១ ពង្សាវតារក្សត្រ 19:1-8

១ ពង្សាវតារក្សត្រ 19:1-8 គខប

ព្រះ‌បាទ​អហាប់​រៀប​រាប់​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​លោក​អេលីយ៉ា​បាន​ប្រព្រឹត្ត និង​អំពី​ការ​ដែល​លោក​បាន​សម្លាប់​ព្យាការី​ទាំង​អស់​របស់​ព្រះ​បាល​ដោយ​មុខ​ដាវ ប្រាប់​ម្ចាស់‌ក្សត្រិយ៍​យេសិ‌បិល។ ម្ចាស់‌ក្សត្រិយ៍​យេសិ‌បិល​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​លោក​អេលីយ៉ា​ថា៖ «ថ្ងៃ​ស្អែក នៅ​ពេល​ថ្មើរ​នេះ ប្រសិន​បើ​ខ្ញុំ​មិន​ប្រហារ​ជីវិត​លោក ដូច​លោក​បាន​ប្រហារ​ជីវិត​ព្យាការី​ទាំង​នោះ​ទេ សូម​ព្រះ​ទាំង‌ឡាយ​ដាក់​ទោស​ខ្ញុំ​យ៉ាង​ធ្ងន់​ចុះ!»។ លោក​អេលីយ៉ា​ភ័យ​ខ្លាច ហើយ​ក្រោក​ឡើង រត់​ចេញ​ទៅ ដើម្បី​ឲ្យ​រួច​ជីវិត។ លោក​ទៅ​ដល់​បៀរ-‌សេបា ក្នុង​ស្រុក​យូដា លោក​ទុក​អ្នក​បម្រើ​ឲ្យ​នៅ​ទី​នោះ។ រីឯ​លោក​វិញ លោក​ធ្វើ​ដំណើរ​កាត់​វាល​រហោ‌ស្ថាន​ពេញ​មួយ​ថ្ងៃ ហើយ​ទៅ​អង្គុយ​ក្រោម​ដើម​ដង្កោ​មួយ រួច​ទូល‌អង្វរ​សុំ​ស្លាប់ ទាំង​ពោល​ថា៖ «ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​ទ្រាំ​លែង​បាន​ទៀត​ហើយ! ឥឡូវ​នេះ សូម​ព្រះអង្គ​ដក​ជីវិត​ទូលបង្គំ​ចុះ! ដ្បិត​ទូលបង្គំ​មិន​ប្រសើរ​ជាង​ដូនតា​របស់​ទូលបង្គំ​ទេ»។ បន្ទាប់​មក លោក​ទម្រេត​ខ្លួន សម្រាន្ដ​លង់‌លក់​ក្រោម​ដើម​ដង្កោ​នោះ​ទៅ។ ពេល​នោះ មាន​ទេវតា*​មួយ​រូប​មក​ដាស់​លោក ទាំង​ពោល​ថា៖ «ចូរ​ក្រោក​ឡើង បរិភោគ​ទៅ!»។ លោក​អេលីយ៉ា​ក្រឡេក​ទៅ ឃើញ​មាន​នំបុ័ង​ដែល​គេ​ទើប​នឹង​ដុត​លើ​ថ្ម​ក្ដៅៗ និង​ទឹក​មួយ​ក្អម នៅ​លើ​ក្បាល​ដំណេក លោក​ក៏​ពិសា​នំបុ័ង និង​ទឹក​រួច សម្រាន្ដ​លក់​ជា​ថ្មី។ ពេល​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់​មក​ដាស់​លោក​ម្ដង​ទៀត ទាំង​ពោល​ថា៖ «ចូរ​ក្រោក​ឡើង បរិភោគ​ទៅ ដ្បិត​លោក​ត្រូវ​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ»។ លោក​ក៏​ក្រោក​ឡើង ពិសា​នំបុ័ង និង​ទឹក។ អាហារ​នេះ​ធ្វើ​ឲ្យ​លោក​មាន​កម្លាំង ដើរ​បាន​សែ‌សិប​ថ្ងៃ​សែ‌សិប​យប់ រហូត​ដល់​ភ្នំ​ហោរែប ជា​ភ្នំ​របស់​ព្រះ‌ជាម្ចាស់។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