១ កូរិនថូស 15:25-49

១ កូរិនថូស 15:25-49 គខប

ព្រះ‌គ្រិស្ត​ត្រូវ​តែ​គ្រង​រាជ្យ ទម្រាំ​ដល់​ព្រះ‌ជាម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ ។ សត្រូវ​ចុង​ក្រោយ​បង្អស់ ដែល​នឹង​ត្រូវ​រំលាយ​ចោល​នោះ គឺ​សេចក្ដី​ស្លាប់។ ព្រះ‌ជាម្ចាស់​បាន​ ដាក់​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​ព្រះ‌បាទា របស់​ព្រះ‌គ្រិស្ត​រួច​ស្រេច​ហើយ។ ប៉ុន្តែ កាល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ព្រះអង្គ​បង្ក្រាប​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌គ្រិស្ត” ដូច្នេះ មិន​មែន​រាប់​បញ្ចូល​ព្រះអង្គ​ផ្ទាល់ ដែល​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ មក​ដាក់​ក្រោម​អំណាច​របស់​ព្រះ‌គ្រិស្ត​នោះ​ទេ ព្រះអង្គ​មិន​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ‌គ្រិស្ត​ឡើយ។ លុះ​ដល់​ពេល​អ្វីៗ​ទាំង​អស់​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ‌គ្រិស្ត​ហើយ ទើប​ព្រះ‌បុត្រា​ផ្ទាល់​នឹង​ចុះ​ចូល​ក្រោម​អំណាច​ព្រះ‌បិតា ដែល​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​អំណាច​ព្រះអង្គ​នោះ​វិញ​ដែរ ដើម្បី​ឲ្យ​ព្រះ‌ជាម្ចាស់​បាន​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់ ក្នុង​គ្រប់​ប្រការ​ទាំង​អស់។ ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទាល់​តែ​សោះ ហេតុ​ដូច​ម្ដេច​បាន​ជា​មាន​គេ​ទទួល​ពិធី​ជ្រមុជ​ទឹក* សម្រាប់​ពួក​អ្នក​ដែល​ស្លាប់​ទៅ​ហើយ​ដូច្នេះ តើ​គេ​ទទួល​ពិធី​ជ្រមុជ​ទឹក​សម្រាប់​អ្នក​ស្លាប់​ទាំង​នោះ បាន​ប្រយោជន៍​អ្វី? រីឯ​យើង​វិញ យើង​ស៊ូ​ប្ដូរ​ជីវិត​តទល់​នឹង​គ្រោះ​ថ្នាក់​គ្រប់​ពេល​វេលា​នោះ បាន​ប្រយោជន៍​អ្វី​ដែរ? បងប្អូន​អើយ រៀង​រាល់​ថ្ងៃ​ខ្ញុំ​ប្រឈម​មុខ​តទល់​នឹង​សេចក្ដី​ស្លាប់​ជានិច្ច។ ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​បងប្អូន​ថា សេចក្ដី​នេះ​ពិត​មែន ដូច​បងប្អូន​ជា​កិត្តិយស​របស់​ខ្ញុំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះគ្រិស្ត‌យេស៊ូ ជា​ព្រះ‌អម្ចាស់​របស់​យើង​ស្រាប់​ហើយ។ ប្រសិន​បើ​ខ្ញុំ​គិត​តាម​តែ​ទស្សនៈ​របស់​មនុស្ស​ប៉ុណ្ណោះ តើ​ខ្ញុំ​តយុទ្ធ​នឹង​សត្វ​សាហាវ​នៅ​ក្រុង​អេភេសូ បាន​ប្រយោជន៍​អ្វី? ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ ចូរ​យើង​នាំ​គ្នា​គិត​តែ​ពី​ស៊ី​ផឹក​ទៅ ព្រោះ​ថ្ងៃ​ស្អែក យើង​មុខ​តែ​ស្លាប់​មិន​ខាន ។ សូម​បងប្អូន​កុំ​ភាន់‌ច្រឡំ “មិត្ត​អាក្រក់​តែង​នាំ​ឲ្យ​ខូច​ទម្លាប់​ល្អ”។ ហេតុ​នេះ ចូរ​ភ្ញាក់​ខ្លួន​ឡើង កុំ​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ។ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បងប្អូន មិន​ស្គាល់​ព្រះ‌ជាម្ចាស់​ទេ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​ឲ្យ​បងប្អូន​ខ្មាស​ខ្លួន។ មាន​ម្នាក់​ប្រហែល​ជា​ចង់​សួរ​ថា: «តើ​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​បែប​ដូច​ម្ដេច? តើ​អ្នក​រស់​ឡើង​វិញ​មាន​រូប​កាយ​យ៉ាង​ណា?»