១ កូរិនថូស 11:2-16

១ កូរិនថូស 11:2-16 គខប

ខ្ញុំ​សូម​សរសើរ​បងប្អូន ដោយ​បងប្អូន​នឹក​ដល់​ខ្ញុំ​ក្នុង​គ្រប់​កាលៈ‌ទេសៈ ហើយ​ប្រតិបត្តិ​តាម​ពាក្យ​ទូន្មាន​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​យក​មក​ជូន​បងប្អូន។ ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ជ្រាប​ថា ព្រះ‌គ្រិស្ត​នាំ​មុខ បុរស​គ្រប់​រូប បុរស​នាំ​មុខ​ស្ត្រី ហើយ​ព្រះ‌ជាម្ចាស់​នាំ​មុខ​ព្រះ‌គ្រិស្ត។ បុរស​ណា​អធិស្ឋាន* ឬ​ថ្លែង​ព្រះ‌បន្ទូល ទាំង​មាន​ពាក់​អ្វី​ពី​លើ​ក្បាល បុរស​នោះ​បន្ថោក​ព្រះ‌គ្រិស្ត។ ផ្ទុយ​ទៅ​វិញ ស្ត្រី​ណា​អធិស្ឋាន ឬ​ថ្លែង​ព្រះ‌បន្ទូល ដោយ​មិន​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ទេ ស្ត្រី​នោះ​បន្ថោក​ប្ដី​របស់​ខ្លួន ធ្វើ​យ៉ាង​នេះ​ប្រៀប​បី​ដូច​ជា​នាង​កោរ​សក់​ដែរ។ បើ​ស្ត្រី​ណា​មិន​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ទេ ឲ្យ​នាង​កោរ​សក់​តែ​ម្ដង​ទៅ! ប៉ុន្តែ បើ​ការ​កាត់​សក់ ឬ​កោរ​សក់ នាំ​ឲ្យ​ស្ត្រីៗ​អាម៉ាស់​មុខ​ដូច្នេះ នាង​ត្រូវ​តែ​ទទូរ​ស្បៃ។ ប្រុសៗ​មិន​ត្រូវ​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ឡើយ ព្រោះ​ខ្លួន​ជា​តំណាង ​ព្រះ‌ជាម្ចាស់ និង​សម្តែង​សិរី‌រុងរឿង​របស់​ព្រះអង្គ​ឲ្យ​គេ​ឃើញ។ រីឯ​ស្ត្រី​វិញ នាង​សម្តែង​សិរី‌រុងរឿង​របស់​ប្ដី​ឲ្យ​គេ​ឃើញ ដ្បិត​បុរស​ដើម​ដំបូង​មិន​បាន​កើត​ចេញ​ពី​ស្ត្រី​ឡើយ គឺ​ស្ត្រី​ទេ​តើ​ដែល​កើត​ចេញ​ពី​បុរស ហើយ​ព្រះ‌ជាម្ចាស់​ពុំ​បាន​បង្កើត​បុរស​មក​សម្រាប់​ស្ត្រី​ទេ គឺ​ព្រះអង្គ​បង្កើត​ស្ត្រី​សម្រាប់​បុរស​វិញ។ ហេតុ​នេះ ដោយ​យោគ‌យល់​ដល់​ពួក​ទេវតា* ស្ត្រីៗ​ត្រូវ​តែ​ទទូរ​ស្បៃ ជា​សញ្ញា​ថា នាង​ស្ថិត​នៅ​ក្រោម​អំណាច​ប្ដី​របស់​ខ្លួន។ ប៉ុន្តែ ក្នុង​ការ​រស់​នៅ​រួម​ជា​មួយ​ព្រះ‌អម្ចាស់ ស្ត្រី​ត្រូវ​ការ​បុរស​ជា​ចាំបាច់ ហើយ​បុរស​ក៏​ត្រូវ​ការ​ស្ត្រី​ជា​ចាំបាច់​ដែរ។ ព្រះ‌ជាម្ចាស់​បាន​យក​ស្ត្រី​ចេញ​មក​ពី​បុរស​យ៉ាង​ណា បុរស​ក៏​កើត​ចេញ​មក​ពី​ស្ត្រី​យ៉ាង​នោះ​ដែរ ហើយ​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​កើត​មក​ពី​ព្រះ‌ជាម្ចាស់។ សូម​បងប្អូន​ពិចារណា​មើល​ខ្លួន​ឯង​ទៅ​ចុះ​ថា តើ​ស្ត្រីៗ​អធិស្ឋាន​ទៅ​កាន់​ព្រះ‌ជាម្ចាស់ ដោយ​មិន​ទទូរ​ស្បៃ សម ឬ​មិន​សម? សូម្បី​តែ​ធម្ម‌ជាតិ​ក៏​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ដែរ​ថា បើ​ប្រុសៗ​ទុក​សក់​វែង នោះ​គឺ​ជា​ការ​អាម៉ាស់​មុខ​ណាស់ ផ្ទុយ​ទៅ​វិញ សក់​វែង​ជា​សិរី‌រុងរឿង​របស់​ស្ត្រី។ តាម​ពិត ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ស្ត្រីៗ​មាន​សក់​វែង ទុក​ដូច​ជា​ស្បៃ​នៅ​លើ​ក្បាល​របស់​នាង។ ប្រសិន​បើ​នរណា​ម្នាក់​ចង់​ប្រកែក​តវ៉ា​អំពី​រឿង​នេះ តោង​ដឹង​ថា យើង​មិន​ដែល​មាន​ទម្លាប់​នេះ​ទេ ហើយ​ក្រុម‌ជំនុំ*​របស់​ព្រះ‌ជាម្ចាស់​ក៏​មិន​ដែល​មាន​ដែរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ កូរិនថូស 11:2-16