១ ពង្សាវតារក្សត្រ 13
13
ទីសក្ការៈនៅបេតអែលត្រូវវិនាស
1មានអ្នកជំនិតមួយរូបរបស់ព្រះជាម្ចាស់ បានធ្វើដំណើរពីស្រុកយូដា តាមបញ្ជារបស់ព្រះអម្ចាស់ លោកមកដល់បេតអែល នៅពេលព្រះបាទយេរ៉ូបោមកំពុងតែឈរដុតគ្រឿងក្រអូបនៅលើអាសនៈ។ 2 លោកស្រែកប្រឆាំងនឹងអាសនៈ ដោយប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ដូចតទៅ៖ «អាសនៈអើយ! អាសនៈ! ព្រះអម្ចាស់មានព្រះបន្ទូលថា: នៅក្នុងពូជពង្សរបស់ដាវីឌនឹងមានកូនប្រុសមួយរូបកើតមក កូននោះមានឈ្មោះថា យ៉ូសៀស។ យ៉ូសៀសនឹងយកពួកបូជាចារ្យនៃកន្លែងសក្ការៈតាមទួលខ្ពស់ៗមកបូជា នៅលើអាសនៈ គឺពួកបូជាចារ្យដែលធ្លាប់ដុតគ្រឿងក្រអូបនៅលើអាសនៈនេះ។ គេក៏យកឆ្អឹងរបស់មនុស្សមកដុតនៅលើអាសនៈនេះដែរ»។ 3នៅថ្ងៃដដែលនោះ អ្នកជំនិតរបស់ព្រះជាម្ចាស់ក៏ប្រកាសទៀតថា៖ «ព្រះអម្ចាស់ប្រទានទីសម្គាល់មួយ ដើម្បីបញ្ជាក់ថា ព្រះអង្គពិតជាមានព្រះបន្ទូលមែន គឺអាសនៈនឹងត្រូវបាក់បែក ហើយផេះនៅលើអាសនៈក៏នឹងធ្លាក់ខ្ចាត់ខ្ចាយដែរ»។
4ពេលព្រះបាទយេរ៉ូបោមឮពាក្យដែលអ្នកជំនិតរបស់ព្រះជាម្ចាស់ ស្រែកប្រឆាំងនឹងអាសនៈ នៅបេតអែល ទ្រង់ក៏លាតព្រះហស្ដពីលើអាសនៈ រួចបញ្ជាថា៖ «ចូរចាប់ជននេះទៅ!»។ ពេលនោះ ព្រះហស្ដដែលស្ដេចលើកចង្អុលទៅអ្នកជំនិតរបស់ព្រះជាម្ចាស់ ក៏ស្ពឹកកម្រើកលែងរួច។ 5អាសនៈបាក់បែក ហើយផេះនៅលើអាសនៈក៏ធ្លាក់ ដូចទីសម្គាល់ដែលអ្នកជំនិតព្រះជាម្ចាស់ប្រកាស ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ 6ព្រះរាជាមានរាជឱង្ការទៅកាន់អ្នកជំនិតព្រះជាម្ចាស់ថា៖ «សូមលោកជួយទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក សូមអធិស្ឋានឲ្យខ្ញុំផង ដើម្បីឲ្យដៃរបស់ខ្ញុំអាចកម្រើកវិញបាន»។ អ្នកជំនិតរបស់ព្រះជាម្ចាស់ទូលអង្វរព្រះអង្គ ហើយព្រះហស្ដរបស់ស្ដេចក៏អាចបត់មកវិញបានដូចដើម។ 7ព្រះរាជាមានរាជឱង្ការទៅកាន់អ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ «សូមអញ្ជើញចូលដំណាក់ខ្ញុំស្រស់ស្រូបសិន រួចហើយខ្ញុំនឹងជូនរង្វាន់លោក»។ 8អ្នកជំនិតរបស់ព្រះជាម្ចាស់ទូលព្រះរាជាវិញថា៖ «ទោះបីព្រះករុណាប្រទានរាជ្យទ្រព្យចំនួនពាក់កណ្ដាលឲ្យទូលបង្គំ ក៏ទូលបង្គំមិនចូលក្នុងដំណាក់របស់ព្រះករុណាដែរ ទូលបង្គំក៏មិនទទួលទានអាហារ និងទឹកនៅទីនេះឡើយ 9ដ្បិតព្រះអម្ចាស់បានហាមទូលបង្គំមិនឲ្យទទួលទានអាហារ ឬទឹកទេ ហើយព្រះអង្គក៏មិនឲ្យទូលបង្គំត្រឡប់ទៅវិញ តាមផ្លូវដដែលដែរ»។ 10បន្ទាប់មក អ្នកជំនិតរបស់ព្រះជាម្ចាស់ត្រឡប់ទៅវិញ តាមផ្លូវមួយផ្សេងទៀត គឺលោកមិនត្រឡប់ទៅវិញ តាមផ្លូវដែលលោកមកបេតអែលនោះឡើយ។
