១ ពង្សាវតារក្សត្រ 10:1-8

១ ពង្សាវតារក្សត្រ 10:1-8 គខប

ព្រះ‌មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​បាន​ឮ​អំពី​កិត្តិនាម​ដ៏​ល្បី‌ល្បាញ ដែល​ព្រះ‌បាទ​សាឡូម៉ូន​ទទួល​ពី​ព្រះ‌អម្ចាស់។ ដូច្នេះ ព្រះ​នាង​ក៏​យាង​មក​គាល់​ព្រះ‌បាទ​សាឡូម៉ូន ដើម្បី​ល្បង​ប្រាជ្ញា ដោយ​ចោទ​សួរ​ប្រស្នា​ផ្សេងៗ។ ព្រះ‌នាង​យាង​មក​ដល់​ក្រុង​យេរូ‌សាឡឹម ដោយ​មាន​រាជ​បម្រើ​យ៉ាង​ច្រើន​ហែ‌ហម ព្រម​ទាំង​មាន​សត្វ​អូដ្ធ​ជា​ច្រើន​ដឹក​គ្រឿង​ក្រអូប មាស និង​ត្បូង​យ៉ាង​សន្ធឹក‌សន្ធាប់​ផង។ ព្រះ‌នាង​ចូល​ទៅ​គាល់​ព្រះ‌បាទ​សាឡូម៉ូន ហើយ​ចោទ​សួរ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌នាង​បាន​រិះគិត​ទុក​ជា​មុន។ ព្រះ‌បាទ​សាឡូម៉ូន​ឆ្លើយ​នឹង​សំណួរ​របស់​ព្រះ‌នាង​ត្រូវ​ទាំង​អស់ ឥត​មាន​សំណួរ​ណា​មួយ​ដែល​ព្រះ‌រាជា​ឆ្លើយ​ពុំ​រួច​នោះ​ឡើយ។ ព្រះ‌មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​សង្កេត​ឃើញ​ប្រាជ្ញា​ដ៏​ឈ្លាស‌វៃ​របស់​ព្រះ‌បាទ​សាឡូម៉ូន និង​ឃើញ​វាំង​ដែល​ស្ដេច​បាន​សង់ ព្រម​ទាំង​ឃើញ​ព្រះ‌ស្ងោយ​នៅ​លើ​តុ​ស្ដេច លំ‌នៅ‌ដ្ឋាន​របស់​នាម៉ឺន​មន្ត្រី របៀប​របប និង​ឯក‌សណ្ឋាន​របស់​ពួក​រាជ​បម្រើ ពួក​មហា‌តលិក និង​ឃើញ​តង្វាយ​ដុត​ទាំង​មូល ដែល​ស្ដេច​ថ្វាយ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ព្រះ‌នាង​ក៏​កោត​ស្ញប់‌ស្ញែង​យ៉ាង​ខ្លាំង។ ព្រះ‌នាង​មាន​សវនីយ៍​ទៅ​កាន់​ព្រះ‌បាទ​សាឡូម៉ូន​ថា៖ «ពាក្យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​គេ​និយាយ​នៅ​ក្នុង​ស្រុក​របស់​ខ្ញុំ​ម្ចាស់ ស្ដី​អំពី​ព្រះ‌ករុណា និង​អំពី​ប្រាជ្ញា​របស់​ព្រះ‌ករុណា​នោះ ពិត​ជា​ត្រឹម​ត្រូវ​មែន! មុន​ពេល​ខ្ញុំ​ម្ចាស់​មក​ដល់ និង​មុន​ពេល​ខ្ញុំ​ម្ចាស់​ឃើញ​ផ្ទាល់​នឹង​ភ្នែក ខ្ញុំ​ម្ចាស់​មិន​បាន​ជឿ​ពាក្យ​គេ​ទេ។ ឥឡូវ​នេះ ខ្ញុំ​ម្ចាស់​យល់​ឃើញ​ថា អ្វីៗ​ដែល​គេ​រៀប‌រាប់​នោះ​បាន​ត្រឹម​តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ។ ព្រះ‌ករុណា​មាន​ប្រាជ្ញា ហើយ​ចម្រុង‌ចម្រើន​លើស​ពី​សេចក្ដី ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​ទៅ​ទៀត។ ពួក​រាជ​បម្រើ និង​ពួក​នាម៉ឺន​មន្ត្រី​ដែល​នៅ​ជុំ‌វិញ​ព្រះ‌ករុណា​ពិត​ជា​មាន​សុភមង្គល​ហើយ ព្រោះ​ពួក​គេ​បាន​ស្ដាប់​រាជ‌ឱង្ការ​ពោរ‌ពេញ​ដោយ​ប្រាជ្ញា​របស់​ព្រះ‌ករុណា។