១ កូរិនថូស 3:9-17

១ កូរិនថូស 3:9-17 គខប

ដ្បិត​យើង​ខ្ញុំ​ជា​អ្នក​ធ្វើ​ការ​រួម​ជា​មួយ​ព្រះ‌ជាម្ចាស់ បងប្អូន​ជា​ស្រែ​របស់​ព្រះ‌ជាម្ចាស់ ហើយ​ក៏​ជា​ដំណាក់​ដែល​ព្រះអង្គ​បាន​សង់​ដែរ។ ខ្ញុំ​បាន​ចាក់​គ្រឹះ ដូច​ជា​មេ​ជាង​មួយ​រូប​ដ៏​ជំនាញ តាម​ព្រះ‌គុណ​ដែល​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ ហើយ​មាន​ម្នាក់​ទៀត​មក​សង់​ពី​លើ។ ប៉ុន្តែ ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​អំពី​របៀប​ដែល​ខ្លួន​សង់​ពី​លើ ដ្បិត​គ្មាន​នរណា​អាច​ចាក់​គ្រឹះ​មួយ​ផ្សេង​ទៀត ក្រៅ​ពី​គ្រឹះ​ដែល​បាន​ចាក់​រួច​មក​ហើយ​នោះ​ទេ ពោល​គឺ​ព្រះ‌យេស៊ូ​គ្រិស្ត*។ ប្រសិន​បើ​អ្នក​ណា​យក​មាស ប្រាក់ ពេជ្រ ឈើ ចំបើង ឬ​ស្បូវ មក​សង់​ពី​លើ​គ្រឹះ​នេះ នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​យាង​មក​វិនិច្ឆ័យ​ទោស លទ្ធ‌ផល​នៃ​ស្នា​ដៃ​ដែល​ម្នាក់ៗ​បាន​ធ្វើ នឹង​លេច​ចេញ​មក ព្រោះ​ថ្ងៃ​នោះ​នឹង​មក​ដល់​ដូច​ភ្លើង ហើយ​ភ្លើង​នឹង​ល្បង‌ល​មើល​ស្នា​ដៃ​ដែល​ម្នាក់ៗ​បាន​ធ្វើ។ បើ​ស្នាដៃ​នរណា​ម្នាក់​ដែល​បាន​សង់​លើ​គ្រឹះ​នៅ​ស្ថិត‌ស្ថេរ អ្នក​នោះ​នឹង​ទទួល​រង្វាន់។ បើ​ស្នាដៃ​នរណា​ម្នាក់​ត្រូវ​ឆេះ អ្នក​នោះ​ក៏​នឹង​បាត់​រង្វាន់​ដែរ ប៉ុន្តែ គេ​នឹង​រួច​ជីវិត​ដូច​ជា​ឆ្លង​កាត់​ភ្លើង។ បងប្អូន​មិន​ជ្រាប​ថា​ខ្លួន​ជា​ព្រះ‌វិហារ*​របស់​ព្រះ‌ជាម្ចាស់​ទេ​ឬ! បងប្អូន​មិន​ជ្រាប​ថា​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​សណ្ឋិត​នៅ​ក្នុង​បងប្អូន​ទេ​ឬ!។ ប្រសិន​បើ​នរណា​ម្នាក់​កម្ទេច​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់ ព្រះអង្គ​នឹង​កម្ទេច​អ្នក​នោះ​វិញ ដ្បិត​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌វិហារ​ដ៏វិសុទ្ធ* គឺ​បងប្អូន​ហ្នឹង​ហើយ​ជា​ព្រះ‌វិហារ​នោះ។