លោកអេលីយ៉ាជាអ្នកភូមិធេសប៊ី ក្នុងស្រុកកាឡាដ ទូលព្រះបាទអហាប់ថា៖ «ទូលបង្គំសូមទូលព្រះករុណា ក្នុងនាមព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដែលទូលបង្គំគោរពបម្រើថា: ប៉ុន្មានឆ្នាំតទៅមុខទៀត នឹងគ្មានសន្សើម គ្មានភ្លៀងទេ លើកលែងតែទូលបង្គំទូលសូម»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេលីយ៉ាថា៖ «ចូរចាកចេញពីទីនេះ ធ្វើដំណើរទៅទិសខាងកើត ហើយពួនសម្ងំនៅក្បែរជ្រោះកេរីត ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់។ អ្នកអាចផឹកទឹកជ្រោះ ហើយយើងនឹងប្រើក្អែកពាំអាហារយកទៅឲ្យអ្នកនៅទីនោះ»។ លោកក៏ចាកចេញទៅ ហើយធ្វើតាមព្រះបន្ទូលព្រះអម្ចាស់ គឺលោកទៅស្នាក់អាស្រ័យក្បែរស្ទឹងកេរីត ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់។ ក្អែកតែងពាំនំបុ័ង និងសាច់យកមកឲ្យលោកទាំងព្រឹកទាំងល្ងាច ហើយលោកបរិភោគទឹកជ្រោះនោះ។ បន្តិចក្រោយមក ទឹកជ្រោះក៏រីង ព្រោះគ្មានភ្លៀងធ្លាក់នៅស្រុកនោះទេ។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេលីយ៉ាថា៖ «ចូរក្រោកឡើងធ្វើដំណើរទៅសារិបតា ជាក្រុងរបស់ជនជាតិស៊ីដូន ហើយស្នាក់អាស្រ័យនៅទីនោះចុះ យើងនឹងបង្គាប់ឲ្យស្ត្រីមេម៉ាយម្នាក់ផ្គត់ផ្គង់អ្នក»។ លោកក្រោកឡើង ធ្វើដំណើរទៅកាន់ក្រុងសារិបតា។ លុះដល់មាត់ទ្វារក្រុង លោកឃើញស្ត្រីមេម៉ាយម្នាក់កំពុងតែរើសអុស។ លោកហៅស្ត្រីនោះមក ហើយនិយាយទៅកាន់នាងថា៖ «សូមទៅយកទឹកឲ្យខ្ញុំទទួលទានបន្តិច!»។ នាងក៏ទៅយកទឹក ប៉ុន្តែ លោកស្រែកប្រាប់នាងទៀតថា៖ «សូមយកនំបុ័ងឲ្យខ្ញុំមួយដុំផង!»។ នាងតបថា៖ «នាងខ្ញុំសូមជម្រាបលោក ក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ជាព្រះរបស់លោកថា នាងខ្ញុំគ្មាននំបុ័ងទេ នាងខ្ញុំនៅសល់តែម្សៅមួយក្ដាប់ក្នុងខាប់ និងប្រេងបន្តិចនៅក្នុងដបប៉ុណ្ណោះ។ នាងខ្ញុំកំពុងតែរើសអុសពីរអង្កត់នេះយកទៅដុតនំបុ័ង សម្រាប់នាងខ្ញុំ និងកូន ទទួលទាន។ ពេលទទួលទានរួចហើយ យើងខ្ញុំទាំងពីរនាក់ម្ដាយកូននឹងស្លាប់ទាំងអស់គ្នា»។ លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់នាងថា៖ «កុំខ្លាចអ្វីឡើយ! សូមចូលទៅធ្វើតាមពាក្យនាងចុះ! តែសូមដុតនំបុ័ងមួយដុំតូចយកមកឲ្យខ្ញុំជាមុនសិន រួចសឹមដុតសម្រាប់នាង និងកូនរបស់នាង ដ្បិតព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា ម្សៅក្នុងខាប់នឹងមិនចេះអស់ទេ ហើយប្រេងនៅក្នុងដបក៏មិនចេះអស់ដែរ រហូតដល់ថ្ងៃព្រះអម្ចាស់បង្អុរភ្លៀងមកលើផែនដី»។ នាងក៏ចេញទៅធ្វើតាមពាក្យដែលលោកអេលីយ៉ាបានប្រាប់។ ពួកគេមានអាហារបរិភោគជាយូរថ្ងៃ ទាំងនាងទាំងកូននាង និងលោកអេលីយ៉ា គឺម្សៅមិនចេះរលស់ពីខាប់ ប្រេងក៏មិនចេះរលស់ពីដប ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែង តាមរយៈលោកអេលីយ៉ា។ ក្រោយហេតុការណ៍នោះមក កូនប្រុសរបស់ស្ត្រីមេម៉ាយ ជាម្ចាស់ផ្ទះ ធ្លាក់ខ្លួនឈឺ ហើយជំងឺកាន់តែធ្ងន់ទៅៗរហូតដល់ផុតដង្ហើម។ ស្ត្រីជាម្ដាយពោលទៅកាន់លោកអេលីយ៉ាថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ! តើនាងខ្ញុំ និងលោកមានរឿងអ្វីជាមួយគ្នា បានជាលោកអញ្ជើញមកស្នាក់នៅផ្ទះនាងខ្ញុំ ដើម្បីរំឭកពីកំហុសរបស់នាងខ្ញុំ ហើយធ្វើឲ្យកូននាងខ្ញុំស្លាប់ដូច្នេះ!»។ លោកឆ្លើយទៅនាងវិញថា៖ «សូមប្រគល់កូននាងមកឲ្យខ្ញុំ»។ លោកទទួលយកកូននោះពីដៃរបស់នាង ហើយបីឡើងទៅបន្ទប់ខាងលើ ជាបន្ទប់ដែលលោកស្នាក់នៅ រួចផ្ដេកវាលើគ្រែរបស់លោក។ បន្ទាប់មក លោកទូលអង្វរព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ! ស្ត្រីមេម៉ាយនេះបានទទួលទូលបង្គំឲ្យស្នាក់នៅផ្ទះរបស់នាង តើព្រះអង្គពិតជាចង់ឲ្យនាងកើតទុក្ខព្រួយឬ បានជាបណ្តោយឲ្យកូនរបស់នាងស្លាប់ដូច្នេះ?»។ លោកទ្រោបលើក្មេងនោះបីដង ទាំងអង្វរព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ! សូមប្រោសប្រទានឲ្យក្មេងនេះមានដង្ហើមឡើងវិញផង!»។ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យអង្វររបស់លោកអេលីយ៉ា។ ក្មេងនោះក៏មានដង្ហើមឡើងវិញ ហើយដឹងខ្លួន។ លោកអេលីយ៉ាបីក្មេងនោះចុះពីបន្ទប់ខាងលើ មកប្រគល់ឲ្យម្ដាយវិញ ទាំងពោលថា៖ «មើល៍! កូនរបស់នាងមានជីវិតហើយ»។ ស្ត្រីនោះពោលទៅកាន់លោកអេលីយ៉ាថា៖ «ឥឡូវនេះ នាងខ្ញុំដឹងថា លោកជាអ្នកជំនិតរបស់ព្រះជាម្ចាស់មែន ហើយសេចក្ដីដែលលោកថ្លែងពិតជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។
អាន ១ ពង្សាវតារក្សត្រ 17
ស្ដាប់នូវ ១ ពង្សាវតារក្សត្រ 17
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពង្សាវតារក្សត្រ 17:1-24
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