១ ពង្សាវតារក្សត្រ 12:16-33

១ ពង្សាវតារក្សត្រ 12:16-33 គខប

ពេល​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ឃើញ​ថា ស្ដេច​ពុំ​ព្រម​ស្ដាប់​តាម​សំណូម‌ពរ​របស់​ខ្លួន​ទេ ពួក​គេ​ក៏​ទូល​ស្ដេច​ថា៖ «ពួក​យើង​គ្មាន​ជាប់​ជំពាក់​អ្វី​នឹង ព្រះ‌បាទ​ដាវីឌ​ទេ! ពួក​យើង​ក៏​គ្មាន​ចំណែក​មត៌ក​អ្វី​រួម​ជា​មួយ កូន​របស់​លោក​អ៊ីសាយ​ដែរ! ប្រជា‌ជន​អ៊ីស្រា‌អែល​អើយ ចូរ​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​អ្នក​វិញ​ចុះ។ រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​អើយ ឥឡូវ​នេះ សូម​បី​បាច់​ថែ‌រក្សា​ខ្លួន​ឯង​ទៅ!»។ ប្រជា‌ជន​អ៊ីស្រា‌អែល​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់ លំ‌នៅ​របស់​ខ្លួន​វិញ។ ព្រះ‌បាទ​រេហូ‌បោម​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​រស់​នៅ​តាម​ក្រុង​ទាំង‌ឡាយ ក្នុង​ស្រុក​យូដា។ ព្រះ‌បាទ​រេហូ‌បោម​ចាត់​លោក​អដូ‌រ៉ាម ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កំណែន ឲ្យ​ទៅ​ជួប​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ឯ​ទៀតៗ តែ​ពួក​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក។ ព្រះ‌បាទ​រេហូ‌បោម​ក៏​ប្រញាប់‌ប្រញាល់​ឡើង​រាជ‌រថ ភៀស​ខ្លួន​ចូល​ក្រុង​យេរូ‌សាឡឹម​វិញ។ គឺ​យ៉ាង​នេះ​ហើយ​ដែល​ប្រជា‌ជន​អ៊ីស្រា‌អែល​បះ‌បោរ​ប្រឆាំង​នឹង​រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ រហូត​ដល់​សព្វ​ថ្ងៃ។ កាល​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ដឹង​ថា លោក​យេរ៉ូ‌បោម​វិល​ត្រឡប់​មក​វិញ គេ​ក៏​ជួប‌ជុំ​គ្នា ហើយ​ចាត់​មនុស្ស​ឲ្យ​ទៅ​អញ្ជើញ​លោក​មក។ គេ​អភិ‌សេក​លោក​ជា​ស្ដេច​លើ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល។ មាន​តែ​កុល‌សម្ព័ន្ធ​យូដា​មួយ​ប៉ុណ្ណោះ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ។ ពេល​ព្រះ‌បាទ​រេហូ‌បោម​យាង​មក​ដល់​ក្រុង​យេរូ‌សាឡឹម ទ្រង់​ក៏​ប្រមូល​ទាហាន​ក្នុង​ពូជ‌ពង្ស​យូដា និង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ទាំង​មូល បាន​ចំនួន​មួយ​សែន​ប្រាំ​បី​ម៉ឺន​នាក់ ដែល​សុទ្ធ​តែ​ជា​អ្នក​ចម្បាំង​យ៉ាង​ស្ទាត់​ជំនាញ។ ពួក​គេ​លើក​ទ័ព​ចេញ​ទៅ​ច្បាំង​នឹង​កូន​ចៅ​អ៊ីស្រា‌អែល​ឯ​ទៀតៗ ដើម្បី​ដណ្ដើម​យក​អាណា‌ចក្រ​ទាំង​មូល​មក​ថ្វាយ​ព្រះ‌បាទ​រេហូ‌បោម ជា​បុត្រ​របស់​ព្រះ‌បាទ​សាឡូម៉ូន​វិញ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សេម៉ាយ៉ា ជា​អ្នក​ជំនិត​របស់​ព្រះអង្គ​ថា៖ «ចូរ​ប្រាប់​រេហូ‌បោម បុត្រ​សាឡូម៉ូន ជា​ស្ដេច​នៅ​ស្រុក​យូដា ព្រម​ទាំង​កុល‌សម្ព័ន្ធ​យូដា កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន និង​ប្រជា‌ជន​ឯ​ទៀតៗ​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: កុំ​ចេញ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​បងប្អូន​របស់​ខ្លួន​ឡើយ។ ចូរ​វិល​ទៅ​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​ចុះ ដ្បិត​យើង​ទេ​ដែល​ធ្វើ​ឲ្យ​សភាព​ការណ៍​នេះ​កើត​មាន»។ ពួក​គេ​ក៏​ស្ដាប់​តាម​បង្គាប់​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​វិញ តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ ព្រះ‌បាទ​យេរ៉ូ‌បោម​បាន​សង់​ក្រុង​ស៊ី‌គែម នៅ​លើ​ភ្នំ​អេប្រាអ៊ីម ដើម្បី​គង់​នៅ​ទី​នោះ។ បន្ទាប់​មក ស្ដេច​បាន​ចេញ​ពី​ស៊ី‌គែម​ទៅ​សង់​ក្រុង​ពេនួល។ ព្រះ‌បាទ​យេរ៉ូ‌បោម​រិះគិត​ថា៖ «យោល​តាម​សភាព​ការណ៍​ពេល​នេះ អាណា‌ចក្រ​ខ្ញុំ​អាច​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​មិន​ខាន។ ប្រសិន​បើ​ប្រជា‌ជន​របស់​ខ្ញុំ​នៅ​តែ​ទៅ​ថ្វាយ‌យញ្ញ‌បូជា​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម​ដូច្នេះ ចិត្ត​គំនិត​របស់​ពួក​គេ​នឹង​វិល​ទៅ​រក​រេហូ‌បោម ជា​ស្ដេច​ស្រុក​យូដា និង​ជា​ម្ចាស់​ដើម​របស់​ពួក​គេ​វិញ។ ពេល​នោះ ពួក​គេ​មុខ​ជា​សម្លាប់​ខ្ញុំ រួច​វិល​ទៅ​រក​រេហូ‌បោម ជា​ស្ដេច​ស្រុក​យូដា​មិន​ខាន»។ ស្ដេច​បាន​រិះគិត​អំពី​មធ្យោ‌បាយ​មួយ គឺ​ឲ្យ​គេ​សិត​ធ្វើ​រូប​គោ​មាស​ពីរ ហើយ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជា‌ជន​ថា៖ «អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡឹម​ជា​ច្រើន​ដង​ហើយ អ៊ីស្រា‌អែល​អើយ! នេះ​នែ៎ ព្រះ​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប»។ ស្ដេច​តម្កល់​រូប​គោ​មួយ​នៅ​បេត‌អែល និង​មួយ​ទៀត​នៅ​ក្រុង​ដាន់។ ស្ដេច​បាន​នាំ​ប្រជា‌ជន​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ព្រោះ​តែ​រូប​គោ​នោះ។ ប្រជា‌ជន​នាំ​គ្នា​ដង្ហែ​រូប​គោ រហូត​ដល់​ក្រុង​ដាន់។ ព្រះ‌បាទ​យេរ៉ូ‌បោម​សង់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ រួច​ជ្រើស​រើស​មនុស្ស​ពី​ចំណោម​ប្រជា‌ជន ដែល​មិន​មែន​ជា​ពួក​លេវី ឲ្យ​ធ្វើ​ជា​បូជា‌ចារ្យ*។ ព្រះ‌បាទ​យេរ៉ូ‌បោម​បាន​កំណត់​យក​ថ្ងៃ​ទី​ដប់​ប្រាំ​នៃ​ខែ​ទី​ប្រាំ​បី សម្រាប់​ប្រារព្ធ​ពិធី​បុណ្យ ដូច​នៅ​ស្រុក​យូដា​ដែរ។ ពេល​នោះ ស្ដេច​យាង​ទៅ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាសនៈ។ ស្ដេច​បាន​ប្រព្រឹត្ត​របៀប​នេះ​នៅ​បេត‌អែល​ដែរ គឺ​ថ្វាយ​យញ្ញ‌បូជា​ចំពោះ​រូប​គោ​ដែល​ស្ដេច​បាន​ធ្វើ ព្រម​ទាំង​យក​បូជា‌ចារ្យ​ដែល​ស្ដេច​តែង‌តាំង សម្រាប់​បម្រើ​ការ‌ងារ​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ឲ្យ​មក​បម្រើ​ការ​នៅ​បេត‌អែល​ផង។ នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​នៃ​ខែ​ប្រាំ​បី ជា​ថ្ងៃ​ដែល​ស្ដេច​កំណត់​ខ្លួន​ឯង ទ្រង់​យាង​ទៅ​អាសនៈ​ដែល​ទ្រង់​បាន​សង់​នៅ​បេត‌អែល ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ ជា​មួយ​ប្រជា‌ជន​អ៊ីស្រា‌អែល។ ក្នុង​ឱកាស​នោះ ស្ដេច​ឡើង​ទៅ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ ពង្សាវតារក្សត្រ 12:16-33