១ ពង្សាវតារក្សត្រ 22
22
ព្រះបាទអហាប់ និងព្រះបាទយ៉ូសាផាត លើកទ័ពចេញទៅច្បាំងជាមួយស្រុកស៊ីរី
(២ របាក្សត្រ ១៨.១-១១)
1ក្នុងអំឡុងពេលបីឆ្នាំ គ្មានសង្គ្រាមកើតឡើងរវាងស្រុកស៊ីរី និងស្រុកអ៊ីស្រាអែលទេ។ 2នៅឆ្នាំទីបី ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា បានយាងទៅសួរសុខទុក្ខស្ដេចស្រុកអ៊ីស្រាអែល។ 3ពេលនោះ ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់ពួកមន្ត្រីថា៖ «អស់លោកជ្រាបច្បាស់ហើយថា ក្រុងរ៉ាម៉ូត នៅស្រុកកាឡាដ ជាក្រុងរបស់យើង។ ហេតុអ្វីបានជាយើងនៅរារែក មិនព្រមដណ្ដើមយកក្រុងនោះពីកណ្ដាប់ដៃរបស់ស្ដេចស្រុកស៊ីរីមកវិញ?»។ 4ស្ដេចមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «តើព្រះករុណាសព្វព្រះហឫទ័យចេញទៅច្បាំងយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដជាមួយទូលបង្គំឬទេ?»។ ព្រះបាទយ៉ូសាផាតមានរាជឱង្ការទៅកាន់ស្ដេចស្រុកអ៊ីស្រាអែលវិញថា៖ «ទូលបង្គំក៏ដូចព្រះករុណាដែរ ប្រជារាស្ត្ររបស់ទូលបង្គំក៏ដូចជាប្រជារាស្ត្ររបស់ព្រះករុណា ហើយទ័ពសេះរបស់ទូលបង្គំក៏ដូចជាទ័ពសេះរបស់ព្រះករុណាដែរ!»។
5ព្រះបាទយ៉ូសាផាតទូលទៀតថា៖ «សូមព្រះករុណាទូលសួរព្រះអម្ចាស់សិន»។ 6ស្ដេចអ៊ីស្រាអែលកោះហៅព្យាការីប្រមាណបួនរយនាក់មក ហើយសួរពួកគេថា៖ «តើយើងត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ ពួកគេទូលថា៖ «សូមព្រះករុណាយាងទៅចុះ។ ព្រះអម្ចាស់នឹងប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណា»។ 7ព្រះបាទយ៉ូសាផាតមានរាជឱង្ការសួរថា៖ «តើនៅទីនេះ គ្មានព្យាការីរបស់ព្រះអម្ចាស់ ដែលយើងអាចទូលសួរព្រះអង្គទេឬ?»។ 8ស្ដេចស្រុកអ៊ីស្រាអែលទូលព្រះបាទយ៉ូសាផាតថា៖ «នៅមានម្នាក់ទៀត ដែលអាចទូលសួរព្រះអម្ចាស់បាន តែទូលបង្គំស្អប់អ្នកនោះណាស់ ព្រោះគាត់មិនដែលទាយពីសេចក្ដីល្អឲ្យទូលបង្គំទេ គឺទាយតែពីសេចក្ដីអាក្រក់ប៉ុណ្ណោះ។ អ្នកនោះឈ្មោះមីកាយ៉ា ជាកូនរបស់លោកយីមឡា»។ ព្រះបាទយ៉ូសាផាតទូលថា៖ «សូមព្រះករុណាកុំមានរាជឱង្ការបែបនេះ!»។ 9ស្ដេចស្រុកអ៊ីស្រាអែលហៅមហាតលិកមក ហើយមានរាជឱង្ការថា៖ «ចូរទៅហៅលោកមីកាយ៉ា ជាកូនរបស់លោកយីមឡាមកជាប្រញាប់!»។
