១ ពង្សាវតារក្សត្រ 19:11-21

១ ពង្សាវតារក្សត្រ 19:11-21 គខប

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ចេញ​ទៅ​ក្រៅ ហើយ​ឈរ​លើ​ភ្នំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់»។ ព្រះអង្គ​យាង​កាត់​តាម​នោះ មាន​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​កក្រើក​ភ្នំ បំបែក​ថ្ម នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​គង់​នៅ​ក្នុង​ខ្យល់​នោះ​ទេ។ បន្ទាប់​ពី​ខ្យល់ មាន​រញ្ជួយ​ដី ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​គង់​នៅ​ក្នុង​ដី​ដែល​រញ្ជួយ​នោះ​ទេ។ ក្រោយ​ពី​រញ្ជួយ​ដី មាន​ភ្លើង ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​គង់​នៅ​ក្នុង​ភ្លើង​នោះ​ទេ។ បន្ទាប់​ពី​ភ្លើង មាន​ឮ​សូរ​សំឡេង​ស្រាលៗ​យ៉ាង​ស្រទន់។ កាល​ព្យាការី​អេលីយ៉ា​ឮ​សំឡេង​នោះ លោក​យក​អាវ​ធំ​មក​គ្រប​មុខ ហើយ​ចេញ​ទៅ​ឈរ​នៅ​មាត់​គុហា។ លោក​ឮ​ព្រះ‌សូរសៀង​ថា៖ «អេលីយ៉ា​អើយ អ្នក​មក​ទី​នេះ​ធ្វើ​អ្វី?»។ លោក​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល! ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ​ខ្លាំង​ណាស់។ រីឯ​ជន‌ជាតិ​អ៊ីស្រា‌អែល​ផ្ដាច់​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ ពួក​គេ​រំលំ​អាសនៈ​របស់​ព្រះអង្គ និង​សម្លាប់​ព្យាការី​ទាំង​អស់​របស់​ព្រះអង្គ ដោយ​មុខ​ដាវ គឺ​នៅ​សល់​តែ​ទូលបង្គំ​ម្នាក់​ប៉ុណ្ណោះ ហើយ​ពួក​គេ​ក៏​តាម​ប្រហារ​ជីវិត​ទូលបង្គំ​ទៀត»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «ចូរ​ធ្វើ​ដំណើរ​កាត់​វាល​រហោ‌ស្ថាន ឆ្ពោះ​ទៅ​កាន់​ក្រុង​ដាម៉ាស​ចុះ! កាល​ទៅ​ដល់​ហើយ ត្រូវ​ចាក់​ប្រេង​អភិសេក​ហាសែល​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​ស៊ីរី។ បន្ទាប់​មក ត្រូវ​ចាក់​ប្រេង​អភិសេក​យេហ៊ូវ ជា​កូន​របស់​នឹម​ស៊ី ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រា‌អែល រួច​ចាក់​ប្រេង​តែង‌តាំង​អេលីសេ ជា​កូន​របស់​សាផាត នៅ​អេបិល-មហូ‌ឡា ឲ្យ​ធ្វើ​ជា​ព្យាការី​ជំនួស​អ្នក។ ពេល​នោះ នរណា​គេច​ផុត​ពី​មុខ​ដាវ​របស់​ហាសែល នឹង​ត្រូវ​យេហ៊ូវ​សម្លាប់ ហើយ​នរណា​គេច​ផុត​ពី​មុខ​ដាវ​របស់​យេហ៊ូវ នឹង​ត្រូវ​អេលីសេ​សម្លាប់។ ប៉ុន្តែ យើង​នឹង​ទុក​ជីវិត​មនុស្ស​ប្រាំ‌ពីរ​ពាន់​នាក់ នៅ​ស្រុក​អ៊ីស្រា‌អែល គឺ​អស់​អ្នក​ដែល​ពុំ​បាន​លុត​ជង្គង់​ថ្វាយ‌បង្គំ​ព្រះ​បាល ហើយ​មិន​បាន​ថើប​ព្រះ​នេះ​ទេ»។ លោក​អេលីយ៉ា​ចាក​ចេញ​ពី​ទី​នោះ​ទៅ ជួប​នឹង​លោក​អេលីសេ ជា​កូន​របស់​លោក​សាផាត កំពុង​តែ​ភ្ជួរ​ស្រែ។ មាន​អ្នក​ភ្ជួរ​ទាំង​អស់​ដប់‌ពីរ​នាក់ លោក​អេលីសេ​ភ្ជួរ​ក្រោយ​គេ​បង្អស់។ លោក​អេលីយ៉ា​ចូល​ទៅ​ជិត​គាត់ រួច​ដោះ​អាវ​ធំ​របស់​លោក​បោះ​ទៅ​លើ​គាត់។ លោក​អេលីសេ​ទុក​គោ​ចោល ហើយ​រត់​ទៅ​តាម​លោក​អេលីយ៉ា​ជម្រាប​ថា៖ «សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ទៅ​លា​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ប្របាទ​សិន រួច​ខ្ញុំ​ប្របាទ​នឹង​ទៅ​តាម​លោក»។ លោក​អេលីយ៉ា​ឆ្លើយ​ថា៖ «ទៅ​វិញ​ចុះ ខ្ញុំ​មិន​ឃាត់​អ្នក​ទេ!»។ លោក​អេលីសេ​ចាក​ចេញ​ពី​លោក​អេលីយ៉ា ត្រឡប់​មក​កន្លែង​ភ្ជួរ​វិញ។ គាត់​យក​គោ​ទាំង​ពីរ​ក្បាល​ទៅ​សម្លាប់​ធ្វើ​ជា​យញ្ញ‌បូជា យក​នង្គ័ល​ធ្វើ​ជា​អុស​ដុត​ចម្អិន​សាច់ ចែក​អស់​អ្នក​ដែល​នៅ​ទី​នោះ​បរិភោគ។ បន្ទាប់​មក គាត់​ក្រោក​ឡើង ដើរ​តាម​លោក​អេលីយ៉ា ហើយ​នៅ​បម្រើ​លោក។