១ កូរិនថូស 12:1-8

១ កូរិនថូស 12:1-8 គខប

បងប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ជ្រាប​យ៉ាង​ច្បាស់ អំពី​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌វិញ្ញាណ។ បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា កាល​បងប្អូន​មិន​ទាន់​ស្គាល់​ព្រះអង្គ​នៅ​ឡើយ បងប្អូន​បាន​បណ្ដោយ​ខ្លួន​ទៅ​គោរព​ព្រះ‌ក្លែង‌ក្លាយ​ដែល​មិន​ចេះ​និយាយ។ ហេតុ​នេះ ខ្ញុំ​សូម​ជម្រាប​បងប្អូន​ឲ្យ​ដឹង​ថា ប្រសិន​បើ​អ្នក​ណា​ម្នាក់​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​ណែ‌នាំ អ្នក​នោះ​ពុំ​អាច​ពោល​ថា «ព្រះ‌យេស៊ូ​ត្រូវ​បណ្ដាសា» កើត​ទេ ហើយ​បើ​គ្មាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​ណែ‌នាំ​ទេ​នោះ ក៏​គ្មាន​នរណា​ម្នាក់​អាច​ពោល​ថា «ព្រះ‌យេស៊ូ​ជា​ព្រះ‌អម្ចាស់»​ដែរ។ មាន​ព្រះ‌អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា តែ​មាន​ព្រះ‌វិញ្ញាណ​តែ​មួយ​ព្រះអង្គ​ទេ ដែល​ប្រទាន​ឲ្យ។ មាន​មុខងារ​ផ្សេងៗ​ពី​គ្នា តែ​យើង​បម្រើ​ព្រះ‌អម្ចាស់​តែ​មួយ​ព្រះអង្គ​ដដែល។ មាន​សកម្ម‌ភាព​ផ្សេងៗ​ពី​គ្នា តែ​មាន​ព្រះ‌ជាម្ចាស់​តែ​មួយ​ព្រះអង្គ​ទេ ដែល​បំពេញ​សកម្ម‌ភាព​ទាំង​នោះ នៅ​ក្នុង​មនុស្ស​ទាំង​អស់។ ព្រះ‌វិញ្ញាណ​ប្រោស​ប្រទាន​ឲ្យ​ម្នាក់ៗ​សម្តែង​ព្រះ‌អំណោយ​ទាន ដើម្បី​ជា​ប្រយោជន៍​រួម គឺ​ព្រះអង្គ​ប្រទាន​ឲ្យ​ម្នាក់​ចេះ​និយាយ​ប្រកប​ដោយ​ប្រាជ្ញា ហើយ​ព្រះ‌វិញ្ញាណ​ដដែល​ប្រទាន​ឲ្យ​ម្នាក់​ទៀត​ចេះ​និយាយ ដោយ​យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌ជាម្ចាស់។