១ កូរិនថូស 14:1-25

១ កូរិនថូស 14:1-25 គខប

ចូរ​ខំ​ប្រឹង​ឲ្យ​មាន​ចិត្ត​ស្រឡាញ់ ចូរ​ប៉ង‌ប្រាថ្នា​ចង់​បាន​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌វិញ្ញាណ​ដែរ ជា​ពិសេស ការ​ថ្លែង​ព្រះ‌បន្ទូល*។ អ្នក​ណា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ* អ្នក​នោះ​និយាយ​ទៅ​កាន់​ព្រះ‌ជាម្ចាស់ មិន​មែន​និយាយ​ទៅ​កាន់​មនុស្ស​ទេ ដ្បិត​គ្មាន​នរណា​យល់​ន័យ ព្រោះ​ព្រះ‌វិញ្ញាណ​នាំ​ចិត្ត​អ្នក​នោះ​ឲ្យ​ថ្លែង​ពី​សេចក្ដី​ដ៏​លាក់​កំបាំង។ ផ្ទុយ​ទៅ​វិញ អ្នក​ណា​ថ្លែង*​ព្រះ‌បន្ទូល អ្នក​នោះ​និយាយ​ទៅ​កាន់​មនុស្ស ដើម្បី​ជួយ​កសាង ដាស់‌តឿន និង​លើក​ទឹក​ចិត្ត​គេ។ អ្នក​ណា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ អ្នក​នោះ​កសាង​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ រីឯ​អ្នក​ថ្លែង​ព្រះ‌បន្ទូល​វិញ កសាង​ក្រុម‌ជំនុំ។ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ចេះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ទាំង​អស់​គ្នា ក៏​ប៉ុន្តែ លើស​ពី​នេះ​ទៅ​ទៀត ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ចេះ​ថ្លែង​ព្រះ‌បន្ទូល។ អ្នក​ថ្លែង​ព្រះ‌បន្ទូល​សំខាន់​ជាង​អ្នក​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ទៅ​ទៀត លើក‌លែង​តែ​អ្នក​និយាយ​នោះ​បក​ប្រែ​ឲ្យ​គេ​យល់ ដើម្បី​កសាង​ក្រុម‌ជំនុំ ទើប​សំខាន់។ បងប្អូន​អើយ ប្រសិន​បើ​ខ្ញុំ​មក​រក​បងប្អូន ទាំង​និយាយ​ភាសា​ចម្លែក​អស្ចារ្យ តើ​មាន​ប្រយោជន៍​អ្វី​ដល់​បងប្អូន? បើ​ខ្ញុំ​មក ដោយ​នាំ​យក​សេចក្ដី​ដែល​ព្រះ‌ជាម្ចាស់​បាន​សម្តែង​ប្រាប់ ឬ​និយាយ​អំពី​គម្រោង‌ការ​របស់​ព្រះ‌ជាម្ចាស់​ឲ្យ​បងប្អូន​ដឹង ថ្លែង​ព្រះ‌បន្ទូល ឬ​បង្រៀន ទើប​មាន​ប្រយោជន៍​ដល់​បងប្អូន​ជាង។ ប្រសិន​បើ​ឧបករណ៍​តន្ត្រី​ដូច​ជា​ខ្លុយ ឬ​ពិណ មាន​សំឡេង​មិន​ខុស​ពី​គ្នា​ទេ ធ្វើ​ម្ដេច​នឹង​ឲ្យ​យើង​ដឹង​ថា​ជា​សំឡេង​ខ្លុយ ឬ​សំឡេង​ពិណ​បាន? បើ​ត្រែ​បញ្ចេញ​សំឡេង​មិន​ច្បាស់ តើ​នរណា​នឹង​រៀបចំ​ខ្លួន​ទៅ​ច្បាំង? រីឯ​បងប្អូន​ក៏​ដូច្នោះ​ដែរ ប្រសិន​បើ​បងប្អូន​និយាយ​ភាសា​ចម្លែក​អស្ចារ្យ តែ​មិន​បក​ស្រាយ​ន័យ​ទេ​នោះ ធ្វើ​ម្ដេច​នឹង​ឲ្យ​គេ​ដឹង​សេចក្ដី​ដែល​បងប្អូន​និយាយ​នោះ​កើត? ដូច្នេះ បងប្អូន​និយាយ​ឥត​បាន​ការ​អ្វី​សោះ!