១ ពង្សាវតារក្សត្រ 6

6
ការ​សង់​ព្រះ‌វិហារ
( របាក្សត្រ ៣.១-១៤)
1ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់​ព្រះ‌ដំណាក់​ថ្វាយ ព្រះ‌អម្ចាស់ នៅ​ឆ្នាំ​ទី​បួន‌រយ‌ប៉ែត‌សិប ក្រោយ​ពេល​កូន​ចៅ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​សាឡូម៉ូន ក្នុង​ខែ​ពិសាខ ដែល​ត្រូវ​ជា​ខែ​ទី​ពីរ។ 2ព្រះ‌ដំណាក់​ដែល​ព្រះ‌បាទ​សាឡូម៉ូន​សង់​ថ្វាយ​ព្រះ‌អម្ចាស់ មាន​បណ្ដោយ​ប្រវែង​ហុក‌សិប​ហត្ថ ទទឹង​ម្ភៃ​ហត្ថ និង​កម្ពស់​សាម‌សិប​ហត្ថ ។ 3បន្ទប់​ល្វែង​នៅ​ខាង​មុខ​ទីសក្ការៈ​នៃ​ព្រះ‌ដំណាក់​មាន​បណ្ដោយ​ប្រវែង​ម្ភៃ​ហត្ថ ស្រប​តាម​ប្រវែង​ទទឹង​ព្រះ‌ដំណាក់ រីឯ​ទទឹង​របស់​បន្ទប់​មាន​ប្រវែង​ដប់​ហត្ថ។ 4នៅ​តាម​ជញ្ជាំង​ព្រះ‌ដំណាក់ ព្រះ‌រាជា​បាន​ឲ្យ​គេ​ធ្វើ​បង្អួច​ដែល​មាន​ដាក់​ចម្រឹង​ផង។ 5ព្រះ‌រាជា​ឲ្យ​គេ​សង់​បន្ទប់​អម ភ្ជាប់​ទៅ​នឹង​ជញ្ជាំង​ព្រះ‌ដំណាក់ ពោល​គឺ​ព្រះ‌វិហារ និង​ទីសក្ការៈ។ បន្ទប់​អម​ទាំង​នោះ​ស្ថិត​នៅ​ជុំ‌វិញ​ព្រះ‌ដំណាក់។ 6ជាន់​ខាង​ក្រោម​មាន​ទទឹង​ប្រាំ​ហត្ថ ជាន់​កណ្ដាល​មាន​ទទឹង​ប្រាំ​មួយ​ហត្ថ និង​ជាន់​ខាង​លើ​មាន​ទទឹង​ប្រាំ‌ពីរ​ហត្ថ។ ជញ្ជាំង​ខាង​ក្រៅ​ព្រះ‌ដំណាក់ ពី​ក្រោម​ទៅ​លើ មាន​កម្រាស់​មិន​ស្មើ​គ្នា​ទេ ធ្វើ​ដូច្នេះ ចៀស‌វាង​ចោះ​ជញ្ជាំង​ព្រះ‌ដំណាក់ សម្រាប់​ដាក់​ឈើ​ធ្នឹម។ 7គេ​សង់​ព្រះ‌ដំណាក់ ដោយ​ប្រើ​ថ្ម​ដែល​គេ​ដាប់​ទុក​ជា​មុន ហេតុ​នេះ ក្នុង​ពេល​សង់ គេ​ពុំ​ឮ​ស្នូរ​ញញួរ​ដែក​ដាប់ ឬ​គ្រឿង​ប្រដាប់​ធ្វើ​ពី​ដែក​ណា​មួយ​នៅ​ក្នុង​ព្រះ‌ដំណាក់​ទេ។ 8ទ្វារ​ចូល​បន្ទប់​ជាន់​ខាង​ក្រោម ស្ថិត​នៅ​ប៉ែក​ខាង​ស្ដាំ​នៃ​ព្រះ‌ដំណាក់ ហើយ​មាន​ជណ្ដើរ​មួយ​សម្រាប់​ឡើង​ទៅ​ជាន់​កណ្ដាល និង​ពី​ជាន់​កណ្ដាល​ទៅ​ជាន់​ខាង​លើ។ 9ក្រោយ​ពី​សង់​ព្រះ‌ដំណាក់​រួច​ហើយ ស្ដេច​សង់​ពិដាន និង​ធ្នឹម​អំពី​ឈើ​តាត្រៅ។ 10ស្ដេច​ក៏​បាន​សង់​បន្ទប់​អម​នៅ​ជុំ‌វិញ​ព្រះ‌ដំណាក់​ដែរ បន្ទប់​ទាំង​នោះ​មាន​កម្ពស់​ប្រាំ​ហត្ថ ក្នុង​ជាន់​នីមួយៗ ហើយ​ភ្ជាប់​នឹង​ជញ្ជាំង​ព្រះ‌ដំណាក់​ដោយ​ឈើ​តាត្រៅ។
11ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​សាឡូម៉ូន​ថា៖ 12«អ្នក​កំពុង​តែ​សង់​ដំណាក់​នេះ​សម្រាប់​យើង។ ប្រសិន​បើ​អ្នក​ប្រតិបត្តិ​តាម​ច្បាប់​របស់​យើង ប្រសិន​បើ​អ្នក​គោរព​តាម​វិន័យ​របស់​យើង ហើយ​ប្រសិន​បើ​អ្នក​កាន់ និង​ធ្វើ​តាម​បទ‌បញ្ជា​របស់​យើង នោះ​យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក តាម​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​ដាវីឌ ជា​បិតា​របស់​អ្នក។ 13យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល យើង​នឹង​មិន​បោះ​បង់​ចោល​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ឡើយ»។
ការ​តុប‌តែង​លំអ​ក្នុង​ព្រះ‌វិហារ
14ក្រោយ​បាន​សង់​ព្រះ‌ដំណាក់​រួច​ហើយ ព្រះ‌បាទ​សាឡូម៉ូន 15ឲ្យ​គេ​ពាស​ជញ្ជាំង​ខាង​ក្នុង​ពី​ឈើ​តាត្រៅ តាំង​ពី​ក្រោម​រហូត​ដល់​ពិដាន ព្រម​ទាំង​ក្រាល​ក្ដារ​ពី​ឈើ​កកោះ​ដែរ។ 16 ស្ដេច​ឲ្យ​គេ​យក​ឈើ​តាត្រៅ​ពាស​ជញ្ជាំង ប៉ែក​ខាង​ក្រោយ​ព្រះ‌ដំណាក់​ពី​ក្រោម​រហូត​ដល់​លើ មាន​ប្រវែង​ម្ភៃ​ហត្ថ។ ផ្នែក​ខាង​ក្នុង​នេះ ទ្រង់​ឲ្យ​គេ​រៀបចំ​ធ្វើ​ជា​ទីសក្ការៈ និង​ទីសក្ការៈ​បំផុត ។ 17បន្ទប់​ធំ​ដែល​នៅ​ខាង​មុខ​ទីសក្ការៈ​មាន​បណ្ដោយ​សែ‌សិប​ហត្ថ។ 18ឈើ​តាត្រៅ​ដែល​គេ​ពាស​ផ្នែក​ខាង​ក្នុង​ព្រះ‌ដំណាក់ មាន​ឆ្លាក់​ជា​ក្បាច់​រចនា​រូប​ផ្កា​ក្រពុំ និង​រូប​ផ្កា​រីក។ គេ​ពាស​ជញ្ជាំង​ទាំង​អស់​ពី​ឈើ​តាត្រៅ ដោយ​ឥត​ឃើញ​ថ្ម​ឡើយ។
19ស្ដេច​រៀបចំ​ទីសក្ការៈ​នៅ​ផ្នែក​ខាង​ក្រោយ​ព្រះ‌ដំណាក់ សម្រាប់​តម្កល់​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់20ជ្រុង​នីមួយៗ​របស់​ទីសក្ការៈ​មាន​ប្រវែង​ម្ភៃ​ហត្ថ កម្ពស់​ម្ភៃ​ហត្ថ ហើយ​ស្រោប​មាស​សុទ្ធ​ទាំង​អស់។ រីឯ​អាសនៈ​មាន​ពាស​ទៅ​ដោយ​ឈើ​តាត្រៅ។ 21ព្រះ‌បាទ​សាឡូម៉ូន​បាន​យក​មាស​សុទ្ធ​មក​ស្រោប​ប៉ែក​ខាង​ក្នុង​ព្រះ‌ដំណាក់ ហើយ​យក​ច្រវាក់​ធ្វើ​ពី​មាស​មក​ចង​ខណ្ឌ​នៅ​មុខ​ទីសក្ការៈ ដែល​ស្ដេច​បាន​ស្រោប​មាស​ដែរ។ 22 ដូច្នេះ ព្រះ‌ដំណាក់​ទាំង​មូល​សុទ្ធ​តែ​ស្រោប​មាស អាសនៈ​នៅ​ខាង​មុខ​ទីសក្ការៈ​ក៏​ស្រោប​មាស​ដែរ។
23 នៅ​ក្នុង​ទីសក្ការៈ ស្ដេច​ឲ្យ​គេ​ឆ្លាក់​រូប​ចេរូ‌ប៊ីន*​មួយ​គូ​ធ្វើ​អំពី​ឈើ​អូលីវ ចេរូ‌ប៊ីន​នីមួយៗ​មាន​កម្ពស់​ដប់​ហត្ថ។ 24ស្លាប​នីមួយៗ​របស់​ចេរូប៊ីន​ទី​មួយ​មាន​ប្រវែង​ប្រាំ​ហត្ថ គឺ​ពី​ចុង​ស្លាប​ម្ខាង​ទៅ​ចុង​ស្លាប​ម្ខាង​ទៀត​មាន​ប្រវែង​ដប់​ហត្ថ។ 25ស្លាប​ទាំង​ពីរ​របស់​ចេរូ‌ប៊ីន​ទី​ពីរ​ក៏​មាន​ប្រវែង​ដប់​ហត្ថ​ដែរ។ ចេរូ‌ប៊ីន​ទាំង​ពីរ​មាន​ទំហំ និង​ទ្រង់‌ទ្រាយ​ដូច​គ្នា។ 26ចេរូប៊ីន​ទី​មួយ​មាន​កម្ពស់​ដប់​ហត្ថ ហើយ​រូប​ទី​ពីរ​ក៏​មាន​កម្ពស់​ប៉ុន​គ្នា​ដែរ។ 27ស្ដេច​ដាក់​ចេរូ‌ប៊ីន​ទាំង​ពីរ​នៅ​កណ្ដាល​ទីសក្ការៈ ចេរូ‌ប៊ីន​ទាំង​ពីរ​ត្រដាង​ស្លាប គឺ​ចុង​ស្លាប​ចេរូ‌ប៊ីន​ទី​មួយ​លាត​ទៅ​ទល់​នឹង​ជញ្ជាំង​ម្ខាង រីឯ​ចុង​ស្លាប​ចេរូ‌ប៊ីន​ទី​ពីរ​លាត​ទៅ​ទល់​នឹង​ជញ្ជាំង​ម្ខាង​ទៀត។ ចុង​ស្លាប​ម្ខាង​ទៀត​របស់​ចេរូ‌ប៊ីន​នីមួយៗ​លាតទល់​គ្នា​នៅ​ចំ​កណ្ដាល​ទីសក្ការៈ។ 28ស្ដេច​ឲ្យ​គេ​ស្រោប​រូប​ចេរូ‌ប៊ីន​ទាំង​ពីរ​នេះ ដោយ​មាស។
29នៅ​តាម​ជញ្ជាំង​ព្រះ‌ដំណាក់​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ ស្ដេច​ឲ្យ​គេ​ឆ្លាក់​ក្បាច់​ចេរូ‌ប៊ីន ក្បាច់​ដើម​ចាក និង​ក្បាច់​ផ្កា‌រីក​ផង។ 30រីឯ​ក្ដារ​ក្រាល​ព្រះ‌ដំណាក់​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ​សុទ្ធ​តែ​ស្រោប​មាស។
