លោកអូបាឌាចូលទៅគាល់ព្រះបាទអហាប់ ហើយរាយការណ៍ថ្វាយស្ដេច។ ព្រះបាទអហាប់ក៏យាងទៅជួបលោកអេលីយ៉ា។ កាលស្ដេចឃើញលោកអេលីយ៉ាហើយ ទ្រង់ក៏មានរាជឱង្ការថា៖ «គឺលោកហ្នឹងហើយដែលនាំឲ្យអ៊ីស្រាអែលរងគ្រោះ!»។ លោកអេលីយ៉ាតបថា៖ «ទូលបង្គំមិនបាននាំឲ្យអ៊ីស្រាអែលរងគ្រោះឡើយ គឺព្រះករុណា និងរាជវង្សវិញទេតើ ដែលបង្កឲ្យមានគ្រោះកាចនេះ ព្រោះព្រះករុណាបោះបង់ចោលបទបញ្ជារបស់ព្រះអម្ចាស់ ទៅគោរពបម្រើព្រះបាល។ ឥឡូវនេះ សូមប្រមូលប្រជាជនអ៊ីស្រាអែលទាំងមូល ឲ្យមកជួបទូលបង្គំនៅលើភ្នំកើមែល ហើយឲ្យព្យាការីរបស់ព្រះបាលទាំងបួនរយហាសិបនាក់ និងព្យាការីរបស់ព្រះអាសេរ៉ាទាំងបួនរយនាក់ ដែលបរិភោគរួមតុនឹងម្ចាស់ក្សត្រិយ៍យេសិបិល មកជាមួយដែរ»។ ព្រះបាទអហាប់បានចាត់គេឲ្យកោះហៅប្រជាជនអ៊ីស្រាអែលទាំងមូល ព្រមទាំងប្រមូលពួកព្យាការីរបស់ព្រះបាល ឲ្យមកជួបជុំគ្នានៅលើភ្នំកើមែល។ លោកអេលីយ៉ាចូលទៅជិតប្រជាជនទាំងមូល រួចមានប្រសាសន៍ថា៖ «តើអ្នករាល់គ្នានៅស្ទាក់ស្ទើរដល់កាលណាទៀត? ប្រសិនបើព្រះអម្ចាស់ជាព្រះពិតប្រាកដមែន ចូរគោរពបម្រើព្រះអង្គចុះ ហើយប្រសិនបើព្រះបាលជាព្រះវិញ ចូរគោរពព្រះបាលទៅ!»។ ពេលនោះ ប្រជាជនពុំបានឆ្លើយតបអ្វីឡើយ។ លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់ប្រជាជនទៀតថា៖ «ក្នុងចំណោមព្យាការីរបស់ព្រះអម្ចាស់ នៅសល់តែខ្ញុំម្នាក់គត់ រីឯព្យាការីរបស់ព្រះបាលវិញ មានដល់ទៅបួនរយហាសិបនាក់។ ចូរយកគោបាពីរក្បាលមក ហើយសូមអស់លោកព្យាការីជ្រើសរើសយកគោមួយក្បាល រួចកាប់ជាដុំៗ ដាក់លើគំនរអុស តែមិនបង្កាត់ភ្លើងទេ។ រីឯខ្ញុំវិញ ខ្ញុំនឹងរៀបចំគោមួយក្បាលទៀត ដាក់លើគំនរអុស តែមិនបង្កាត់ភ្លើងទេ។ បន្ទាប់មក ចូរអង្វររកព្រះនាមនៃព្រះរបស់អ្នករាល់គ្នា រីឯខ្ញុំវិញ ខ្ញុំអង្វររកព្រះនាមព្រះអម្ចាស់ដែរ។ ព្រះណាឆ្លើយតប ដោយធ្វើឲ្យមានភ្លើងឆេះ គឺព្រះនោះហើយដែលជាព្រះដ៏ពិតប្រាកដ»។ ប្រជាជនទាំងមូលឆ្លើយថា៖ «យល់ព្រម»។ លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់ពួកព្យាការីរបស់ព្រះបាលថា៖ «ចូរជ្រើសរើសយកគោបាមួយក្បាលសម្រាប់អស់លោក ហើយចាប់ផ្ដើមមុនចុះ ដ្បិតអស់លោកមានគ្នាច្រើន។ ចូរអង្វររកព្រះនាមនៃព្រះរបស់អស់លោក ប៉ុន្តែ កុំបង្កាត់ភ្លើងឡើយ»។ ពួកគេយកគោបាមួយក្បាលមករៀបចំ រួចចាប់ផ្ដើមអង្វររកព្រះនាមរបស់ព្រះបាល តាំងពីព្រលឹមរហូតដល់ថ្ងៃត្រង់ ដោយពោលថា៖ «ឱព្រះបាលអើយ សូមមេត្តាឆ្លើយតបមកយើងខ្ញុំផង!»