ព្រះបាទអហាប់រៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលលោកអេលីយ៉ាបានប្រព្រឹត្ត និងអំពីការដែលលោកបានសម្លាប់ព្យាការីទាំងអស់របស់ព្រះបាលដោយមុខដាវ ប្រាប់ម្ចាស់ក្សត្រិយ៍យេសិបិល។ ម្ចាស់ក្សត្រិយ៍យេសិបិលចាត់អ្នកនាំសារឲ្យទៅប្រាប់លោកអេលីយ៉ាថា៖ «ថ្ងៃស្អែក នៅពេលថ្មើរនេះ ប្រសិនបើខ្ញុំមិនប្រហារជីវិតលោក ដូចលោកបានប្រហារជីវិតព្យាការីទាំងនោះទេ សូមព្រះទាំងឡាយដាក់ទោសខ្ញុំយ៉ាងធ្ងន់ចុះ!»។ លោកអេលីយ៉ាភ័យខ្លាច ហើយក្រោកឡើង រត់ចេញទៅ ដើម្បីឲ្យរួចជីវិត។ លោកទៅដល់បៀរ-សេបា ក្នុងស្រុកយូដា លោកទុកអ្នកបម្រើឲ្យនៅទីនោះ។ រីឯលោកវិញ លោកធ្វើដំណើរកាត់វាលរហោស្ថានពេញមួយថ្ងៃ ហើយទៅអង្គុយក្រោមដើមដង្កោមួយ រួចទូលអង្វរសុំស្លាប់ ទាំងពោលថា៖ «ព្រះអម្ចាស់អើយ! ទូលបង្គំទ្រាំលែងបានទៀតហើយ! ឥឡូវនេះ សូមព្រះអង្គដកជីវិតទូលបង្គំចុះ! ដ្បិតទូលបង្គំមិនប្រសើរជាងដូនតារបស់ទូលបង្គំទេ»។ បន្ទាប់មក លោកទម្រេតខ្លួន សម្រាន្ដលង់លក់ក្រោមដើមដង្កោនោះទៅ។ ពេលនោះ មានទេវតា*មួយរូបមកដាស់លោក ទាំងពោលថា៖ «ចូរក្រោកឡើង បរិភោគទៅ!»។ លោកអេលីយ៉ាក្រឡេកទៅ ឃើញមាននំបុ័ងដែលគេទើបនឹងដុតលើថ្មក្ដៅៗ និងទឹកមួយក្អម នៅលើក្បាលដំណេក លោកក៏ពិសានំបុ័ង និងទឹករួច សម្រាន្ដលក់ជាថ្មី។ ពេលនោះ ទេវតារបស់ព្រះអម្ចាស់មកដាស់លោកម្ដងទៀត ទាំងពោលថា៖ «ចូរក្រោកឡើង បរិភោគទៅ ដ្បិតលោកត្រូវធ្វើដំណើរយ៉ាងឆ្ងាយ»។ លោកក៏ក្រោកឡើង ពិសានំបុ័ង និងទឹក។ អាហារនេះធ្វើឲ្យលោកមានកម្លាំង ដើរបានសែសិបថ្ងៃសែសិបយប់ រហូតដល់ភ្នំហោរែប ជាភ្នំរបស់ព្រះជាម្ចាស់។ ព្រះអម្ចាស់ កាលទៅដល់ភ្នំហោរែបហើយ លោកអេលីយ៉ាចូលទៅស្នាក់ក្នុងគុហានៅពេលយប់។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកដូចតទៅ៖ «អេលីយ៉ាអើយ អ្នកមកទីនេះធ្វើអ្វី?»។ លោកទូលថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល! ទូលបង្គំស្រឡាញ់ព្រះអង្គខ្លាំងណាស់។ រីឯជនជាតិអ៊ីស្រាអែលបានផ្ដាច់សម្ពន្ធមេត្រីរបស់ព្រះអង្គ ពួកគេរំលំអាសនៈរបស់ព្រះអង្គ និងសម្លាប់ព្យាការីទាំងអស់របស់ព្រះអង្គ ដោយមុខដាវ គឺនៅសល់តែទូលបង្គំម្នាក់ប៉ុណ្ណោះ ហើយពួកគេក៏តាមប្រហារជីវិតទូលបង្គំទៀត»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរចេញទៅក្រៅ ហើយឈរលើភ្នំ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់»។ ព្រះអង្គយាងកាត់តាមនោះ មានខ្យល់បក់បោកយ៉ាងខ្លាំង ធ្វើឲ្យកក្រើកភ្នំ បំបែកថ្ម នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ប៉ុន្តែ ព្រះអម្ចាស់មិនគង់នៅក្នុងខ្យល់នោះទេ។ បន្ទាប់ពីខ្យល់ មានរញ្ជួយដី ប៉ុន្តែ ព្រះអម្ចាស់មិនគង់នៅក្នុងដីដែលរញ្ជួយនោះទេ។ ក្រោយពីរញ្ជួយដី មានភ្លើង ប៉ុន្តែ ព្រះអម្ចាស់មិនគង់នៅក្នុងភ្លើងនោះទេ។ បន្ទាប់ពីភ្លើង មានឮសូរសំឡេងស្រាលៗយ៉ាងស្រទន់។
អាន ១ ពង្សាវតារក្សត្រ 19
ស្ដាប់នូវ ១ ពង្សាវតារក្សត្រ 19
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពង្សាវតារក្សត្រ 19:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