១ ពង្សាវតារក្សត្រ 5
5
ព្រះបាទសាឡូម៉ូនរៀបចំសង់ព្រះវិហារ
(២ របាក្សត្រ ២.២-១៥)
1ព្រះបាទហ៊ីរ៉ាម ជាស្ដេចក្រុងទីរ៉ុស និងជាមិត្តភក្ដិដ៏ជិតស្និទ្ធរបស់ព្រះបាទដាវីឌជ្រាបថា គេបានអភិសេកព្រះបាទសាឡូម៉ូនឲ្យស្នងរាជ្យរបស់ព្រះបាទដាវីឌជាបិតា ស្ដេចក៏ចាត់រាជបម្រើទៅគាល់ព្រះបាទសាឡូម៉ូន។ 2ព្រះបាទសាឡូម៉ូនចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទហ៊ីរ៉ាមដូចតទៅ៖ 3«ព្រះករុណាជ្រាបហើយថា ព្រោះតែសង្គ្រាមកើតមានឥតស្រាកស្រាន្តពីគ្រប់ទិសទី ព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំ ពុំអាចសង់ព្រះដំណាក់ថ្វាយព្រះអម្ចាស់ ជាព្រះរបស់លោកបានទេ រហូតទាល់តែព្រះអម្ចាស់បង្ក្រាបខ្មាំងសត្រូវឲ្យនៅក្រោមបាទារបស់លោក។ 4ឥឡូវនេះ ព្រះអម្ចាស់ ជាព្រះរបស់ទូលបង្គំប្រោសប្រទានសេចក្ដីសុខសាន្ត នៅគ្រប់ទិសទី គឺគ្មានមារសត្រូវ គ្មានគ្រោះកាចទៀតទេ។ 5 ដូច្នេះ ទូលបង្គំមានបំណងសង់ព្រះដំណាក់មួយថ្វាយព្រះអម្ចាស់ ជាព្រះរបស់ទូលបង្គំ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់ព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំថា “បុត្ររបស់អ្នក ដែលយើងនឹងតែងតាំងឲ្យឡើងស្នងរាជ្យបន្តពីអ្នក នឹងសង់ដំណាក់សម្រាប់យើង”។ 6សូមព្រះករុណាបញ្ជាគេកាប់ដើមតាត្រៅនៅភ្នំលីបង់ ឲ្យទូលបង្គំផង។ អ្នកបម្រើរបស់ទូលបង្គំនឹងធ្វើការរួមជាមួយអ្នកបម្រើរបស់ព្រះករុណា ដ្បិតព្រះករុណាជ្រាបហើយថា ក្នុងចំណោមពួកទូលបង្គំ គ្មាននរណាម្នាក់ប្រសប់កាប់ឈើ ដូចអ្នកស្រុកស៊ីដូនទេ។ ទូលបង្គំនឹងបង់ប្រាក់ឈ្នួលឲ្យអ្នកបម្រើរបស់ព្រះករុណា តាមព្រះករុណាបង្គាប់»។
7កាលព្រះបាទហ៊ីរ៉ាមទទួលសារពីព្រះបាទសាឡូម៉ូន ទ្រង់មានអំណរជាខ្លាំង រួចមានរាជឱង្ការថា៖ «ថ្ងៃនេះ សូមលើកតម្កើងព្រះអម្ចាស់ ដែលបានប្រោសប្រទានបុត្រមួយអង្គប្រកបដោយប្រាជ្ញាឈ្លាសវៃដល់ព្រះបាទដាវីឌ ដើម្បីគ្រប់គ្រងលើប្រជាជនដ៏ច្រើននេះ»។ 8បន្ទាប់មក ព្រះបាទហ៊ីរ៉ាមចាត់គេឲ្យទៅទូលព្រះបាទសាឡូម៉ូនថា៖ «ទូលបង្គំបានទទួលសាររបស់ព្រះករុណាហើយ ទូលបង្គំនឹងផ្ដល់ឈើទាំងប៉ុន្មានដែលព្រះករុណាត្រូវការ គឺឈើតាត្រៅ និងឈើកកោះ។ 9ពួកអ្នកបម្រើរបស់ទូលបង្គំនឹងដឹកឈើហ៊ុបទាំងនោះពីភ្នំលីបង់ទៅដល់មាត់សមុទ្រ ហើយចងជាក្បូន បណ្តែតតាមសមុទ្រ រហូតដល់កន្លែងដែលព្រះករុណាកំណត់ទុក។ នៅទីនោះ ពួកអ្នកបម្រើរបស់ទូលបង្គំនឹងស្រាយក្បូន ហើយអ្នកបម្រើរបស់ព្រះករុណាមកទទួលយកឈើហ៊ុបទាំងនោះ។ រីឯថ្លៃឈ្នួលវិញ សូមព្រះករុណាផ្គត់ផ្គង់ស្បៀងអាហារ ដែលទូលបង្គំត្រូវការសម្រាប់ចិញ្ចឹមអ្នកបម្រើក្នុងវាំងរបស់ទូលបង្គំផង»។ 10ព្រះបាទហ៊ីរ៉ាមថ្វាយឈើតាត្រៅ និងឈើកកោះទាំងប៉ុន្មាន តាមសេចក្ដីត្រូវការរបស់ព្រះបាទសាឡូម៉ូន។ 11ព្រះបាទសាឡូម៉ូនបានផ្ដល់ស្បៀងអាហាររៀងរាល់ឆ្នាំ មានស្រូវចំនួនប្រាំមួយពាន់តោន និងប្រេងឆាគុណភាពល្អចំនួនប្រាំបួនពាន់លីត្រ សម្រាប់ផ្គត់ផ្គង់សេចក្ដីត្រូវការក្នុងវាំងរបស់ព្រះបាទហ៊ីរ៉ាម។
12 ព្រះអម្ចាស់ប្រទានប្រាជ្ញាដល់ព្រះបាទសាឡូម៉ូន តាមព្រះបន្ទូលសន្យា។ ព្រះបាទសាឡូម៉ូន និងព្រះបាទហ៊ីរ៉ាម ចងសម្ពន្ធមិត្តជាមួយគ្នា ហើយមានទំនាក់ទំនងទៅវិញទៅមកដោយសុខសាន្ត។
ព្រះបាទសាឡូម៉ូនរៀបចំកំណែន
(២ របាក្សត្រ ២.១, ១៦–១៧)
13ព្រះបាទសាឡូម៉ូនកេណ្ឌមនុស្សចំនួនបីម៉ឺននាក់ ក្នុងស្រុកអ៊ីស្រាអែលទាំងមូល មកធ្វើពលកម្ម 14 ស្ដេចចាត់ពួកគេឲ្យទៅធ្វើការនៅភ្នំលីបង់ តាមវេន ចំនួនមួយម៉ឺននាក់ ក្នុងមួយខែ ក្រោមការត្រួតត្រារបស់លោកអដូនីរ៉ាម។ ពួកគេធ្វើការនៅភ្នំលីបង់មួយខែ ហើយវិលមកនៅផ្ទះវិញពីរខែ។ 15ព្រះបាទសាឡូម៉ូនប្រើមនុស្សចំនួនប្រាំពីរម៉ឺននាក់សម្រាប់លីសែង និងប្រាំបីម៉ឺននាក់សម្រាប់ដាប់ថ្មនៅលើភ្នំ។ 16ក្រៅពីពួកពលករ ព្រះបាទសាឡូម៉ូនតែងតាំងអ្នកទទួលខុសត្រូវចំនួនបីពាន់បីរយនាក់ទៀត សម្រាប់ត្រួតត្រាលើការងាររបស់ពលករផង។ 17ព្រះរាជាបង្គាប់ឲ្យគេគាស់ថ្មធំៗ យកមកដាប់យ៉ាងល្អប្រណីត សម្រាប់ធ្វើគ្រឹះព្រះដំណាក់។ 18ពួកពលកររបស់ព្រះបាទសាឡូម៉ូន និងព្រះបាទហ៊ីរ៉ាម ព្រមទាំងជាងពីស្រុកកេបាលនាំគ្នាដាប់ថ្ម ហើយរៀបចំត្រៀមឈើ និងថ្មសម្រាប់សង់ព្រះដំណាក់។
ទើបបានជ្រើសរើសហើយ៖
១ ពង្សាវតារក្សត្រ 5: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.