។ ប៉ុន្តែ គ្មានឮសូរសំឡេង ឬចម្លើយអ្វីសោះ។ ពួកគេរាំជុំវិញអាសនៈដែលពួកគេបានសង់។ លុះដល់ថ្ងៃត្រង់ លោកអេលីយ៉ាក៏ចំអកទៅពួកគេថា៖ «ចូរខំប្រឹងស្រែកឲ្យខ្លាំងឡើង ដ្បិតព្រះបាលជាព្រះ ហេតុនេះហើយបានជាទ្រង់កំពុងជាប់រវល់ ឬមានកិច្ចការអ្វីហើយ ឬកំពុងតែធ្វើដំណើរ ឬប្រហែលជាផ្ទំលក់។ ដូច្នេះ ត្រូវដាស់ព្រះអង្គឲ្យតើនឡើង!»។ ពួកគេស្រែកអង្វរកាន់តែខ្លាំងឡើងៗ ហើយយកចុងដាវ និងចុងលំពែងឆូតលើសាច់តាមទម្លាប់របស់គេ ទាល់តែឈាមហូរពេញខ្លួន។ លុះដល់ថ្ងៃជ្រេបន្តិច ពួកគេនាំគ្នាទាយរហូតដល់ពេលថ្វាយសក្ការៈបូជាវេលាល្ងាច។ ប៉ុន្តែ គ្មានឮសំឡេង គ្មានចម្លើយ ឬទីសម្គាល់អ្វីឡើយ។ លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «ចូរនាំគ្នាចូលមកជិតខ្ញុំ!»។ ប្រជាជនទាំងមូលក៏ចូលទៅជិតលោក។ លោកអេលីយ៉ាសង់អាសនៈរបស់ព្រះអម្ចាស់ ដែលគេរំលំចោលឡើងវិញ។ លោកយកថ្មដប់ពីរដុំ តាមចំនួនកុលសម្ព័ន្ធកូនចៅរបស់លោកយ៉ាកុប។ គឺលោកយ៉ាកុបនេះហើយដែលព្រះអម្ចាស់មានព្រះបន្ទូលថា «អ្នកនឹងមានឈ្មោះថាអ៊ីស្រាអែល» ។ លោកអេលីយ៉ាយកថ្មទាំងដប់ពីរដុំ សង់អាសនៈមួយថ្វាយព្រះនាមព្រះអម្ចាស់ រួចលោកក៏ជីកចង្អូរជុំវិញអាសនៈនោះ ដែលមានចំណុះអាចដាក់ទឹកបានពីរប៉ោត។ លោករៀបអុសដាក់លើអាសនៈ រួចកាប់គោជាដុំៗ ដាក់ពីលើអុសនោះ។ លោកមានប្រសាសន៍ថា៖ «ចូរដងទឹកបួនក្អម ចាក់លើតង្វាយដុតទាំងមូល និងលើអុសនេះ»។ គេក៏ធ្វើតាមបង្គាប់របស់លោក។ បន្ទាប់មក លោកមានប្រសាសន៍ថា៖ «ចូរដងទឹកមកចាក់ម្ដងទៀត»។ គេក៏ធ្វើតាមបង្គាប់របស់លោក រួចហើយលោកមានប្រសាសន៍ជាលើកទីបីថា៖ «ចូរដងទឹកមកចាក់ម្ដងទៀត»។ គេធ្វើតាមបង្គាប់របស់លោកជាលើកទីបី។ ទឹកហូរជុំវិញអាសនៈ ហើយចង្អូរក៏មានទឹកពេញដែរ។ លុះដល់ពេលថ្វាយសក្ការៈបូជាវេលាល្ងាច លោកអេលីយ៉ាចូលមកជិតអាសនៈ ហើយទូលថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែល នៅថ្ងៃនេះ សូមបង្ហាញឲ្យប្រជាជនដឹងថា ព្រះអង្គពិតជាព្រះនៃជនជាតិអ៊ីស្រាអែល ហើយទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ។ សូមឲ្យពួកគេឃើញថា