១ ពង្សាវតារក្សត្រ 19:1-12

១ ពង្សាវតារក្សត្រ 19:1-12 គខប

ព្រះ‌បាទ​អហាប់​រៀប​រាប់​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​លោក​អេលីយ៉ា​បាន​ប្រព្រឹត្ត និង​អំពី​ការ​ដែល​លោក​បាន​សម្លាប់​ព្យាការី​ទាំង​អស់​របស់​ព្រះ​បាល​ដោយ​មុខ​ដាវ ប្រាប់​ម្ចាស់‌ក្សត្រិយ៍​យេសិ‌បិល។ ម្ចាស់‌ក្សត្រិយ៍​យេសិ‌បិល​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​លោក​អេលីយ៉ា​ថា៖ «ថ្ងៃ​ស្អែក នៅ​ពេល​ថ្មើរ​នេះ ប្រសិន​បើ​ខ្ញុំ​មិន​ប្រហារ​ជីវិត​លោក ដូច​លោក​បាន​ប្រហារ​ជីវិត​ព្យាការី​ទាំង​នោះ​ទេ សូម​ព្រះ​ទាំង‌ឡាយ​ដាក់​ទោស​ខ្ញុំ​យ៉ាង​ធ្ងន់​ចុះ!»។ លោក​អេលីយ៉ា​ភ័យ​ខ្លាច ហើយ​ក្រោក​ឡើង រត់​ចេញ​ទៅ ដើម្បី​ឲ្យ​រួច​ជីវិត។ លោក​ទៅ​ដល់​បៀរ-‌សេបា ក្នុង​ស្រុក​យូដា លោក​ទុក​អ្នក​បម្រើ​ឲ្យ​នៅ​ទី​នោះ។ រីឯ​លោក​វិញ លោក​ធ្វើ​ដំណើរ​កាត់​វាល​រហោ‌ស្ថាន​ពេញ​មួយ​ថ្ងៃ ហើយ​ទៅ​អង្គុយ​ក្រោម​ដើម​ដង្កោ​មួយ រួច​ទូល‌អង្វរ​សុំ​ស្លាប់ ទាំង​ពោល​ថា៖ «ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​ទ្រាំ​លែង​បាន​ទៀត​ហើយ! ឥឡូវ​នេះ សូម​ព្រះអង្គ​ដក​ជីវិត​ទូលបង្គំ​ចុះ! ដ្បិត​ទូលបង្គំ​មិន​ប្រសើរ​ជាង​ដូនតា​របស់​ទូលបង្គំ​ទេ»។ បន្ទាប់​មក លោក​ទម្រេត​ខ្លួន សម្រាន្ដ​លង់‌លក់​ក្រោម​ដើម​ដង្កោ​នោះ​ទៅ។ ពេល​នោះ មាន​ទេវតា*​មួយ​រូប​មក​ដាស់​លោក ទាំង​ពោល​ថា៖ «ចូរ​ក្រោក​ឡើង បរិភោគ​ទៅ!»។ លោក​អេលីយ៉ា​ក្រឡេក​ទៅ ឃើញ​មាន​នំបុ័ង​ដែល​គេ​ទើប​នឹង​ដុត​លើ​ថ្ម​ក្ដៅៗ និង​ទឹក​មួយ​ក្អម នៅ​លើ​ក្បាល​ដំណេក លោក​ក៏​ពិសា​នំបុ័ង និង​ទឹក​រួច សម្រាន្ដ​លក់​ជា​ថ្មី។ ពេល​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់​មក​ដាស់​លោក​ម្ដង​ទៀត ទាំង​ពោល​ថា៖ «ចូរ​ក្រោក​ឡើង បរិភោគ​ទៅ ដ្បិត​លោក​ត្រូវ​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ»។ លោក​ក៏​ក្រោក​ឡើង ពិសា​នំបុ័ង និង​ទឹក។ អាហារ​នេះ​ធ្វើ​ឲ្យ​លោក​មាន​កម្លាំង ដើរ​បាន​សែ‌សិប​ថ្ងៃ​សែ‌សិប​យប់ រហូត​ដល់​ភ្នំ​ហោរែប ជា​ភ្នំ​របស់​ព្រះ‌ជាម្ចាស់។ ព្រះ‌អម្ចាស់ កាល​ទៅ​ដល់​ភ្នំ​ហោរែប​ហើយ លោក​អេលីយ៉ា​ចូល​ទៅ​ស្នាក់​ក្នុង​គុហា​នៅ​ពេល​យប់។ ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ដូច​ត​ទៅ៖ «អេលីយ៉ា​អើយ អ្នក​មក​ទី​នេះ​ធ្វើ​អ្វី?»។ លោក​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល! ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ​ខ្លាំង​ណាស់។ រីឯ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ផ្ដាច់​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ ពួក​គេ​រំលំ​អាសនៈ​របស់​ព្រះអង្គ និង​សម្លាប់​ព្យាការី​ទាំង​អស់​របស់​ព្រះអង្គ ដោយ​មុខ​ដាវ គឺ​នៅ​សល់​តែ​ទូលបង្គំ​ម្នាក់​ប៉ុណ្ណោះ ហើយ​ពួក​គេ​ក៏​តាម​ប្រហារ​ជីវិត​ទូលបង្គំ​ទៀត»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ចេញ​ទៅ​ក្រៅ ហើយ​ឈរ​លើ​ភ្នំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់»។ ព្រះអង្គ​យាង​កាត់​តាម​នោះ មាន​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​កក្រើក​ភ្នំ បំបែក​ថ្ម នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​គង់​នៅ​ក្នុង​ខ្យល់​នោះ​ទេ។ បន្ទាប់​ពី​ខ្យល់ មាន​រញ្ជួយ​ដី ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​គង់​នៅ​ក្នុង​ដី​ដែល​រញ្ជួយ​នោះ​ទេ។ ក្រោយ​ពី​រញ្ជួយ​ដី មាន​ភ្លើង ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​គង់​នៅ​ក្នុង​ភ្លើង​នោះ​ទេ។ បន្ទាប់​ពី​ភ្លើង មាន​ឮ​សូរ​សំឡេង​ស្រាលៗ​យ៉ាង​ស្រទន់។