១ របាក្សត្រ 26
26
ក្រុមឆ្មាំទ្វារ
1ពួកឆ្មាំទ្វារចែកជាក្រុមៗដូចតទៅ:
ក្នុងចៅលោកកូរេ មានលោកមសេលេមាជាកូនរបស់លោកកូរេ និងជាចៅរបស់លោកអេសាភ។ 2កូនរបស់លោកមសេលេមាគឺលោកសាការី ជាកូនច្បង លោកយេឌីអែលជាកូនបន្ទាប់ លោកសេបាឌាជាកូនទីបី លោកយ៉ាតនាលជាកូនទីបួន 3លោកអេឡាំជាកូនទីប្រាំ លោកយ៉ូហាណានជាកូនទីប្រាំមួយ និងលោកអេលីយ៉ូណៃជាកូនទីប្រាំពីរ។
4 កូនរបស់លោកអូបេឌអេដុម មានលោកសេម៉ាយ៉ា ជាកូនច្បង លោកយ៉ូសាបាឌជាកូនបន្ទាប់ លោកយ៉ូអាជាកូនទីបី លោកសាកើរជាកូនទីបួន លោកនេថានេលជាកូនទីប្រាំ 5លោកអាំមាលជាកូនទីប្រាំមួយ លោកអ៊ីសាខារជាកូនទីប្រាំពីរ លោកពេអ៊ូលថាយជាកូនទីប្រាំបី ដ្បិតព្រះជាម្ចាស់ប្រទានពរដល់លោក។
6លោកសេម៉ាយ៉ា ជាកូនរបស់លោកអូបេដអេដុម បង្កើតបានកូនប្រុសៗ ដែលមានសិទ្ធិគ្រប់គ្រងលើក្រុមគ្រួសាររបស់ពួកគេ ដ្បិតពួកគេជាវីរបុរសដ៏អង់អាច។ 7កូនរបស់លោកសេម៉ាយ៉ាមាន លោកអូតនី លោករេផែល លោកអូបេដ លោកអែល សាបាដ ព្រមទាំងបងប្អូនរបស់គាត់ គឺ លោកអេលីហ៊ូវ និងលោកសេម៉ាគា ដែលជាមនុស្សដ៏អង់អាច។ 8អ្នកទាំងនេះជាកូនចៅរបស់លោកអូបេដអេដុម។ ខ្លួនគេផ្ទាល់ និងកូនចៅ ព្រមទាំងបងប្អូនរបស់គេ ជាមនុស្សអង់អាច ព្រោះពួកគេសុទ្ធតែយកចិត្តទុកដាក់បំពេញមុខងារ។ កូនចៅរបស់លោកអូបេដអេដុមមានចំនួនទាំងអស់ ៦២នាក់។
9លោកមសេលេមា ព្រមទាំងកូន និងបងប្អូនរបស់គាត់ មានចំនួន ១៨នាក់ សុទ្ធតែជាមនុស្សអង់អាច។
10រីឯកូនរបស់លោកហូសា ដែលជាពូជពង្សរបស់លោកម៉្រារី មាន: លោកស៊ីមរីជាមេក្រុមគ្រួសារ គាត់មិនមែនជាកូនច្បងទេ តែឪពុកគាត់បានលើកគាត់ឲ្យធ្វើជាមេក្រុមគ្រួសារ 11លោកហ៊ីលគីយ៉ាជាកូនបន្ទាប់ លោកថេបាលយ៉ាជាកូនទីបី លោកសាការីជាកូនទីបួន។ កូនចៅ និងបងប្អូនរបស់លោកហូសា មានចំនួនទាំងអស់ ១៣នាក់។
12ពួកឆ្មាំទ្វារបែងចែកជាក្រុមៗ ហើយទាំងមេដឹកនាំ ទាំងឆ្មាំទ្វារឯទៀតៗជាបងប្អូនរបស់គេ មានមុខងារយាមព្រះដំណាក់របស់ព្រះអម្ចាស់។ 13ពួកគេចាប់ឆ្នោតដើម្បីចែកគ្នាយាមទ្វារ តាមក្រុមគ្រួសាររបស់ខ្លួន ទាំងក្មេង ទាំងចាស់។ 14ការចាប់ឆ្នោតត្រូវលើលោកសេលេមា ជាអ្នកយាមទ្វារប៉ែកខាងកើត។ បន្ទាប់មក គេចាប់ឆ្នោតត្រូវលើលោកសាការី ជាកូនរបស់គាត់ ដែលជាទីប្រឹក្សាមួយរូបដ៏ចំណាន។ លោកសាការីត្រូវយាមទ្វារប៉ែកខាងជើង។ 15លោកអូបេដអេដុមត្រូវយាមទ្វារប៉ែកខាងត្បូង ហើយកូនៗរបស់គាត់ត្រូវយាមឃ្លាំង។ 16រីឯលោកស៊ូភីម និងហូសា ត្រូវយាមទ្វារប៉ែកខាងលិច និងទ្វារសាលេគែត នៅត្រង់ផ្លូវឡើងទៅលើ។ ក្រុមអ្នកយាមចែកវេនគ្នាដូចតទៅ: 17នៅទ្វារប៉ែកខាងកើត មានពួកលេវីប្រចាំការប្រាំមួយនាក់ក្នុងមួយថ្ងៃ ទ្វារទិសខាងជើង មានពួកលេវីបួននាក់ក្នុងមួយថ្ងៃ ទ្វារទិសខាងត្បូង មានពួកលេវីបួននាក់ក្នុងមួយថ្ងៃ ហើយបួននាក់ទៀតយាមឃ្លាំង ដោយចែកគ្នាជាពីរក្រុម។ 18រីឯប៉ែកខាងបន្ទប់អម ដែលស្ថិតនៅទិសខាងលិច មានបួននាក់យាមនៅតាមផ្លូវ និងពីរនាក់ទៀតយាមនៅមាត់ទ្វារបន្ទប់អមនោះ។ 19អ្នកទាំងនេះជាក្រុមឆ្មាំទ្វារ ដែលជ្រើសរើសពីចំណោមកូនចៅលោកកូរេ និងកូនចៅលោកម៉្រារី។
មុខងាររបស់ពួកលេវីមួយចំនួនទៀត
20ពួកលេវីមួយចំនួនទៀត មានភារកិច្ចមើលខុសត្រូវលើទ្រព្យសម្បត្តិនៃព្រះដំណាក់របស់ព្រះជាម្ចាស់ និងលើវត្ថុដ៏សក្ការៈទាំងប៉ុន្មាន ដែលគេយកមកថ្វាយព្រះអង្គ។ 21ក្នុងចំណោមកូនចៅលោកឡាអាដាននៃអំបូរគើរសុន មេក្រុមគ្រួសាររបស់គេមានរាយនាមដូចតទៅ: លោកយីអែលី 22ព្រមទាំងកូនរបស់គាត់ គឺលោកសេថាម និងលោកយ៉ូអែល ជាប្អូន។ ពួកគេមានភារកិច្ចមើលខុសត្រូវលើទ្រព្យសម្បត្តិនៃព្រះដំណាក់របស់ព្រះអម្ចាស់។ 23រីឯក្នុងចំណោមកូនចៅលោកអាំរ៉ាម កូនចៅលោកយីតសារ កូនចៅលោកហេប្រូន និងកូនចៅលោកអ៊ូស៊ាល 24មានលោកសេបួល ជាពូជពង្សរបស់លោកគើរសុន កូនរបស់លោកម៉ូសេ ជាអភិរក្សលើទ្រព្យសម្បត្តិទាំងនោះ។ 25រីឯក្រុមញាតិរបស់គាត់ ដែលជាកូនចៅរបស់លោកអេលាស៊ើរ មានលោករេហាបយ៉ា ដែលជាឪពុករបស់លោកយេសាយ៉ា ជាឪពុករបស់លោកយ៉ូរ៉ាម ជាឪពុករបស់លោកស៊ីកគ្រី ជាឪពុករបស់លោកសឡូមីត។ 26លោកសឡូមិត និងបងប្អូនរបស់គាត់ មានភារកិច្ចមើលខុសត្រូវលើវត្ថុសក្ការៈទាំងប៉ុន្មាន ដែលព្រះបាទដាវីឌ ព្រមទាំងមេក្រុមគ្រួសារ មេកង មេក្រុម និងមេទ័ពយកមកថ្វាយព្រះជាម្ចាស់។ 27វត្ថុទាំងនោះសុទ្ធសឹងជាជយភណ្ឌ ហើយគេញែកថ្វាយព្រះអម្ចាស់ សម្រាប់ជួសជុលព្រះដំណាក់របស់ព្រះអង្គ។ 28វត្ថុទាំងប៉ុន្មានដែលលោកសាំយូអែល ជាគ្រូទាយរបស់ព្រះបាទសូល ជាបុត្ររបស់លោកគីស លោកអប៊ីនើរ ជាកូនរបស់លោកនើរ លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា ព្រមទាំងអ្នកឯទៀតៗបានថ្វាយព្រះអម្ចាស់ សុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកសឡូមីត និងបងប្អូនរបស់គាត់។
29ក្នុងចំណោមកូនចៅលោកយីតសារ លោកកេណានា និងកូនៗរបស់គាត់ ទទួលបន្ទុកផ្នែករដ្ឋបាលនៃស្រុកអ៊ីស្រាអែល គឺជាអ្នកគ្រប់គ្រង និងជាចៅក្រម។ 30ក្នុងចំណោមកូនចៅលោកហេប្រូន លោកហាសាបយ៉ា និងបងប្អូនរបស់គាត់ ដែលសុទ្ធតែជាមនុស្សអង់អាច ចំនួន១ ៧០០នាក់ មានភារកិច្ចត្រួតពិនិត្យដែនដីអ៊ីស្រាអែល នៅខាងលិចទន្លេយ័រដាន់ ហើយបំពេញកិច្ចការទាំងប៉ុន្មានថ្វាយព្រះអម្ចាស់ និងថ្វាយស្ដេច។ 31នៅឆ្នាំទីសែសិបនៃរជ្ជកាលព្រះបាទដាវីឌ គេស្រាវជ្រាវឃើញថា ក្នុងអំបូរហេប្រូន មានវីរបុរសដ៏អង់អាចនៅក្រុងយ៉ាស៊ើរ ក្នុងស្រុកកាឡាដ។ លោកយេរីយ៉ាជាមេដឹកនាំរបស់អំបូរហេប្រូន។ 32ព្រះបាទដាវីឌបានតែងតាំងលោកយេរីយ៉ា ព្រមទាំងបងប្អូនរបស់គាត់ ២ ៧០០នាក់ សុទ្ធតែជាមនុស្សអង់អាច និងជាមេក្រុមគ្រួសារ ឲ្យគ្រប់គ្រងលើកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដើម្បីបំពេញកិច្ចការទាំងប៉ុន្មានរបស់ព្រះអម្ចាស់ និងកិច្ចការរបស់ស្ដេច។
ទើបបានជ្រើសរើសហើយ៖
១ របាក្សត្រ 26: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.