។ ក្នុង​លោក​នេះ មាន​ពាក្យ​ជា​ច្រើន​ឥត​គណនា តែ​ពាក្យ​នីមួយៗ​សុទ្ធ​តែ​មាន​ន័យ។ ប៉ុន្តែ ប្រសិន​បើ​ខ្ញុំ​មិន​យល់​ន័យ​នៃ​ពាក្យ​ណា​មួយ​ទេ​នោះ អ្នក​និយាយ​មើល​មក​ខ្ញុំ​ដូច​ជា​ជន​បរទេស ហើយ​ខ្ញុំ​មើល​ទៅ​អ្នក​និយាយ​នោះ​វិញ ដូច​ជា​ជន​បរទេស​ដែរ។ រីឯ​បងប្អូន​វិញ បើ​បងប្អូន​ប៉ង‌ប្រាថ្នា​ចង់​បាន​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌វិញ្ញាណ ដូច្នេះ ត្រូវ​រក​ឲ្យ​បាន​ច្រើន​បរិបូណ៌​ទៅ ជា​ពិសេស រក​ព្រះ‌អំណោយ​ទាន​សម្រាប់​កសាង​ក្រុម‌ជំនុំ*។ ហេតុ​នេះ អ្នក​ដែល​និយាយ​ភាសា​ចម្លែក​អស្ចារ្យ ត្រូវ​អធិស្ឋាន*​សុំ​ឲ្យ​ចេះ​បក​ប្រែ​ន័យ​ផង។ ប្រសិន​បើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសា​ចម្លែក វិញ្ញាណ​ខ្ញុំ​នៅ​អធិស្ឋាន​ពិត​មែន ប៉ុន្តែ ប្រាជ្ញា​របស់​ខ្ញុំ​នៅ​ស្ងៀម ឥត​រិះគិត​អ្វី​ទេ។ ដូច្នេះ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច? ខ្ញុំ​នឹង​អធិស្ឋាន​ដោយ​ប្រើ​វិញ្ញាណ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នឹង​អធិស្ឋាន ដោយ​ប្រើ​ប្រាជ្ញា​របស់​ខ្ញុំ​ផង​ដែរ។ ខ្ញុំ​នឹង​ច្រៀង ដោយ​ប្រើ​វិញ្ញាណ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នឹង​ច្រៀង​ដោយ​ប្រើ​ប្រាជ្ញា​របស់​ខ្ញុំ​ផង​ដែរ។ បើ​បងប្អូន​អរ​ព្រះ‌គុណ​ព្រះអង្គ ដោយ​វិញ្ញាណ​របស់​បងប្អូន​តែ​ប៉ុណ្ណោះ ធ្វើ​ម្ដេច​នឹង​ឲ្យ​អ្នក​ដែល​គ្រាន់​តែ​មក​ស្ដាប់ អាច​នឹង​ពោល​ពាក្យ «អាម៉ែន» យល់​ស្រប​នឹង​ពាក្យ​អរ​ព្រះ‌គុណ​របស់​បងប្អូន​បាន ប្រសិន​បើ​គ្នា​មិន​ដឹង​ថា​បងប្អូន​និយាយ​អ្វី​ផង​នោះ! បងប្អូន​បាន​អរ​ព្រះ‌គុណ​ដូច្នេះ ល្អ​វិសេស‌វិសាល​ហើយ តែ​បងប្អូន​ពុំ​បាន​កសាង​ជំនឿ​អ្នក​ដែល​មក​ស្ដាប់​នោះ​ទេ។ ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ព្រោះ​ខ្ញុំ​ចេះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​លើស​បងប្អូន​ទាំង​អស់​គ្នា​ទៅ​ទៀត