10ស្ដេចស្រុកអ៊ីស្រាអែល និងព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា ស្លៀកពាក់យ៉ាងរុងរឿង គង់លើបល្ល័ង្ករៀងៗខ្លួន ត្រង់ព្រលានដែលនៅមុខទ្វារក្រុងសាម៉ារី។ ពួកព្យាការីកំពុងនាំគ្នាទាយថ្វាយព្រះរាជាទាំងពីរអង្គ។ 11លោកសេដេគា ជាកូនរបស់លោកក្នាណា បានធ្វើស្នែងដែក ហើយពោលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ដោយស្នែងដែកទាំងនេះ អ្នកនឹងវាយកងទ័ពស៊ីរីឲ្យវិនាសសូន្យ!»។ 12ព្យាការីទាំងអស់ក៏ទាយបែបនោះដែរ ពួកគេទូលស្ដេចថា៖ «សូមព្រះករុណាយាងទៅវាយយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដចុះ ព្រះករុណាមុខជាទទួលជ័យជម្នះមិនខាន។ ព្រះអម្ចាស់ប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាហើយ»។
ព្យាការីមីកាយ៉ាប្រកាសប្រាប់ពីបរាជ័យ
(២ របាក្សត្រ ១៨.១២-២៧)
13មហាតលិកដែលស្ដេចចាត់ឲ្យទៅហៅលោកមីកាយ៉ា បានប្រាប់លោកថា៖ «ព្យាការីទាំងអស់សុទ្ធតែព្រមគ្នា ទាយសេចក្ដីល្អថ្វាយព្រះរាជា ដូច្នេះ សូមលោកទាយសេចក្ដីល្អថ្វាយព្រះរាជាដូចគេដែរទៅ!»។ 14លោកមីកាយ៉ាឆ្លើយថា៖ «ខ្ញុំសូមជម្រាបលោក ក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅថា ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំយ៉ាងណា ខ្ញុំនឹងប្រកាសយ៉ាងនោះ!»។
15លោកចូលទៅគាល់ព្រះរាជា ហើយស្ដេចមានរាជឱង្ការមកកាន់លោកថា៖ «មីកាយ៉ាអើយ តើយើងទាំងពីរត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ លោកមីកាយ៉ាទូលថា៖ «សូមព្រះករុណាយាងទៅចុះ! ព្រះករុណាមុខជាទទួលជ័យជម្នះមិនខាន! ព្រះអម្ចាស់ប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាហើយតើ!»។ 16ប៉ុន្តែ ស្ដេចមានរាជឱង្ការមកលោកវិញថា៖ «តើយើងត្រូវប្រាប់អ្នកប៉ុន្មានដងទៀតថា ឲ្យអ្នកនិយាយតែការពិតប្រាប់យើង ក្នុងនាមព្រះអម្ចាស់?»។ 17 លោកមីកាយ៉ាទូលថា៖
«ទូលបង្គំបានឃើញពលទាហានអ៊ីស្រាអែល
ទាំងមូលបាក់ទ័ព រត់ខ្ចាត់ខ្ចាយនៅលើភ្នំ
ពួកគេប្រៀបដូចជាហ្វូងចៀម
ដែលគ្មាននរណាឃ្វាល។ ព្រះអម្ចាស់មានព្រះបន្ទូលថា:
អ្នកទាំងនោះគ្មានមេដឹកនាំទេ
ចូរឲ្យពួកគេត្រឡប់ទៅផ្ទះរៀងៗខ្លួន
ដោយសុខសាន្តចុះ!»។
18ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «ទូលបង្គំបានទូលព្រះករុណាហើយថា គាត់មិនដែលទាយពីសេចក្ដីល្អឲ្យទូលបង្គំទេ គឺទាយតែពីសេចក្ដីអាក្រក់ប៉ុណ្ណោះ!»។ 19 លោកមីកាយ៉ាទូលថា៖ «ពិតមែនហើយ! ដូច្នេះ សូមសណ្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។ ទូលបង្គំបានឃើញព្រះអម្ចាស់គង់លើរាជបល្ល័ង្ក ហើយមានកងពលនៃស្ថានបរមសុខទាំងមូលឈរគាល់ព្រះអង្គ ទាំងឆ្វេង ទាំងស្ដាំផង។ 20ព្រះអម្ចាស់មានព្រះបន្ទូលថា: “តើអ្នកណាចង់ល្បួងអហាប់ឲ្យទៅច្បាំងយកក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ ដើម្បីឲ្យអហាប់ដួលស្លាប់នៅទីនោះ?”។ អ្នកខ្លះពោលយ៉ាងនេះ អ្នកខ្លះពោលយ៉ាងនោះ។ 21ពេលនោះ មានវិញ្ញាណមួយចេញមកឈរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ទូលថា“ទូលបង្គំចង់ទៅល្បួង!”។ ព្រះអម្ចាស់មានព្រះបន្ទូលសួរថា “តើអ្នកធ្វើដូចម្ដេច?” 22វិញ្ញាណនោះទូលថា “ទូលបង្គំនឹងបណ្ដាលចិត្តព្យាការីទាំងអស់របស់ស្ដេចឲ្យពោលតែពាក្យភូតកុហក”។ ព្រះអម្ចាស់មានព្រះបន្ទូលថា “នេះជាមធ្យោបាយដ៏ប្រសើរសម្រាប់ល្បួងគេ ដូច្នេះ ចូរទៅធ្វើចុះ!”។ 23ព្រះអម្ចាស់ដាក់វិញ្ញាណភូតកុហក នៅក្នុងមាត់ព្យាការីទាំងអស់របស់ព្រះករុណា ដ្បិតព្រះអម្ចាស់បានសម្រេចព្រះហឫទ័យឲ្យព្រះករុណារងទុក្ខវេទនាហើយ!»។
24ពេលនោះ លោកសេដេគា ជាកូនរបស់លោកក្នាណា ចូលមកជិត ហើយទះកំផ្លៀងលោកមីកាយ៉ា ទាំងពោលថា៖ «តើព្រះវិញ្ញាណរបស់ព្រះអម្ចាស់ចេញពីខ្លួនខ្ញុំ មកនិយាយជាមួយអ្នកតាមណា?»។ 25លោកមីកាយ៉ាឆ្លើយថា៖ «ថ្ងៃដែលអ្នករត់ទៅពួននៅបន្ទប់ខាងក្នុងផ្ទះរបស់អ្នក នោះអ្នកគង់តែដឹងទេ!»។ 26ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការថា៖ «ចូរចាប់លោកមីកាយ៉ានាំយកទៅប្រគល់ឲ្យលោកអាំម៉ូន ជាចៅហ្វាយក្រុង និងសម្ដេចយ៉ូអាស ជាបុត្ររបស់យើងទៅ! 27រួចប្រាប់គេថា “ព្រះករុណាបញ្ជាឲ្យយកមនុស្សនេះទៅដាក់គុក ហើយផ្ដល់នំបុ័ង និងទឹកតែបន្តិចបន្តួចប៉ុណ្ណោះ រហូតដល់ថ្ងៃព្រះករុណាវិលត្រឡប់មកពីច្បាំងវិញ ដោយសុខសាន្ត”»។ 28លោកមីកាយ៉ាទូលថា៖ «ប្រសិនបើព្រះករុណាពិតជាយាងត្រឡប់មកវិញដោយសុខសាន្តមែននោះ បានសេចក្ដីថាព្រះអម្ចាស់ពុំមានព្រះបន្ទូលតាមរយៈទូលបង្គំទេ»។ បន្ទាប់មក លោកពោលទៀតថា៖ «ប្រជាជនទាំងអស់គ្នា ចូរស្ដាប់ចុះ!»។
ព្រះបាទអហាប់សោយទិវង្គតក្នុងសមរភូមិ
(២ របាក្សត្រ ១៨.២៨-៣៤)
29ស្ដេចស្រុកអ៊ីស្រាអែល និងព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា នាំគ្នាយាងទៅវាយក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។ 30ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «ទូលបង្គំនឹងក្លែងខ្លួនជាពលទាហាន រីឯព្រះករុណាវិញ សូមគ្រងព្រះភូសាយ៉ាងរុងរឿងចុះ!»