយប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ និងកាន់តាមបទបញ្ជារបស់ព្រះអង្គ ដូចអ្នករាល់គ្នាធ្វើនៅពេលនេះដែរ»។
ព្រះបាទសាឡូម៉ូនថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់
(២ របាក្សត្រ ៧.៤-១០)
62ព្រះបាទសាឡូម៉ូន និងប្រជាជនអ៊ីស្រាអែលទាំងអស់ដែលនៅទីនោះ បានថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់។ 63ព្រះរាជា និងប្រជាជនអ៊ីស្រាអែលទាំងអស់ បានធ្វើពិធីឆ្លងព្រះដំណាក់របស់ព្រះអម្ចាស់ ហើយក្នុងឱកាសនោះ ព្រះបាទសាឡូម៉ូនថ្វាយយញ្ញបូជាមេត្រីដល់ព្រះអម្ចាស់ គឺថ្វាយគោចំនួនពីរម៉ឺនពីរពាន់ក្បាល ចៀមមួយសែនពីរម៉ឺនក្បាល។ 64ថ្ងៃនោះ ព្រះរាជាញែកទីលាននៅខាងមុខព្រះដំណាក់របស់ព្រះអម្ចាស់ ជាសក្ការៈ សម្រាប់ថ្វាយតង្វាយដុតទាំងមូល តង្វាយម្សៅ និងខ្លាញ់របស់សត្វដែលជាយញ្ញបូជាមេត្រីភាព ដ្បិតអាសនៈលង្ហិននៅមុខទ្វារចូលទីសក្ការៈនោះតូចពេក ពុំអាចដាក់តង្វាយទាំងអស់បាន។ 65ក្នុងឱកាសនោះ ព្រះបាទសាឡូម៉ូនប្រារព្ធពិធីបុណ្យរួមជាមួយប្រជាជនអ៊ីស្រាអែលទាំងមូល ពួកគេធ្វើដំណើរតាំងពីច្រកចូលក្រុងហាម៉ាត់ រហូតដល់ទឹកធ្លាក់នៅស្រុកអេស៊ីប មកមូលគ្នាជាអង្គប្រជុំយ៉ាងធំ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះនៃយើងអស់រយៈពេលប្រាំពីរថ្ងៃ រួចហើយប្រាំពីរថ្ងៃទៀត គឺសរុបទាំងអស់ដប់បួនថ្ងៃ ។ 66នៅថ្ងៃទីប្រាំបី ព្រះរាជាឲ្យប្រជាជនអ៊ីស្រាអែលវិលត្រឡប់ទៅវិញ។ លុះថ្វាយពរព្រះរាជារួចហើយ ប្រជាជនវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេរៀងៗខ្លួន ដោយចិត្តសប្បាយរីករាយ ព្រោះព្រះអម្ចាស់បានសម្តែងព្រះហឫទ័យសប្បុរសចំពោះព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ និងចំពោះអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
១ ពង្សាវតារក្សត្រ 8: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.