១ របាក្សត្រ 29

29
តង្វាយ​សម្រាប់​ការ​សាង​សង់​ព្រះ‌វិហារ
1 ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អង្គ​ប្រជុំ​ទាំង​មូល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​សាឡូម៉ូន ជា​បុត្រ​របស់​ខ្ញុំ​តែ​ម្នាក់​គត់ ដែល​នៅ​ក្មេង​ខ្ចី។ រីឯ​ការ‌ងារ​ដែល​ត្រូវ​បំពេញ​ធំ‌ធេង​ណាស់ ដ្បិត​ព្រះ‌ដំណាក់​ដែល​យើង​សង់​នេះ មិន​មែន​សម្រាប់​មនុស្ស​ទេ គឺ​ថ្វាយ​ព្រះ‌ជា‌អម្ចាស់2ខ្ញុំ​បាន​ខំ​ប្រឹង‌ប្រែង​អស់​ពី​កម្លាំង​កាយ ដើម្បី​ត្រៀម​សម្ភារៈ​សង់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ខ្ញុំ គឺ​ខ្ញុំ​បាន​ប្រមូល​មាស​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​មាស ប្រាក់​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ប្រាក់ លង្ហិន​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​លង្ហិន ដែក​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ដែក ឈើ​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ឈើ ព្រម​ទាំង​ត្បូង​មណី‌ជោតិរស ត្បូង​សម្រាប់​ដាំ​លំអ ត្បូង​ចម្រុះ​ពណ៌ ពេជ្រ​គ្រប់​ប្រភេទ និង​ថ្ម​កែវ​ដ៏​ច្រើន​ឥត​គណនា។ 3មួយ​វិញ​ទៀត ខ្ញុំ​បាន​យក​មាស​ប្រាក់ ដែល​ជា​សម្បត្តិ​របស់​ខ្ញុំ​ផ្ទាល់​មក​ថ្វាយ សម្រាប់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ខ្ញុំ បន្ថែម​ពី​លើ​របស់​របរ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ត្រៀម​សម្រាប់​ព្រះ‌ដំណាក់​ដ៏វិសុទ្ធ ព្រោះ​ខ្ញុំ​ជំពាក់​ចិត្ត​នឹង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ខ្លាំង​ណាស់ 4គឺ​ខ្ញុំ​ប្រគល់​មាស​ពី​ស្រុក​អូភារ ចំនួន​បី​ពាន់​ហាប និង​ប្រាក់​សុទ្ធ​ចំនួន​ប្រាំ‌ពីរ​ពាន់​ហាប សម្រាប់​ពាស​ជញ្ជាំង​អាគារ​ទាំង​ប៉ុន្មាន។ 5ថ្ងៃ​នេះ តើ​នរណា​ខ្លះ​ស្ម័គ្រ​ចិត្ត​ថ្វាយ​មាស ប្រាក់ ដល់​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​ពួក​ជាង​ទង​យក​ទៅ​សិត​ធ្វើ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន អំពី​មាស អំពី​ប្រាក់?»។
6ពេល​នោះ មេ​ដឹក​នាំ​ក្រុម​គ្រួសារ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មេ​កង មេ​ក្រុម ព្រម​ទាំង​អ្នក​ដឹក​នាំ​ការ‌ងារ​របស់​ស្ដេច នាំ​គ្នា​ស្ម័គ្រ​ចិត្ត 7ថ្វាយ​ជា​តង្វាយ​សម្រាប់​ការ‌ងារ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ គឺ​មាន​មាស​ប្រាំ​ពាន់​ហាប ប្រាក់​កាក់ ចំនួន​មួយ​ម៉ឺន ប្រាក់​សុទ្ធ​មួយ​ម៉ឺន​ហាប លង្ហិន​មួយ​ម៉ឺន​ហាប និង​ដែក​មួយ​សែន​ហាប។ 8អស់​អ្នក​ដែល​មាន​ត្បូង​ពេជ្រ​ក៏​បាន​យក​ទៅ​ប្រគល់​ឲ្យ​លោក​យេហ៊ី‌អែល ជា​ពូជ‌ពង្ស​របស់​លោក​គើរ‌សុន ដើម្បី​យក​ទៅ​ទុក​ក្នុង​ឃ្លាំង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់9ប្រជា‌ជន​មាន​អំណរ​សប្បាយ ព្រោះ​គេ​បាន​ថ្វាយ​តង្វាយ​ដល់​ព្រះ‌អម្ចាស់ ដោយ​ស្មោះ​អស់​ពី​ចិត្ត ហើយ​ព្រះ‌បាទ​ដាវីឌ​ក៏​មាន​ព្រះ‌ហឫទ័យ​រីក‌រាយ​ជា​ខ្លាំង​ដែរ។
ពាក្យ​អធិស្ឋាន​របស់​ព្រះ‌បាទ​ដាវីឌ
10ព្រះ‌បាទ​ដាវីឌ​លើក​តម្កើង​ព្រះ‌អម្ចាស់ នៅ​ចំពោះ​មុខ​អង្គ​ប្រជុំ​ទាំង​មូល ស្ដេច​មាន​រាជា​ឱង្ការ​ថា៖ «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​អ៊ីស្រា‌អែល ជា​បុព្វបុរស​របស់​យើង តាំង​ពី​អស់‌កល្ប​ជានិច្ច រហូត​ដល់​អស់‌កល្ប​ត​រៀង​ទៅ! 11 ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដុង្គ‌ឧត្ដម ប្រកប​ដោយ​ឫទ្ធា‌នុភាព ព្រះ‌បារមី តេជា‌នុភាព និង​សិរី‌រុងរឿង ដ្បិត​អ្វីៗ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់​ដែរ។ 12ព្រះអង្គ​ជា​ប្រភព​នៃ​ទ្រព្យ​សម្បត្តិ និង​សិរី‌រុងរឿង ហើយ​ព្រះអង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់។ ព្រះ‌ចេស្ដា និង​ឫទ្ធា‌នុភាព ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ហើយ​ដោយ‌សារ​ព្រះ‌បារមី​របស់​ព្រះអង្គ ព្រះអង្គ​អាច​ពង្រីក និង​ពង្រឹង​អ្វីៗ​ទាំង​អស់​ឲ្យ​បាន​រឹង‌មាំ។ 13បពិត្រ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ! ឥឡូវ​នេះ យើង​ខ្ញុំ​សូម​អរ​ព្រះ‌គុណ និង​កោត​សរសើរ​ព្រះ‌នាម​ដ៏​ថ្កុំ‌ថ្កើង​របស់​ព្រះអង្គ។ 14តើ​ទូលបង្គំ​ជា​អ្វី? តើ​ប្រជា‌រាស្ត្រ​របស់​ទូលបង្គំ​ជា​អ្វី​ដែរ បាន​ជា​យើង​ខ្ញុំ​អាច​នាំ​តង្វាយ​ដោយ​ស្ម័គ្រ​ចិត្ត​បែប​នេះ មក​ថ្វាយ​ព្រះអង្គ? អ្វីៗ​ទាំង​អស់​ដែល​យើង​ខ្ញុំ​មាន សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ​ដែរ ហើយ​អ្វីៗ​ដែល​យើង​ខ្ញុំ​យក​មក​ថ្វាយ​ព្រះអង្គ ក៏​ជា​របស់​ដែល​ព្រះអង្គ​ប្រទាន​មក​យើង​ខ្ញុំ​ដែរ។ 15នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ យើង​ខ្ញុំ​គ្រាន់​តែ​ជា​ជន​បរទេស និង​ជា​អ្នក​ដែល​ស្នាក់​នៅ​បណ្ដោះ‌អាសន្ន ដូច​បុព្វបុរស​របស់​យើង​ខ្ញុំ​ដែរ។ អាយុ​ជីវិត​របស់​យើង​ខ្ញុំ​នៅ​លើ​ផែនដី​នេះ​ប្រៀប​ដូច​ជា​ស្រមោល គ្មាន​អ្វី​នៅ​ស្ថិត‌ស្ថេរ​ឡើយ។ 16ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​បរិបូណ៌​ដែល​យើង​ខ្ញុំ​ត្រៀម​ទុក សង់​ព្រះ‌ដំណាក់​សម្រាប់​ព្រះ‌នាម​ដ៏វិសុទ្ធ​របស់​ព្រះអង្គ សុទ្ធ​តែ​ជា​ព្រះ‌អំណោយ​ទាន​របស់​ព្រះអង្គ។ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ។ 17ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ដឹង​ថា ព្រះអង្គ​ស្ទង់​មើល​ចិត្ត​មនុស្ស ហើយ​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​ស្មោះ​ត្រង់។ ហេតុ​នេះ ទូលបង្គំ​ស្ម័គ្រ​ចិត្ត​យក​តង្វាយ​ទាំង​នេះ​មក​ថ្វាយ​ព្រះអង្គ ដោយ​ចិត្ត​ស្មោះ ហើយ​ទូលបង្គំ​ក៏​មាន​អំណរ​ដោយ​ឃើញ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដែល​ជួប‌ជុំ​នៅ​ទី​នេះ នាំ​យក​តង្វាយ​ដោយ​ស្ម័គ្រ​ចិត្ត​មក​ថ្វាយ​ព្រះអង្គ​ដែរ។ 18ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​អ៊ីស្រា‌អែល ជា​បុព្វបុរស​របស់​យើង​ខ្ញុំ សូម​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ប្រកាន់​ខ្ជាប់​នូវ​ចិត្ត​គំនិត​ស្មោះ​ត្រង់​ចំពោះ​ព្រះអង្គ​ជានិច្ច​ផង។ 19សូម​ប្រោស​ប្រទាន​ឲ្យ​សាឡូម៉ូន ជា​កូន​របស់​ទូលបង្គំ មាន​ចិត្ត​ស្មោះ​ត្រង់ កាន់​តាម​បទ‌បញ្ជា ដំបូន្មាន និង​ច្បាប់​របស់​ព្រះអង្គ ហើយ​ប្រតិបត្តិ​តាម​ឥត​ងាក​រេ​ឡើយ ដើម្បី​ឲ្យ​គេ​សង់​ព្រះ‌ដំណាក់​ដែល​ទូលបង្គំ​ត្រៀម​ទុក​នេះ»។
20បន្ទាប់​មក ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អង្គ​ប្រជុំ​ទាំង​មូល​ថា៖ «ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។ អង្គ​ប្រជុំ​ទាំង​មូល​ក៏​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ពួក​គេ។ ពួក​គេ​ក្រាប​ចុះ ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ និង​គោរព​ស្ដេច។
ព្រះ‌បាទ​សាឡូម៉ូន​ឡើង​គ្រង​រាជ្យ
21លុះ​ស្អែក​ឡើង ពួក​គេ​នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា និង​តង្វាយ​ដុត​ទាំង​មូល ចំពោះ​ព្រះ‌អម្ចាស់ គឺ​មាន គោ​បា ១ ០០០​ក្បាល ចៀម​ឈ្មោល ១ ០០០​ក្បាល និង​កូន​ចៀម ១ ០០០​ក្បាល ដោយ​មាន​ស្រា​ដែល​ត្រូវ​ច្រួច​ថ្វាយ​ជា​មួយ ព្រម​ទាំង​យញ្ញ‌បូជា​យ៉ាង​ច្រើន​ទៀត​សម្រាប់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល។ 22នៅ​ថ្ងៃ​នោះ ពួក​គេ​បរិភោគ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ក្រោម​បរិយា‌កាស​ដ៏​សែន​រីក‌រាយ។ ពួក​គេ​ប្រកាស​សា​ជា​ថ្មី តែង‌តាំង​សម្ដេច​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ‌មហា‌ក្សត្រ ព្រម​ទាំង​ចាក់​ប្រេង​អភិសេក​ស្ដេច​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ រួច​ចាក់​ប្រេង​តែង‌តាំង​លោក​សាដុក ជា​បូជា‌ចារ្យ។ 23 ព្រះ‌បាទ​សាឡូម៉ូន​បាន​ឡើង​គង់​លើ​បល្ល័ង្ក​រាជ្យ​របស់​ព្រះ‌អម្ចាស់ ដើម្បី​ស្នង​រាជ​សម្បត្តិ​របស់​ព្រះ‌បាទ​ដាវីឌ ជា​បិតា ប្រកប​ដោយ​ជោគ​ជ័យ ហើយ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ក៏​នាំ​គ្នា​ស្ដាប់​បង្គាប់​ព្រះ‌បាទ​សាឡូម៉ូន។ 24មេ​ដឹក​នាំ​ទាំង​អស់ ព្រម​ទាំង​កង‌ទ័ព និង​បុត្រ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​ដាវីឌ ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌បាទ​សាឡូម៉ូន។ 25ព្រះ‌អម្ចាស់​លើក​តម្កើង​ព្រះ‌បាទ​សាឡូម៉ូន​ឲ្យ​កាន់​តែ​ឧត្ដុង្គ‌ឧត្ដម នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ប្រោស​ប្រទាន​រាជ្យ​របស់​ស្ដេច​បាន​ថ្កុំ‌ថ្កើង​លើស​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​មុនៗ។
ព្រះ‌បាទ​ដាវីឌ​សោយ​ទិវង្គត
26ព្រះ‌បាទ​ដាវីឌ ជា​បុត្រ​របស់​លោក​អ៊ីសាយ បាន​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល។ 27 ស្ដេច​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ គឺ​ប្រាំ‌ពីរ​ឆ្នាំ​នៅ​ក្រុង​ហេប្រូន និង​សាម‌សិប​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ 28ព្រះ‌បាទ​ដាវីឌ​សោយ​ទិវង្គត​ក្នុង​វ័យ​ជរា គឺ​បន្ទាប់​ពី​មាន​អាយុ​វែង សម្បូណ៌​សប្បាយ មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ស្ដុក‌ស្ដម្ភ និង​ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង​រុង​រឿង។ ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ​ត​ពី​បិតា។ 29រាជ‌កិច្ច​របស់​ព្រះ‌បាទ​ដាវីឌ​តាំង​ពី​ដើម​រហូត​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​កិច្ចការ​របស់​លោក​សាំយូ‌អែល ជា​គ្រូ​ទាយ សៀវភៅ​កិច្ចការ​របស់​លោក​យ៉ូណា‌ថាន ជា​ព្យាការី និង​សៀវភៅ​កិច្ចការ​របស់​លោក​កាដ ជា​គ្រូ​ទាយ​ដែរ។ 30គេ​ក៏​រៀប​រាប់​អំពី​រាជ​សម្បត្តិ និង​វិរ‌ភាព​ដ៏​អង់‌អាច​របស់​ស្ដេច ព្រម​ទាំង​ហេតុ‌ការណ៍​ផ្សេងៗ ដែល​កើត​មាន​នៅ​រជ្ជ‌កាល​របស់​ស្ដេច ក្នុង​ស្រុក​អ៊ីស្រា‌អែល និង​ក្នុង​អាណា‌ចក្រ​ដទៃ​ទៀត។

ទើបបានជ្រើសរើសហើយ៖

១ របាក្សត្រ 29: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល