ហេតុនេះហើយបានជាមានចែងទុកមកថា «មនុស្សទីមួយ គឺលោកអដាំបានទទួលជីវិត» ។ រីឯលោកអដាំចុងក្រោយបង្អស់ បានទៅជាព្រះវិញ្ញាណដែលផ្ដល់ជីវិត។ មិនមែនរូបកាយប្រកបដោយព្រះវិញ្ញាណទេដែលកើតមុន គឺរូបកាយធម្មជាតិវិញឯណោះទេតើដែលបានកើតមុន ទើបរូបកាយប្រកបដោយព្រះវិញ្ញាណ កើតមកតាមក្រោយ។ មនុស្សទីមួយកើតចេញពីដីមក មានលក្ខណៈជាដី។ រីឯមនុស្សទីពីរវិញ កើតមកពីស្ថានបរមសុខ*។ អស់អ្នកដែលកើតពីដីក៏មានលក្ខណៈដូចអ្វីៗនៅលើដីនេះ ហើយអស់អ្នកដែលកើតពីស្ថានបរមសុខ ក៏មានលក្ខណៈដូចព្រះអង្គ ដែលនៅស្ថានបរមសុខដែរ។ យើងមានទ្រង់ទ្រាយដូចមនុស្សដែលមានលក្ខណៈជាដីយ៉ាងណា យើងក៏នឹងមានទ្រង់ទ្រាយដូចព្រះអង្គ ដែលគង់នៅស្ថានបរមសុខយ៉ាងនោះដែរ។ បងប្អូនអើយ ខ្ញុំចង់និយាយថា រូបកាយដែលធ្វើពីសាច់ពីឈាមពុំអាចទទួលព្រះរាជ្យ*របស់ព្រះជាម្ចាស់ទុកជាមត៌កឡើយ ហើយអ្វីៗដែលតែងតែរលួយ ក៏ពុំអាចទទួលអ្វីដែលមិនចេះរលួយនោះដែរ។ ខ្ញុំសូមជម្រាបបងប្អូនអំពីគម្រោងការដ៏លាក់កំបាំងមួយ គឺថា យើងមិនស្លាប់ទាំងអស់គ្នាទេ ប៉ុន្តែ យើងនឹងត្រូវប្រែទ្រង់ទ្រាយទាំងអស់គ្នា ក្នុងរយៈពេលដ៏ខ្លី គឺតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ នៅពេលឮសំឡេងត្រែចុងក្រោយ (ដ្បិតនឹងមានសំឡេងត្រែបន្លឺឡើង) មនុស្សស្លាប់នឹងរស់ឡើងវិញ ទាំងមានរូបកាយដែលមិនចេះរលួយ រីឯយើង យើងនឹងត្រូវប្រែទ្រង់ទ្រាយដែរ ព្រោះរូបកាយដែលតែងតែរលួយនេះ ត្រូវតែទទួលយកភាពដែលមិនចេះរលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ ត្រូវទទួលយកភាពអមតៈ។ នៅពេលរូបកាយដែលតែងតែរលួយនេះ បានទទួលភាពមិនចេះរលួយ ហើយនៅពេលរូបកាយដែលតែងតែស្លាប់នេះ បានទទួលភាពអមតៈហើយនោះ ព្រះបន្ទូលដែលមានចែងទុកក្នុងគម្ពីរនឹងបានសម្រេចគឺថា: «ជ័យជម្នះបានបំបាត់មច្ចុរាជចោលហើយ! មច្ចុរាជអើយ តើទ្រនិចរបស់ឯងនៅឯណា? មច្ចុរាជអើយ តើអំណាចប្រហារជីវិតរបស់ឯង នៅឯណា?» ។ ទ្រនិចនៃសេចក្ដីស្លាប់នោះមកពីអំពើបាប រីឯអំណាចនៃអំពើបាបមកពីក្រឹត្យវិន័យ* ។ សូមអរព្រះគុណព្រះជាម្ចាស់ ព្រោះព្រះអង្គប្រទានឲ្យយើងមានជ័យជម្នះ ដោយសារព្រះអម្ចាស់យេស៊ូគ្រិស្ត*។ ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ ចូរមានចិត្តរឹងប៉ឹងមាំមួនឡើង។ ចូរខំប្រឹងធ្វើកិច្ចការរបស់ព្រះអម្ចាស់ឲ្យបានចម្រើនឡើងជានិច្ច ដោយដឹងថា កិច្ចការដែលបងប្អូនធ្វើរួមជាមួយព្រះអម្ចាស់ទាំងនឿយហត់នោះ មិនមែនឥតប្រយោជន៍ឡើយ។
អាន ១ កូរិនថូស 15
ស្ដាប់នូវ ១ កូរិនថូស 15
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ កូរិនថូស 15:45-58
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