ព្រះមហាក្សត្រិយានីស្រុកសេបាបានឮអំពីកិត្តិនាមដ៏ល្បីល្បាញ ដែលព្រះបាទសាឡូម៉ូនទទួលពីព្រះអម្ចាស់។ ដូច្នេះ ព្រះនាងក៏យាងមកគាល់ព្រះបាទសាឡូម៉ូន ដើម្បីល្បងប្រាជ្ញា ដោយចោទសួរប្រស្នាផ្សេងៗ។ ព្រះនាងយាងមកដល់ក្រុងយេរូសាឡឹម ដោយមានរាជបម្រើយ៉ាងច្រើនហែហម ព្រមទាំងមានសត្វអូដ្ធជាច្រើនដឹកគ្រឿងក្រអូប មាស និងត្បូងយ៉ាងសន្ធឹកសន្ធាប់ផង។ ព្រះនាងចូលទៅគាល់ព្រះបាទសាឡូម៉ូន ហើយចោទសួរអ្វីៗទាំងប៉ុន្មានដែលព្រះនាងបានរិះគិតទុកជាមុន។ ព្រះបាទសាឡូម៉ូនឆ្លើយនឹងសំណួររបស់ព្រះនាងត្រូវទាំងអស់ ឥតមានសំណួរណាមួយដែលព្រះរាជាឆ្លើយពុំរួចនោះឡើយ។ ព្រះមហាក្សត្រិយានីស្រុកសេបាសង្កេតឃើញប្រាជ្ញាដ៏ឈ្លាសវៃរបស់ព្រះបាទសាឡូម៉ូន និងឃើញវាំងដែលស្ដេចបានសង់ ព្រមទាំងឃើញព្រះស្ងោយនៅលើតុស្ដេច លំនៅដ្ឋានរបស់នាម៉ឺនមន្ត្រី របៀបរបប និងឯកសណ្ឋានរបស់ពួករាជបម្រើ ពួកមហាតលិក និងឃើញតង្វាយដុតទាំងមូល ដែលស្ដេចថ្វាយនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ព្រះនាងក៏កោតស្ញប់ស្ញែងយ៉ាងខ្លាំង។ ព្រះនាងមានសវនីយ៍ទៅកាន់ព្រះបាទសាឡូម៉ូនថា៖ «ពាក្យទាំងប៉ុន្មាន ដែលខ្ញុំម្ចាស់បានឮគេនិយាយនៅក្នុងស្រុករបស់ខ្ញុំម្ចាស់ ស្ដីអំពីព្រះករុណា និងអំពីប្រាជ្ញារបស់ព្រះករុណានោះ ពិតជាត្រឹមត្រូវមែន! មុនពេលខ្ញុំម្ចាស់មកដល់ និងមុនពេលខ្ញុំម្ចាស់ឃើញផ្ទាល់នឹងភ្នែក ខ្ញុំម្ចាស់មិនបានជឿពាក្យគេទេ។ ឥឡូវនេះ ខ្ញុំម្ចាស់យល់ឃើញថា អ្វីៗដែលគេរៀបរាប់នោះបានត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ។ ព្រះករុណាមានប្រាជ្ញា ហើយចម្រុងចម្រើនលើសពីសេចក្ដី ដែលខ្ញុំម្ចាស់បានឮទៅទៀត។ ពួករាជបម្រើ និងពួកនាម៉ឺនមន្ត្រីដែលនៅជុំវិញព្រះករុណាពិតជាមានសុភមង្គលហើយ ព្រោះពួកគេបានស្ដាប់រាជឱង្ការពោរពេញដោយប្រាជ្ញារបស់ព្រះករុណា។ សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា ដែលបានប្រោសប្រណីព្រះករុណា ហើយជ្រើសរើសព្រះករុណា ឲ្យឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល។ ព្រះអម្ចាស់ស្រឡាញ់ជនជាតិអ៊ីស្រាអែលជានិច្ច ហេតុនេះហើយបានជាព្រះអង្គជ្រើសរើសព្រះករុណាឲ្យធ្វើជាស្ដេច ដើម្បីគ្រប់គ្រងដោយសុចរិត និងយុត្តិធម៌»។ ព្រះមហាក្សត្រិយានីស្រុកសេបាយកមាសទម្ងន់បួនពាន់គីឡូក្រាម មកថ្វាយព្រះរាជា រួមជាមួយគ្រឿងក្រអូប និងត្បូងយ៉ាងច្រើនផង។ តាំងពីពេលនោះមក ពុំមានអ្នកណាយកគ្រឿងក្រអូបយ៉ាងច្រើនមកថ្វាយព្រះបាទសាឡូម៉ូន ដូចព្រះមហាក្សត្រិយានីស្រុកសេបាឡើយ។ កាលសំពៅរបស់ព្រះបាទហ៊ីរ៉ាមដឹកមាសពីស្រុកអូភារមកនោះ គេក៏ដឹកឈើខ្លឹមចន្ទន៍ និងត្បូងយ៉ាងច្រើនមកជាមួយដែរ។ ព្រះបាទសាឡូម៉ូនបានយកឈើខ្លឹមចន្ទន៍នេះ មកធ្វើបង្កាន់ដៃព្រះដំណាក់របស់ព្រះអម្ចាស់ និងដំណាក់របស់ស្ដេច ព្រមទាំងធ្វើឧបករណ៍ភ្លេង គឺមានពិណ និងឃឹម សម្រាប់ក្រុមអ្នកចម្រៀង។ រហូតដល់សព្វថ្ងៃ គេពុំដែលឃើញមាននរណាម្នាក់នាំឈើខ្លឹមចន្ទន៍យ៉ាងច្រើនបែបនេះ ចូលមកស្រុកអ៊ីស្រាអែលឡើយ។ រីឯព្រះបាទសាឡូម៉ូនវិញ អ្វីៗដែលព្រះមហាក្សត្រិយានីស្រុកសេបាចង់បាន និងទូលសូម ស្ដេចប្រគល់ឲ្យទាំងអស់។ លើសពីនេះ ព្រះរាជាក៏បានថ្វាយរាជ្យទ្រព្យទៅព្រះនាង សមនឹងឋានៈទ្រង់ជាស្ដេចដ៏ឧត្ដុង្គឧត្ដម។ បន្ទាប់មក ព្រះមហាក្សត្រិយានី និងរាជបម្រើ វិលត្រឡប់ទៅកាន់ស្រុកសេបាវិញ។
អាន ១ ពង្សាវតារក្សត្រ 10
ស្ដាប់នូវ ១ ពង្សាវតារក្សត្រ 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពង្សាវតារក្សត្រ 10:1-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