សម្ដេចរេហូបោមបានយាងទៅស៊ីគែម ដ្បិតប្រជាជនអ៊ីស្រាអែលទាំងមូលមកជួបជុំគ្នានៅទីនោះ ដើម្បីអភិសេកសម្ដេចជាព្រះមហាក្សត្រ។ កាលលោកយេរ៉ូបោម ជាកូនរបស់លោកនេបាត ឮដំណឹងនេះ លោកស្ថិតនៅក្នុងស្រុកអេស៊ីបនៅឡើយ។ លោកយេរ៉ូបោមបានរត់ភៀសខ្លួនពីព្រះបាទសាឡូម៉ូន ទៅស្នាក់នៅស្រុកអេស៊ីប។ ពេលនោះ គេបានចាត់មនុស្សឲ្យទៅហៅលោកយេរ៉ូបោមមកដែរ។ លោកយេរ៉ូបោម និងជនជាតិអ៊ីស្រាអែលទាំងមូលមកជួបជុំគ្នា ហើយទូលព្រះបាទរេហូបោមថា៖ «បិតារបស់ព្រះករុណាបានដាក់នឹមយ៉ាងធ្ងន់លើយើងខ្ញុំ។ ឥឡូវនេះ សូមព្រះករុណាមេត្តាសម្រាលនឹមដ៏ធ្ងន់ ដែលបិតារបស់ព្រះករុណាបានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងបម្រើព្រះករុណា»។ ព្រះរាជាមានរាជឱង្ការថា៖ «ចូរទៅសិនចុះ ចាំបីថ្ងៃទៀត សឹមវិលមកជួបយើងវិញ»។ ប្រជាជនក៏នាំគ្នាចាកចេញទៅ។ ព្រះបាទរេហូបោមបានពិភាក្សាជាមួយក្រុមព្រឹទ្ធាចារ្យ ដែលជាទីប្រឹក្សារបស់ព្រះបាទសាឡូម៉ូន ជាបិតា ក្នុងគ្រាទ្រង់នៅមានព្រះជន្មនៅឡើយ ដោយសួរថា៖ «តាមយោបល់អស់លោក តើយើងត្រូវឆ្លើយដូចម្ដេចចំពោះប្រជាជននេះ?»។ អស់លោកព្រឹទ្ធាចារ្យទូលវិញថា៖ «ថ្ងៃនេះ ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យបម្រើប្រជាជន បើព្រះករុណាយកចិត្តទុកដាក់នឹងគេ ហើយឆ្លើយទៅគេ ដោយព្រះហឫទ័យសប្បុរស នោះពួកគេនឹងបម្រើព្រះករុណារហូតតទៅ»។ ប៉ុន្តែ ព្រះបាទរេហូបោមមិនរវីរវល់នឹងយោបល់របស់ក្រុមព្រឹទ្ធាចារ្យទេ តែស្ដេចបានសួរយោបល់ពីមន្ត្រីជំនិត ដែលធ្លាប់នៅជាមួយស្ដេចតាំងពីកុមារមក។ ស្ដេចមានរាជឱង្ការទៅពួកគេថា៖ «ប្រជាជនបានសុំឲ្យយើងសម្រាលនឹម ដែលបិតារបស់យើងបានដាក់លើពួកគេ។ តើអស់លោកមានយោបល់ដូចម្ដេច? តាមយោបល់អស់លោក តើយើងត្រូវឆ្លើយដូចម្ដេចចំពោះប្រជាជននេះ?»។ មន្ត្រីក្មេងៗដែលធ្លាប់នៅជាមួយស្ដេចតាំងពីកុមារមក នាំគ្នាទូលស្ដេចថា៖ «សូមព្រះករុណាប្រាប់ប្រជាជន ដែលមកសុំឲ្យព្រះករុណាសម្រាលនឹមបិតារបស់ព្រះករុណានោះវិញថា “កូនដៃរបស់យើងមានកម្លាំងជាងដៃបិតារបស់យើងទៅទៀត។ បិតារបស់យើងបានដាក់នឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា រីឯយើងវិញ យើងនឹងធ្វើឲ្យនឹមនេះរឹតតែធ្ងន់ថែមទៀត។ បិតារបស់យើងបានប្រដៅអ្នករាល់គ្នាដោយប្រើរំពាត់ រីឯយើងវិញ យើងនឹងប្រដៅអ្នករាល់គ្នា ដោយប្រើខ្យាដំរី”»។ លុះដល់ថ្ងៃទីបី លោកយេរ៉ូបោម និងប្រជាជនទាំងមូលចូលមកគាល់ព្រះបាទរេហូបោម តាមពេលកំណត់ដែលស្ដេចបានប្រាប់ថា “ចាំបីថ្ងៃទៀត សឹមវិលមកជួបយើងវិញ”។ ព្រះរាជាមានរាជឱង្ការទៅកាន់ប្រជាជនយ៉ាងតឹងរ៉ឹង គឺស្ដេចមិនរវីរវល់នឹងយោបល់របស់ក្រុមព្រឹទ្ធាចារ្យទេ។ ព្រះរាជាមានរាជឱង្ការទៅកាន់ប្រជាជន តាមយោបល់របស់មន្ត្រីក្មេងៗថា៖ «បិតារបស់យើងបានផ្ទុកនឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា រីឯយើងវិញ យើងនឹងធ្វើឲ្យនឹមនេះរឹតតែធ្ងន់ថែមទៀត។ បិតារបស់យើងបានប្រដៅអ្នករាល់គ្នា ដោយប្រើរំពាត់ រីឯយើងវិញ យើងនឹងប្រដៅអ្នករាល់គ្នា ដោយប្រើខ្យាដំរី»។ ស្ដេចមិនព្រមស្ដាប់តាមសំណូមពររបស់ប្រជាជនទេ ដ្បិតព្រះអម្ចាស់បណ្ដាលឲ្យមានសភាពការណ៍ប្រែប្រួលដូច្នេះ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងមកកាន់លោកយេរ៉ូបោម ជាកូនរបស់លោកនេបាត តាមរយៈព្យាការីអហ៊ីយ៉ា នៅស៊ីឡូ។ ពេលប្រជាជនអ៊ីស្រាអែលទាំងមូលឃើញថា ស្ដេចពុំព្រមស្ដាប់តាមសំណូមពររបស់ខ្លួនទេ ពួកគេក៏ទូលស្ដេចថា៖ «ពួកយើងគ្មានជាប់ជំពាក់អ្វីនឹង ព្រះបាទដាវីឌទេ! ពួកយើងក៏គ្មានចំណែកមត៌កអ្វីរួមជាមួយ កូនរបស់លោកអ៊ីសាយដែរ! ប្រជាជនអ៊ីស្រាអែលអើយ ចូរវិលត្រឡប់ទៅផ្ទះរបស់អ្នកវិញចុះ។ រាជវង្សរបស់ព្រះបាទដាវីឌអើយ ឥឡូវនេះ សូមបីបាច់ថែរក្សាខ្លួនឯងទៅ!»។ ប្រជាជនអ៊ីស្រាអែលនាំគ្នាវិលត្រឡប់ទៅកាន់ លំនៅរបស់ខ្លួនវិញ។ ព្រះបាទរេហូបោមគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលដែលរស់នៅតាមក្រុងទាំងឡាយ ក្នុងស្រុកយូដា។ ព្រះបាទរេហូបោមចាត់លោកអដូរ៉ាម ជាអ្នកទទួលខុសត្រូវលើកំណែន ឲ្យទៅជួបកុលសម្ព័ន្ធអ៊ីស្រាអែលឯទៀតៗ តែពួកគេយកដុំថ្មគប់សម្លាប់លោក។ ព្រះបាទរេហូបោមក៏ប្រញាប់ប្រញាល់ឡើងរាជរថ ភៀសខ្លួនចូលក្រុងយេរូសាឡឹមវិញ។ គឺយ៉ាងនេះហើយដែលប្រជាជនអ៊ីស្រាអែលបះបោរប្រឆាំងនឹងរាជវង្សព្រះបាទដាវីឌ រហូតដល់សព្វថ្ងៃ។
អាន ១ ពង្សាវតារក្សត្រ 12
ស្ដាប់នូវ ១ ពង្សាវតារក្សត្រ 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពង្សាវតារក្សត្រ 12:1-19
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