អ្នកជំនិតរបស់ព្រះជាម្ចាស់ត្រូវសត្វសិង្ហសម្លាប់
11គ្រានោះ មានព្យាការីចាស់មួយរូបរស់នៅបេតអែល។ កូនប្រុសរបស់គាត់បានរៀបរាប់អំពីព្រឹត្តិការណ៍ទាំងប៉ុន្មានដែលអ្នកជំនិតរបស់ព្រះជាម្ចាស់បានធ្វើនៅបេតអែល និងសេចក្ដីទាំងប៉ុន្មានដែលលោកបានទូលព្រះរាជា នៅថ្ងៃនោះ។ 12ឪពុកសួរកូនថា៖ «តើលោកចាកចេញទៅតាមផ្លូវណា?»។ កូនៗក៏ប្រាប់ឪពុកពីផ្លូវដែលអ្នកជំនិតរបស់ព្រះជាម្ចាស់វិលត្រឡប់ពីស្រុកយូដាទៅវិញ។ 13ពេលនោះ ឪពុកបង្គាប់ឲ្យកូនៗចងកែបលា។ កូនៗក៏ចងកែបលា ហើយឪពុកក៏ឡើងជិះ។ 14គាត់ចេញទៅតាមអ្នកជំនិតរបស់ព្រះជាម្ចាស់ ហើយតាមទាន់នៅពេលដែលលោកកំពុងអង្គុយក្រោមដើមជ្រៃ។ គាត់សួរលោកថា៖ «តើលោកជាអ្នកជំនិតរបស់ព្រះជាម្ចាស់ដែលមកពីស្រុកយូដាឬ?»។ លោកឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។ 15គាត់ពោលថា៖ «សូមអញ្ជើញទៅពិសាអាហារនៅផ្ទះខ្ញុំសិន»។ 16លោកឆ្លើយថា៖ «ខ្ញុំមិនអាចត្រឡប់ទៅជាមួយលោក ខ្ញុំមិនអាចចូលទៅផ្ទះលោក ហើយក៏មិនអាចទទួលទានអាហារ ឬទឹកជាមួយលោកនៅទីនោះបានដែរ 17ដ្បិតព្រះអម្ចាស់បានហាមខ្ញុំថា: “អ្នកមិនត្រូវបរិភោគអាហារ ឬទឹកនៅទីនោះទេ! ហើយក៏មិនត្រូវវិលត្រឡប់មកវិញ តាមផ្លូវដែលអ្នកទៅឡើយ”»។ 18ព្យាការីចាស់ពោលទៅអ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ «ខ្ញុំក៏ជាព្យាការីដែរ មានទេវតាបានមកប្រាប់ខ្ញុំ ក្នុងនាមរបស់ព្រះអម្ចាស់ដូចតទៅ: “ចូរទៅនាំគាត់មកផ្ទះអ្នក ដើម្បីឲ្យគាត់បរិភោគអាហារ និងទឹកផង”»។ តាមពិត គាត់និយាយកុហកទេ។ 19អ្នកជំនិតរបស់ព្រះជាម្ចាស់ក៏ត្រឡប់ទៅជាមួយគាត់ ហើយបរិភោគអាហារ និងទឹក នៅផ្ទះរបស់គាត់ផង។
20នៅពេលដែលលោកទាំងពីរអង្គុយរួមតុជាមួយគ្នា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីដែលបាននាំអ្នកជំនិតរបស់ព្រះជាម្ចាស់មកវិញ។ 21គាត់ពោលទៅកាន់អ្នកជំនិតរបស់ព្រះជាម្ចាស់ដែលមកពីស្រុកយូដាថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ដោយអ្នកមិនធ្វើតាមបង្គាប់របស់ព្រះអម្ចាស់ ហើយមិនកាន់តាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នកទេ 22គឺអ្នកវិលមកវិញ បរិភោគអាហារ និងទឹក នៅកន្លែងដែលព្រះអង្គហាមប្រាម ដូច្នេះ សពរបស់អ្នកនឹងមិនត្រូវគេយកទៅបញ្ចុះក្នុងផ្នូររបស់ដូនតាអ្នកឡើយ»។
23ក្រោយពីបានបរិភោគអាហារ និងទឹករួច ព្យាការីចាស់ចងកែបលាជូនព្យាការីដែលគាត់បាននាំត្រឡប់មកវិញ។ 24លោកក៏ចាកចេញទៅ ហើយនៅតាមផ្លូវ លោកបានជួបនឹងសិង្ហមួយ វាសម្លាប់លោក ទុកសាកសពចោលនៅលើផ្លូវ។ សត្វលា និងសត្វសិង្ហ ឈរនៅជិតសាកសព។ 25មនុស្សម្នាដែលធ្វើដំណើរកាត់តាមនោះ ឃើញសាកសពរបស់លោកនៅលើផ្លូវ ហើយឃើញសិង្ហឈរនៅក្បែរសពនោះ។ ពួកគេក៏យករឿងនេះទៅនិយាយនៅក្នុងក្រុង ដែលព្យាការីចាស់នោះរស់នៅ។ 26កាលព្យាការីដែលបានអញ្ជើញអ្នកជំនិតរបស់ព្រះជាម្ចាស់មកផ្ទះគាត់ ឮដំណឹងនេះ ក៏ពោលថា៖ «គាត់ជាអ្នកជំនិតរបស់ព្រះជាម្ចាស់ដែលមិនធ្វើតាមបង្គាប់ព្រះអង្គ។ ព្រះអម្ចាស់បានប្រគល់គាត់ទៅក្នុងក្រញាំសិង្ហ វាហែកសម្លាប់គាត់ ស្របតាមសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូលមកគាត់»។ 27បន្ទាប់មក ព្យាការីចាស់នោះពោលទៅកាន់កូនៗរបស់គាត់ថា៖ «ចូរចងកែបលាឲ្យពុក!»។ កូនៗក៏ចងកែបលាជូនគាត់។ 28ពេលនោះ គាត់ចេញដំណើរទៅ ឃើញសាកសពនៅកណ្ដាលផ្លូវ។ សត្វលា និងសត្វសិង្ហឈរនៅក្បែរសពនោះ ប៉ុន្តែ សិង្ហពុំបានហែកសាកសពស៊ីទេ ហើយក៏ពុំបានខាំសត្វលាដែរ។ 29គាត់លើកសាកសពអ្នកជំនិតរបស់ព្រះជាម្ចាស់ដាក់លើខ្នងលា នាំទៅបេតអែល ដើម្បីធ្វើពិធីកាន់ទុក្ខ និងបញ្ចុះសព។ 30គាត់យកសាកសពទៅបញ្ចុះក្នុងផ្នូររបស់ខ្លួនផ្ទាល់ រួចយំស្រណោះថា “ប្អូនអើយ ម្ដេចក៏វេទនាម៉្លេះ!”។ 31ក្រោយពីបានបញ្ចុះសពរួចហើយ គាត់ផ្ដាំកូនៗថា៖ «កាលណាពុកស្លាប់ ចូរកូនបញ្ចុះសពនៅក្នុងផ្នូរ ដែលយើងបញ្ចុះសពអ្នកជំនិតរបស់ព្រះជាម្ចាស់។ ត្រូវតម្កល់ធាតុពុកនៅទន្ទឹមនឹងធាតុរបស់លោកផង 32ដ្បិតព្រះបន្ទូលដែលលោកប្រកាស ក្នុងនាមព្រះអម្ចាស់ប្រឆាំងនឹងអាសនៈនៅបេតអែល ព្រមទាំងកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ ក្នុងក្រុងនានានៃស្រុកសាម៉ារី មុខជាសម្រេចពុំខាន»។
33ទោះបីមានហេតុការណ៍កើតឡើងយ៉ាងនេះក្ដី ក៏ព្រះបាទយេរ៉ូបោមនៅតែពុំព្រមងាកចេញពីផ្លូវអាក្រក់។ ស្ដេចនៅតែបន្តតែងតាំងមនុស្សក្នុងចំណោមប្រជាជនជាបូជាចារ្យ សម្រាប់បម្រើការនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ។ បើមាននរណាចង់បម្រើកិច្ចការនេះ ស្ដេចក៏តែងតាំងគេឲ្យបម្រើការក្នុងកន្លែងសក្ការៈ តាមទួលខ្ពស់ៗ។ 34អំពើទាំងនេះនាំឲ្យរាជវង្សរបស់ព្រះបាទយេរ៉ូបោមប្រព្រឹត្តអំពើបាប ហេតុនេះហើយបានជារាជវង្សនេះត្រូវរលាយសូន្យបាត់ពីផែនដី។
ទើបបានជ្រើសរើសហើយ៖
១ ពង្សាវតារក្សត្រ 13: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.