ទូលបង្គំធ្វើការទាំងនេះតាមបញ្ជារបស់ព្រះអង្គ។ ព្រះអម្ចាស់អើយ សូមមេត្តាឆ្លើយតបមកទូលបង្គំផង ដើម្បីឲ្យប្រជាជននេះទទួលស្គាល់ថា ព្រះអង្គពិតជាព្រះអម្ចាស់ ជាព្រះដ៏ពិតប្រាកដ មានតែព្រះអង្គទេ ដែលអាចនាំចិត្តពួកគេឲ្យវិលមករកព្រះអង្គវិញបាន»។ ខណៈនោះ ស្រាប់តែភ្លើងរបស់ព្រះអម្ចាស់ធ្លាក់ចុះមក ឆេះតង្វាយដុតទាំងមូល ព្រមទាំងអុស ថ្ម ដី និងធ្វើឲ្យទឹកនៅក្នុងចង្អូររីងស្ងួតផង។ កាលប្រជាជនទាំងមូលឃើញដូច្នេះ ក៏នាំគ្នាក្រាបថ្វាយបង្គំ ឱនមុខដល់ដី ហើយពោលថា៖ «គឺព្រះអម្ចាស់ហើយជាព្រះដ៏ពិតប្រាកដ!»។ លោកអេលីយ៉ាមានប្រសាសន៍ទៅពួកគេថា៖ «ចូរនាំគ្នាចាប់ព្យាការីរបស់ព្រះបាល កុំឲ្យនរណាម្នាក់រត់រួចឡើយ!»។ ប្រជាជនក៏ចាប់ព្យាការីរបស់ព្រះបាល ហើយលោកអេលីយ៉ាបញ្ជាឲ្យនាំពួកគេទៅកាន់ជ្រោះគីសូន រួចលោកក៏អារកព្យាការីទាំងអស់នៅទីនោះទៅ។ លោកអេលីយ៉ាទូលព្រះបាទអហាប់ថា៖ «សូមព្រះករុណាយាងសោយព្រះស្ងោយ ដ្បិតទូលបង្គំឮសូរសន្ធឹកភ្លៀងជិតមកដល់ហើយ»។ ព្រះបាទអហាប់ក៏យាងទៅសោយព្រះស្ងោយ។ រីឯលោកអេលីយ៉ាវិញ លោកឡើងទៅលើកំពូលភ្នំកើមែល ហើយថ្វាយបង្គំព្រះអម្ចាស់ដោយឱនក្បាលនៅចន្លោះជង្គង់ទាំងពីរ។ លោកប្រាប់អ្នកបម្រើរបស់លោកថា៖ «ចូរឡើងទៅ ហើយសម្លឹងឆ្ពោះទៅសមុទ្រ!»។ អ្នកបម្រើនោះក៏ឡើងទៅ ហើយសម្លឹងមើល រួចឆ្លើយថា៖ «ខ្ញុំប្របាទមិនឃើញអ្វីទេ!»។ លោកអេលីយ៉ាប្រាប់អ្នកបម្រើឲ្យឡើងទៅមើលដូច្នេះ ចំនួនប្រាំពីរដង។ នៅលើកទីប្រាំពីរ អ្នកបម្រើជម្រាបលោកអេលីយ៉ាថា៖ «ខ្ញុំប្របាទឃើញមានពពកមួយដុំតូចប៉ុនបាតដៃ ឡើងពីសមុទ្រមក»។ លោកអេលីយ៉ាមានប្រសាសន៍ថា៖ «ចូរទៅទូលព្រះបាទអហាប់ឲ្យទឹមរាជរថ ហើយយាងចុះពីភ្នំទៅ ដើម្បីកុំឲ្យភ្លៀងធ្លាក់ទាន់»។ ពេលនោះ មានពពកកាន់តែខ្លាំងក្រាស់ៗ ហើយខ្យល់ក៏បក់មក រួចភ្លៀងបង្អុរមកយ៉ាងខ្លាំងដែរ។ ព្រះបាទអហាប់យាងឡើងរាជរថ ចូលទៅក្រុងយេសរាល។ លោកអេលីយ៉ាយកក្រណាត់ក្រវាត់ចង្កេះ ស្រាប់តែលោកពោរពេញដោយឫទ្ធិបារមីរបស់ព្រះអម្ចាស់ ហើយលោកក៏រត់ពីមុខរាជរថព្រះបាទអហាប់ រហូតដល់ច្រកចូលក្រុងយេសរាល។
អាន ១ ពង្សាវតារក្សត្រ 18
ស្ដាប់នូវ ១ ពង្សាវតារក្សត្រ 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពង្សាវតារក្សត្រ 18:16-46
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