១ ពង្សាវតារក្សត្រ 18:15-24

១ ពង្សាវតារក្សត្រ 18:15-24 គខប

លោក​អេលីយ៉ា​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សូម​ជម្រាប​លោក ក្នុង​នាម​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ជា​ព្រះ​ដែល​ខ្ញុំ​គោរព​បម្រើ​ថា ថ្ងៃ​នេះ ខ្ញុំ​នឹង​ជួប​ព្រះ‌បាទ​អហាប់»។ លោក​អូបា‌ឌា​ចូល​ទៅ​គាល់​ព្រះ‌បាទ​អហាប់ ហើយ​រាយ‌ការណ៍​ថ្វាយ​ស្ដេច។ ព្រះ‌បាទ​អហាប់​ក៏​យាង​ទៅ​ជួប​លោក​អេលីយ៉ា។ កាល​ស្ដេច​ឃើញ​លោក​អេលីយ៉ា​ហើយ ទ្រង់​ក៏​មាន​រាជ‌ឱង្ការ​ថា៖ «គឺ​លោក​ហ្នឹង​ហើយ​ដែល​នាំ​ឲ្យ​អ៊ីស្រា‌អែល​រង​គ្រោះ!»។ លោក​អេលីយ៉ា​តប​ថា៖ «ទូលបង្គំ​មិន​បាន​នាំ​ឲ្យ​អ៊ីស្រា‌អែល​រង​គ្រោះ​ឡើយ គឺ​ព្រះ‌ករុណា និង​រាជ‌វង្ស​វិញ​ទេ​តើ ដែល​បង្ក​ឲ្យ​មាន​គ្រោះ​កាច​នេះ ព្រោះ​ព្រះ‌ករុណា​បោះ​បង់​ចោល​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ទៅ​គោរព​បម្រើ​ព្រះ​បាល។ ឥឡូវ​នេះ សូម​ប្រមូល​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ឲ្យ​មក​ជួប​ទូលបង្គំ​នៅ​លើ​ភ្នំ​កើមែល ហើយ​ឲ្យ​ព្យាការី​របស់​ព្រះ​បាល​ទាំង​បួន​រយ​ហា‌សិប​នាក់ និង​ព្យាការី​របស់​ព្រះ‌អា‌សេ‌រ៉ា​ទាំង​បួន​រយ​នាក់ ដែល​បរិភោគ​រួម​តុ​នឹង​ម្ចាស់‌ក្សត្រិយ៍​យេសិ‌បិល មក​ជា​មួយ​ដែរ»។ ព្រះ‌បាទ​អហាប់​បាន​ចាត់​គេ​ឲ្យ​កោះ​ហៅ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ព្រម​ទាំង​ប្រមូល​ពួក​ព្យាការី​របស់​ព្រះ​បាល ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​លើ​ភ្នំ​កើមែល។ លោក​អេលីយ៉ា​ចូល​ទៅ​ជិត​ប្រជា‌ជន​ទាំង​មូល រួច​មាន​ប្រសាសន៍​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​ស្ទាក់​ស្ទើរ​ដល់​កាល​ណា​ទៀត? ប្រសិន​បើ​ព្រះ‌អម្ចាស់​ជា​ព្រះ​ពិត​ប្រាកដ​មែន ចូរ​គោរព​បម្រើ​ព្រះអង្គ​ចុះ ហើយ​ប្រសិន​បើ​ព្រះ​បាល​ជា​ព្រះ​វិញ ចូរ​គោរព​ព្រះ​បាល​ទៅ!»។ ពេល​នោះ ប្រជា‌ជន​ពុំ​បាន​ឆ្លើយ​តប​អ្វី​ឡើយ។ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទៀត​ថា៖ «ក្នុង​ចំណោម​ព្យាការី​របស់​ព្រះ‌អម្ចាស់ នៅ​សល់​តែ​ខ្ញុំ​ម្នាក់​គត់ រីឯ​ព្យាការី​របស់​ព្រះ​បាល​វិញ មាន​ដល់​ទៅ​បួន‌រយ​ហា‌សិប​នាក់។ ចូរ​យក​គោ​បា​ពីរ​ក្បាល​មក ហើយ​សូម​អស់​លោក​ព្យាការី​ជ្រើស​រើស​យក​គោ​មួយ​ក្បាល រួច​កាប់​ជា​ដុំៗ ដាក់​លើ​គំនរ​អុស តែ​មិន​បង្កាត់​ភ្លើង​ទេ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​រៀបចំ​គោ​មួយ​ក្បាល​ទៀត ដាក់​លើ​គំនរ​អុស តែ​មិន​បង្កាត់​ភ្លើង​ទេ។ បន្ទាប់​មក ចូរ​អង្វរ​រក​ព្រះ‌នាម​នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា រីឯ​ខ្ញុំ​វិញ ខ្ញុំ​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់​ដែរ។ ព្រះ​ណា​ឆ្លើយ​តប ដោយ​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ គឺ​ព្រះ​នោះ​ហើយ​ដែល​ជា​ព្រះ​ដ៏​ពិត​ប្រាកដ»។ ប្រជា‌ជន​ទាំង​មូល​ឆ្លើយ​ថា៖ «យល់​ព្រម»។