។ មនុស្ស​ឆោត​ល្ងង់​អើយ! គ្រាប់​ពូជ​ដែល​អ្នក​សាប​ព្រោះ​ទៅ វា​មាន​ជីវិត​បាន លុះ​ត្រា​តែ​វា​ងាប់​សិន។ គ្រាប់​ពូជ​ដែល​អ្នក​សាប​ព្រោះ​ទៅ​នោះ មិន​មែន​មាន​រូប​រាង​ដូច​ដើម​ដែល​នឹង​ដុះ​នោះ​ឡើយ គឺ​គ្រាន់​តែ​ជា​គ្រាប់​មួយ ដូច​ជា​គ្រាប់​ស្រូវ ឬ​គ្រាប់​អ្វី​មួយ​ផ្សេង​ទៀត​ប៉ុណ្ណោះ ប៉ុន្តែ ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​គ្រាប់​នោះ​មាន​រូប​រាង ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​ប្រទាន​ឲ្យ​គ្រាប់​ពូជ​នីមួយៗ​ដុះ​ឡើង មាន​រូប​រាង​របស់​វា​ផ្ទាល់។ រីឯ​សត្វ​លោក​ទាំង​អស់​ក៏​មាន​សាច់​ផ្សេងៗ​ពី​គ្នា​ដែរ គឺ​មនុស្ស​មាន​សាច់​ម្យ៉ាង សត្វ​ចតុប្បាទ​មាន​សាច់​ម្យ៉ាង សត្វ​ស្លាប​មាន​សាច់​ម្យ៉ាង ហើយ​ត្រី​មាន​សាច់​ម្យ៉ាង។ រូប​កាយ​នៅ​ស្ថាន‌សួគ៌ និង​រូប​កាយ​នៅ​លើ​ផែនដី​ក៏​ខុស​ពី​គ្នា​ដែរ។ រូប​កាយ​នៅ​ស្ថាន‌សួគ៌​មាន​ពន្លឺ​រស្មី​រុងរឿង ជាង​រូប​កាយ​នៅ​លើ​ផែនដី។ ពន្លឺ​ថ្ងៃ ភ្លឺ​ខុស​ពី​ពន្លឺ​លោក​ខែ និង​ពន្លឺ​ផ្កាយ ហើយ​សូម្បី​តែ​ផ្កាយ​ក៏​មាន​ពន្លឺ​ប្លែកៗ​ពី​គ្នា។ ចំណែក​មនុស្ស​ស្លាប់ ដែល​រស់​ឡើង​វិញ ក៏​ដូច្នោះ​ដែរ រូប​កាយ​ដែល​គេ​កប់​ក្នុង​ដី​តែងតែ​រលួយ រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ មិន​ចេះ​រលួយ​ទេ។ រូប​កាយ​ដែល​គេ​កប់​ក្នុង​ដី ជា​រូប​កាយ​ដ៏​ថោក​ទាប រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប​កាយ​ប្រកប​ដោយ​សិរី‌រុងរឿង រូប​កាយ​ដែល​គេ​កប់​ក្នុង​ដី ជា​រូប​កាយ​ដ៏​ទន់​ខ្សោយ រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប​កាយ​ប្រកប​ដោយ​ឫទ្ធា‌នុភាព។ រូប​កាយ​ដែល​គេ​កប់​ក្នុង​ដី ជា​រូប​កាយ​ធម្ម‌ជាតិ រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប​កាយ​ប្រកប​ដោយ​ព្រះ‌វិញ្ញាណ។ ប្រសិន​បើ​មាន​រូប​កាយ​ធម្ម‌ជាតិ​មែន រូប​កាយ​ប្រកប​ដោយ​វិញ្ញាណ​ក៏​មាន​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ចែង​ទុក​មក​ថា «មនុស្ស​ទី​មួយ គឺ​លោក​អដាំ​បាន​ទទួល​ជីវិត» ។ រីឯ​លោក​អដាំ​ចុង​ក្រោយ​បង្អស់ បាន​ទៅ​ជា​ព្រះ‌វិញ្ញាណ​ដែល​ផ្ដល់​ជីវិត។ មិន​មែន​រូប​កាយ​ប្រកប​ដោយ​ព្រះ‌វិញ្ញាណ​ទេ​ដែល​កើត​មុន គឺ​រូប​កាយ​ធម្ម‌ជាតិ​វិញ​ឯ‌ណោះ​ទេ​តើ​ដែល​បាន​កើត​មុន ទើប​រូប​កាយ​ប្រកប​ដោយ​ព្រះ‌វិញ្ញាណ កើត​មក​តាម​ក្រោយ។ មនុស្ស​ទី​មួយ​កើត​ចេញ​ពី​ដី​មក មាន​លក្ខណៈ​ជា​ដី។ រីឯ​មនុស្ស​ទី​ពីរ​វិញ កើត​មក​ពី​ស្ថាន​បរម‌សុខ*។ អស់​អ្នក​ដែល​កើត​ពី​ដី​ក៏​មាន​លក្ខណៈ​ដូច​អ្វីៗ​នៅ​លើ​ដី​នេះ ហើយ​អស់​អ្នក​ដែល​កើត​ពី​ស្ថាន​បរម‌សុខ ក៏​មាន​លក្ខណៈ​ដូច​ព្រះអង្គ ដែល​នៅ​ស្ថាន​បរម‌សុខ​ដែរ។ យើង​មាន​ទ្រង់‌ទ្រាយ​ដូច​មនុស្ស​ដែល​មាន​លក្ខណៈ​ជា​ដី​យ៉ាង​ណា យើង​ក៏​នឹង​មាន​ទ្រង់‌ទ្រាយ​ដូច​ព្រះអង្គ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​យ៉ាង​នោះ​ដែរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ កូរិនថូស 15:25-49