ក៏​ប៉ុន្តែ នៅ​ក្នុង​ក្រុម‌ជំនុំ ខ្ញុំ​ចូល​ចិត្ត​និយាយ​តែ​ពាក្យ​ប្រាំ​ម៉ាត់​ដែល​គេ​យល់ ដើម្បី​ទូន្មាន​អ្នក​ឯ​ទៀតៗ​ជា​ជាង​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​មួយ​ម៉ឺន​ម៉ាត់ ដែល​គ្មាន​នរណា​ស្ដាប់​បាន។ បងប្អូន​អើយ សូម​កុំ​មាន​គំនិត​ដូច​កូន​ក្មេង​ឡើយ។ ចំពោះ​អំពើ​អាក្រក់ សូម​មាន​គំនិត​ដូច​កូន​ខ្ចី​ចុះ តែ​ខាង​របៀប​គិត​វិញ ត្រូវ​ចេះ​គិត​ឲ្យ​សម​ជា​មនុស្ស​ពេញ​វ័យ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​ថា: «យើង​និយាយ​ទៅ​កាន់​ប្រជា‌រាស្ត្រ​នេះ តាម​រយៈ​សាសន៍​ដែល​និយាយ​ភាសា​ដទៃ តាម​រយៈ​បបូរ​មាត់​ជន​បរទេស ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ក៏​គេ​នៅ​តែ​មិន​ស្ដាប់​យើង​ដដែល» ។ ការ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ជា​ទី​សម្គាល់​មួយ​សម្រាប់​អ្នក​មិន​ជឿ គឺ​មិន​មែន​សម្រាប់​អ្នក​ជឿ​ទេ។ រីឯ​ការ​ថ្លែង​ព្រះ‌បន្ទូល​វិញ ជា​ទី​សម្គាល់​មួយ​សម្រាប់​អ្នក​ជឿ មិន​មែន​សម្រាប់​អ្នក​មិន​ជឿ​នោះ​ឡើយ។ ដូច្នេះ នៅ​ពេល​ប្រជុំ​គ្នា ប្រសិន​បើ​ក្រុម‌ជំនុំ*​ទាំង​មូល​នាំ​គ្នា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​នោះ ហើយ​ប្រសិន​បើ​មាន​អ្នក​ដែល​គ្រាន់​តែ​មក​ស្ដាប់ ឬ​អ្នក​មិន​ជឿ​ចូល​មក គេ​មុខ​ជា​ពោល​ថា បងប្អូន​សុទ្ធ​តែ​ជា​មនុស្ស​វិកល‌ចរិត​មិន​ខាន!។ ផ្ទុយ​ទៅ​វិញ បើ​បងប្អូន​ថ្លែង​ព្រះ‌បន្ទូល​ទាំង​អស់​គ្នា ហើយ​មាន​អ្នក​មិន​ជឿ ឬ​អ្នក​ដែល​គ្រាន់​តែ​ចង់​ស្ដាប់​ចូល​មក នោះ​ពាក្យ​ទាំង​អស់​ដែល​គេ​បាន​ឮ មុខ​ជា​នាំ​ឲ្យ​គេ​ដឹង​ថា ខ្លួន​មាន​កំហុស ត្រូវ​ជាប់​ទោស។ ពេល​នោះ គំនិត​លាក់​កំបាំង​លេច​ចេញ​ពី​ចិត្ត​របស់​គេ ហើយ​គេ​ក៏​ក្រាប​ចុះ ដាក់​មុខ​ដល់​ដី ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ ទាំង​ប្រកាស​ថា: «ព្រះ‌ជាម្ចាស់​ពិត​ជា​គង់​នៅ​ក្នុង​ចំណោម​បងប្អូន​មែន!» ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