។ ដូច្នេះ ស្ដេចស្រុកអ៊ីស្រាអែលក្លែងខ្លួនជាពលទាហាន ចេញទៅច្បាំង។ 31ស្ដេចស្រុកស៊ីរីបញ្ជាដល់មេបញ្ជាការកងរទេះចម្បាំងទាំងសាមសិបពីររូបថា៖ «មិនបាច់ប្រយុទ្ធនឹងពលទាហាន ឬនាយទាហានទេ ចូរប្រយុទ្ធតែនឹងស្ដេចស្រុកអ៊ីស្រាអែលប៉ុណ្ណោះ»។ 32កាលមេបញ្ជាការរទេះចម្បាំងទាំងនោះឃើញព្រះបាទយ៉ូសាផាត ក៏ពោលថា “ប្រាកដជាស្ដេចអ៊ីស្រាអែលហើយ” ពួកគេសម្រុកទៅវាយប្រហារស្ដេច។ ប៉ុន្តែ ពេលព្រះបាទយ៉ូសាផាតស្រែកឡើង 33ពួកមេបញ្ជាការរទេះចម្បាំងដឹងថា មិនមែនជាស្ដេចស្រុកអ៊ីស្រាអែលទេ ពួកគេឈប់ដេញតាម។ 34ប៉ុន្តែ មានទាហានស៊ីរីម្នាក់យឹតធ្នូបាញ់ព្រាវទៅ ក៏ត្រូវចំស្ដេចស្រុកអ៊ីស្រាអែល ត្រង់ចន្លោះអាវក្រោះ។ ស្ដេចមានរាជឱង្ការទៅកាន់អ្នកបររាជរថថា៖ «ចូរបកក្រោយ នាំយើងចេញពីសមរភូមិភ្លាម ព្រោះយើងត្រូវរបួសហើយ»។ 35នៅថ្ងៃនោះ ការប្រយុទ្ធមានសភាពធ្ងន់ធ្ងរកាន់តែខ្លាំងឡើង គេពុំអាចនាំស្ដេចចេញពីសមរភូមិបានឡើយ។ ដូច្នេះ ស្ដេចស្ថិតនៅក្នុងរាជរថរហូត ហើយឈាមដែលហូរចេញពីមុខរបួស បានធ្លាក់ទៅដល់បាតរាជរថ លុះដល់ល្ងាចស្ដេច ក៏សោយទិវង្គតទៅ។ 36នៅពេលថ្ងៃលិច គេឮសម្រែកពេញក្នុងសមរភូមិថា៖ «ចូរនាំគ្នាវិលត្រឡប់ទៅទីក្រុង និងទីលំនៅរៀងៗខ្លួនវិញ!»។ 37គេបាននាំសពព្រះរាជាមកកាន់ក្រុងសាម៉ារី ហើយបញ្ចុះនៅទីនោះ។ 38កាលគេយករាជរថទៅលាងនៅស្រះនៃក្រុងសាម៉ារី ឆ្កែក៏មកលិទ្ធឈាមព្រះបាទអហាប់ ហើយពួកស្រីពេស្យាក៏នាំគ្នាមុជទឹកនៅទីនោះដែរ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងទុក។
39រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអហាប់ និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ គឺការសង់ដំណាក់អំពីភ្លុក និងក្រុងនានា សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។ 40កាលព្រះបាទអហាប់សោយទិវង្គតទៅ ព្រះបាទអហាស៊ីយ៉ា ជាបុត្របានឡើងស្នងរាជ្យ។
ព្រះបាទយ៉ូសាផាតសោយរាជ្យនៅស្រុកយូដា
(២ របាក្សត្រ ២០.៣១–២១.១)
41នៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទអហាប់ ជាស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទយ៉ូសាផាត ជាបុត្ររបស់ព្រះបាទអេសា បានឡើងសោយរាជ្យនៅស្រុកយូដា។ 42កាលព្រះបាទយ៉ូសាផាតឡើងគ្រងរាជ្យនោះ ទ្រង់មានជន្មាយុសាមសិបប្រាំវស្សា ហើយសោយរាជ្យបានម្ភៃប្រាំឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា អស៊ូបា ជាកូនរបស់លោកស៊ីលហ៊ី។ 43ព្រះបាទយ៉ូសាផាតដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះបាទអេសា ជាបិតា ដោយមិនងាករេឡើយ ស្ដេចប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ប៉ុន្តែ ទ្រង់ពុំបានលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗទេ គឺប្រជាជននៅតែនាំគ្នាថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូបនៅតាមកន្លែងនោះដដែល។ 44ព្រះបាទយ៉ូសាផាតបានចុះសន្ធិសញ្ញាសន្តិភាពជាមួយស្ដេចស្រុកអ៊ីស្រាអែល។
45រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយ៉ូសាផាត គឺវីរភាពដ៏អង់អាចក្នុងកិច្ចការដែលស្ដេចបានធ្វើ និងក្នុងសង្គ្រាម សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។ 46ស្ដេចបានកម្ចាត់ប្រុសៗទាំងប៉ុន្មានដែលប្រព្រឹត្តអំពើពេស្យាចារ្យសក្ការៈ គឺពួកដែលនៅសេសសល់ពីជំនាន់ព្រះបាទអេសា ជាបិតា។ 47គ្រានោះ នៅស្រុកអេដុម គ្មានស្ដេចសោយរាជ្យទេ គឺមានតែរាជប្រតិភូម្នាក់ ដែលស្ដេចយូដាតែងតាំង។ 48ព្រះបាទយ៉ូសាផាតបានឲ្យគេសង់សំពៅធំៗ ដើម្បីទៅស្វែងរកមាសនៅស្រុកអូភារ ប៉ុន្តែ គម្រោងការនេះពុំបានសម្រេចទេ ព្រោះសំពៅទាំងនោះលិចនៅក្រុងអេស៊ាន-គេប៊ើរ។ 49ពេលនោះ ព្រះបាទអហាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទអហាប់ មានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «សូមឲ្យរាជបម្រើរបស់ទូលបង្គំ ចុះសំពៅទៅជាមួយរាជបម្រើរបស់ព្រះករុណាផង!»។ ប៉ុន្តែ ព្រះបាទយ៉ូសាផាតពុំយល់ព្រមឡើយ។ 50កាលព្រះបាទយ៉ូសាផាតសោយទិវង្គត គេយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ។ ព្រះបាទយ៉ូរ៉ាម ជាបុត្រ បានឡើងស្នងរាជ្យ។
ព្រះបាទអហាស៊ីយ៉ាសោយរាជ្យនៅស្រុកអ៊ីស្រាអែល
51នៅឆ្នាំទីដប់ប្រាំពីរនៃរជ្ជកាលព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា ព្រះបាទអហាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទអហាប់ ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានពីរឆ្នាំ នៅស្រុកអ៊ីស្រាអែល។ 52ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់។ ស្ដេចដើរតាមផ្លូវរបស់បិតា និងមាតា ព្រមទាំងផ្លូវរបស់ព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត ដែលនាំប្រជាជនអ៊ីស្រាអែលប្រព្រឹត្តអំពើបាប។ 53ព្រះបាទអហាស៊ីយ៉ាបានគោរពថ្វាយបង្គំព្រះបាល ដូចបិតាដែរ ជាហេតុបណ្ដាលឲ្យព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ទ្រង់ព្រះពិរោធ។
ទើបបានជ្រើសរើសហើយ៖
១ ពង្សាវតារក្សត្រ 22: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.