ចូរខំប្រឹងឲ្យមានចិត្តស្រឡាញ់ ចូរប៉ងប្រាថ្នាចង់បានព្រះអំណោយទានរបស់ព្រះវិញ្ញាណដែរ ជាពិសេស ការថ្លែងព្រះបន្ទូល*។ អ្នកណានិយាយភាសាចម្លែកអស្ចារ្យ* អ្នកនោះនិយាយទៅកាន់ព្រះជាម្ចាស់ មិនមែននិយាយទៅកាន់មនុស្សទេ ដ្បិតគ្មាននរណាយល់ន័យ ព្រោះព្រះវិញ្ញាណនាំចិត្តអ្នកនោះឲ្យថ្លែងពីសេចក្ដីដ៏លាក់កំបាំង។ ផ្ទុយទៅវិញ អ្នកណាថ្លែង*ព្រះបន្ទូល អ្នកនោះនិយាយទៅកាន់មនុស្ស ដើម្បីជួយកសាង ដាស់តឿន និងលើកទឹកចិត្តគេ។ អ្នកណានិយាយភាសាចម្លែកអស្ចារ្យ អ្នកនោះកសាងតែខ្លួនឯងប៉ុណ្ណោះ រីឯអ្នកថ្លែងព្រះបន្ទូលវិញ កសាងក្រុមជំនុំ។ ខ្ញុំចង់ឲ្យបងប្អូនចេះនិយាយភាសាចម្លែកអស្ចារ្យទាំងអស់គ្នា ក៏ប៉ុន្តែ លើសពីនេះទៅទៀត ខ្ញុំចង់ឲ្យបងប្អូនចេះថ្លែងព្រះបន្ទូល។ អ្នកថ្លែងព្រះបន្ទូលសំខាន់ជាងអ្នកនិយាយភាសាចម្លែកអស្ចារ្យទៅទៀត លើកលែងតែអ្នកនិយាយនោះបកប្រែឲ្យគេយល់ ដើម្បីកសាងក្រុមជំនុំ ទើបសំខាន់។ បងប្អូនអើយ ប្រសិនបើខ្ញុំមករកបងប្អូន ទាំងនិយាយភាសាចម្លែកអស្ចារ្យ តើមានប្រយោជន៍អ្វីដល់បងប្អូន? បើខ្ញុំមក ដោយនាំយកសេចក្ដីដែលព្រះជាម្ចាស់បានសម្តែងប្រាប់ ឬនិយាយអំពីគម្រោងការរបស់ព្រះជាម្ចាស់ឲ្យបងប្អូនដឹង ថ្លែងព្រះបន្ទូល ឬបង្រៀន ទើបមានប្រយោជន៍ដល់បងប្អូនជាង។ ប្រសិនបើឧបករណ៍តន្ត្រីដូចជាខ្លុយ ឬពិណ មានសំឡេងមិនខុសពីគ្នាទេ ធ្វើម្ដេចនឹងឲ្យយើងដឹងថាជាសំឡេងខ្លុយ ឬសំឡេងពិណបាន? បើត្រែបញ្ចេញសំឡេងមិនច្បាស់ តើនរណានឹងរៀបចំខ្លួនទៅច្បាំង? រីឯបងប្អូនក៏ដូច្នោះដែរ ប្រសិនបើបងប្អូននិយាយភាសាចម្លែកអស្ចារ្យ តែមិនបកស្រាយន័យទេនោះ ធ្វើម្ដេចនឹងឲ្យគេដឹងសេចក្ដីដែលបងប្អូននិយាយនោះកើត? ដូច្នេះ បងប្អូននិយាយឥតបានការអ្វីសោះ!។ ក្នុងលោកនេះ មានពាក្យជាច្រើនឥតគណនា តែពាក្យនីមួយៗសុទ្ធតែមានន័យ។ ប៉ុន្តែ ប្រសិនបើខ្ញុំមិនយល់ន័យនៃពាក្យណាមួយទេនោះ អ្នកនិយាយមើលមកខ្ញុំដូចជាជនបរទេស ហើយខ្ញុំមើលទៅអ្នកនិយាយនោះវិញ ដូចជាជនបរទេសដែរ។ រីឯបងប្អូនវិញ បើបងប្អូនប៉ងប្រាថ្នាចង់បានព្រះអំណោយទានរបស់ព្រះវិញ្ញាណ ដូច្នេះ ត្រូវរកឲ្យបានច្រើនបរិបូណ៌ទៅ ជាពិសេស រកព្រះអំណោយទានសម្រាប់កសាងក្រុមជំនុំ*។ ហេតុនេះ អ្នកដែលនិយាយភាសាចម្លែកអស្ចារ្យ ត្រូវអធិស្ឋាន*សុំឲ្យចេះបកប្រែន័យផង។ ប្រសិនបើខ្ញុំអធិស្ឋានជាភាសាចម្លែក វិញ្ញាណខ្ញុំនៅអធិស្ឋានពិតមែន ប៉ុន្តែ ប្រាជ្ញារបស់ខ្ញុំនៅស្ងៀម ឥតរិះគិតអ្វីទេ។ ដូច្នេះ តើខ្ញុំត្រូវធ្វើដូចម្ដេច? ខ្ញុំនឹងអធិស្ឋានដោយប្រើវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំក៏នឹងអធិស្ឋាន ដោយប្រើប្រាជ្ញារបស់ខ្ញុំផងដែរ។ ខ្ញុំនឹងច្រៀង ដោយប្រើវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំក៏នឹងច្រៀងដោយប្រើប្រាជ្ញារបស់ខ្ញុំផងដែរ។ បើបងប្អូនអរព្រះគុណព្រះអង្គ ដោយវិញ្ញាណរបស់បងប្អូនតែប៉ុណ្ណោះ ធ្វើម្ដេចនឹងឲ្យអ្នកដែលគ្រាន់តែមកស្ដាប់ អាចនឹងពោលពាក្យ «អាម៉ែន» យល់ស្របនឹងពាក្យអរព្រះគុណរបស់បងប្អូនបាន ប្រសិនបើគ្នាមិនដឹងថាបងប្អូននិយាយអ្វីផងនោះ! បងប្អូនបានអរព្រះគុណដូច្នេះ ល្អវិសេសវិសាលហើយ តែបងប្អូនពុំបានកសាងជំនឿអ្នកដែលមកស្ដាប់នោះទេ។ ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ព្រោះខ្ញុំចេះនិយាយភាសាចម្លែកអស្ចារ្យលើសបងប្អូនទាំងអស់គ្នាទៅទៀត ក៏ប៉ុន្តែ នៅក្នុងក្រុមជំនុំ ខ្ញុំចូលចិត្តនិយាយតែពាក្យប្រាំម៉ាត់ដែលគេយល់ ដើម្បីទូន្មានអ្នកឯទៀតៗជាជាងនិយាយភាសាចម្លែកអស្ចារ្យមួយម៉ឺនម៉ាត់ ដែលគ្មាននរណាស្ដាប់បាន។ បងប្អូនអើយ សូមកុំមានគំនិតដូចកូនក្មេងឡើយ។ ចំពោះអំពើអាក្រក់ សូមមានគំនិតដូចកូនខ្ចីចុះ តែខាងរបៀបគិតវិញ ត្រូវចេះគិតឲ្យសមជាមនុស្សពេញវ័យ។ ព្រះអម្ចាស់មានព្រះបន្ទូល ដូចមានចែងទុកក្នុងក្រឹត្យវិន័យថា: «យើងនិយាយទៅកាន់ប្រជារាស្ត្រនេះ តាមរយៈសាសន៍ដែលនិយាយភាសាដទៃ តាមរយៈបបូរមាត់ជនបរទេស ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ ក៏គេនៅតែមិនស្ដាប់យើងដដែល» ។ ការនិយាយភាសាចម្លែកអស្ចារ្យជាទីសម្គាល់មួយសម្រាប់អ្នកមិនជឿ គឺមិនមែនសម្រាប់អ្នកជឿទេ។ រីឯការថ្លែងព្រះបន្ទូលវិញ ជាទីសម្គាល់មួយសម្រាប់អ្នកជឿ មិនមែនសម្រាប់អ្នកមិនជឿនោះឡើយ។ ដូច្នេះ នៅពេលប្រជុំគ្នា ប្រសិនបើក្រុមជំនុំ*ទាំងមូលនាំគ្នានិយាយភាសាចម្លែកអស្ចារ្យនោះ ហើយប្រសិនបើមានអ្នកដែលគ្រាន់តែមកស្ដាប់ ឬអ្នកមិនជឿចូលមក គេមុខជាពោលថា បងប្អូនសុទ្ធតែជាមនុស្សវិកលចរិតមិនខាន!។ ផ្ទុយទៅវិញ បើបងប្អូនថ្លែងព្រះបន្ទូលទាំងអស់គ្នា ហើយមានអ្នកមិនជឿ ឬអ្នកដែលគ្រាន់តែចង់ស្ដាប់ចូលមក នោះពាក្យទាំងអស់ដែលគេបានឮ មុខជានាំឲ្យគេដឹងថា ខ្លួនមានកំហុស ត្រូវជាប់ទោស។ ពេលនោះ គំនិតលាក់កំបាំងលេចចេញពីចិត្តរបស់គេ ហើយគេក៏ក្រាបចុះ ដាក់មុខដល់ដី ថ្វាយបង្គំព្រះជាម្ចាស់ ទាំងប្រកាសថា: «ព្រះជាម្ចាស់ពិតជាគង់នៅក្នុងចំណោមបងប្អូនមែន!» ។
អាន ១ កូរិនថូស 14
ស្ដាប់នូវ ១ កូរិនថូស 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ កូរិនថូស 14:1-25
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