31នៅ​ច្រក​ចូល​ទីសក្ការៈ ស្ដេច​ឲ្យ​គេ​ធ្វើ​ទ្វារ​ពី​ឈើ​អូលីវ។ ក្រប​ទ្វារ​នេះ​មាន​កម្ពស់​មួយ​ភាគ​ប្រាំ​នៃ​ជញ្ជាំង។ 32សន្លឹក​ទ្វារ​ទាំង​ពីរ​ធ្វើ​ពី​ឈើ​អូលីវ។ នៅ​លើ​សន្លឹក​ទ្វារ​ទាំង​ពីរ​នោះ ស្ដេច​ឲ្យ​គេ​ឆ្លាក់​ក្បាច់​ចេរូ‌ប៊ីន ក្បាច់​ដើម​ចាក និង​ក្បាច់​ផ្កា​រីក ព្រម​ទាំង​ស្រោប​មាស គឺ​ទាំង​ក្បាច់​ចេរូ‌ប៊ីន ទាំង​ក្បាច់​ដើម​ចាក​សុទ្ធ​តែ​ស្រោប​មាស។ 33រីឯ​ច្រក​ចូល​ព្រះ‌វិហារ ស្ដេច​ឲ្យ​គេ​ធ្វើ​ក្រប​ទ្វារ​ពី​ឈើ​អូលីវ​ដែរ។ ក្រប​ទ្វារ​នោះ​មាន​កម្ពស់​មួយ​ភាគ​បួន​នៃ​ជញ្ជាំង។ 34សន្លឹក​ទ្វារ​ទាំង​ពីរ​ធ្វើ​ពី​ឈើ​កកោះ សន្លឹក​នីមួយៗ​មាន​ពីរ​ផ្ទាំង ដែល​អាច​បត់​ចូល​គ្នា​បាន។ 35នៅ​លើ​សន្លឹក​ទ្វារ​ទាំង​ពីរ ស្ដេច​ឲ្យ​គេ​ឆ្លាក់​ក្បាច់​ចេរូ‌ប៊ីន ក្បាច់​ដើម​ចាក និង​ក្បាច់​ផ្កា​រីក ព្រម​ទាំង​ស្រោប​មាស​តម្រូវ​តាម​ក្បាច់​នោះ​ផង។ 36បន្ទាប់​មក ស្ដេច​ឲ្យ​គេ​ធ្វើ​ទី‌លាន​ខាង​ក្នុង​ពី​ថ្ម‌ដាប់​បី​ជាន់ និង​ឈើ​តាត្រៅ​មួយ​ជាន់។
37ក្នុង​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​សាឡូម៉ូន នៅ​ខែ​ពិសាខ គេ​បាន​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់38ក្នុង​ឆ្នាំ​ទី​ដប់​មួយ​នៃ​រជ្ជកាល​ព្រះ‌បាទ​សាឡូម៉ូន នៅ​ខែ​កត្ដិក គឺ​ជា​ខែ​ទី​ប្រាំ​បី គេ​បាន​សង់​ព្រះ‌ដំណាក់​រួច​ជា​ស្រេច តាម​គម្រោង​សំណង់។ ដូច្នេះ ព្រះ‌បាទ​សាឡូម៉ូន​សង់​ព្រះ‌ដំណាក់​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ។

ទើបបានជ្រើសរើសហើយ៖

១ ពង្សាវតារក្សត្រ 6: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល