១ របាក្សត្រ 17
17
ព្រះបាទដាវីឌមានបំណងសង់ព្រះវិហារ
(២ សាំយូអែល ៧.១-១៧)
1នៅពេលដែលព្រះបាទដាវីឌមានរាជវាំងគង់នៅស្រួលបួលហើយ ស្ដេចមានរាជឱង្ការទៅកាន់ព្យាការីណាថានថា៖ «មើល៍ ខ្ញុំរស់នៅក្នុងដំណាក់ពីឈើតាត្រៅ រីឯហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ស្ថិតនៅក្នុងពន្លាធ្វើអំពីក្រណាត់សំពត់!»។ 2លោកណាថានទូលព្រះបាទដាវីឌថា៖ «ការអ្វីដែលព្រះករុណាសព្វព្រះហឫទ័យធ្វើ សូមព្រះករុណាធ្វើចុះ ដ្បិតព្រះជាម្ចាស់គង់ជាមួយព្រះករុណាហើយ»។
3ប៉ុន្តែ នៅយប់នោះ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកណាថានដូចតទៅ៖ 4«ចូរទៅប្រាប់ដាវីឌជាអ្នកបម្រើរបស់យើងថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ មិនមែនអ្នកទេដែលនឹងសង់ដំណាក់ឲ្យយើងនៅ។ 5តាំងពីថ្ងៃដែលយើងបាននាំជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប រហូតមកដល់ថ្ងៃនេះ យើងមិនដែលនៅក្នុងដំណាក់ទេ គឺយើងនៅតែក្នុងជំរំ និងព្រះពន្លា ពីកន្លែងមួយទៅកន្លែងមួយ។ 6គ្រប់ទីកន្លែងដែលយើងធ្វើដំណើរជាមួយជនជាតិអ៊ីស្រាអែល យើងបានតែងតាំងឲ្យមានពួកចៅហ្វាយគ្រប់គ្រងលើប្រជារាស្ត្ររបស់យើង តែយើងមិនបានបង្គាប់ពួកចៅហ្វាយណាម្នាក់ ឲ្យសង់ដំណាក់ពីឈើតាត្រៅសម្រាប់យើងទេ! 7ឥឡូវនេះ ចូរប្រាប់ដាវីឌជាអ្នកបម្រើរបស់យើងថា ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅ: កាលអ្នកនៅជាគង្វាលចៀមនៅឡើយ យើងបានយកអ្នកពីវាលស្មៅមក ដើម្បីឲ្យអ្នកធ្វើជាមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។ 8យើងស្ថិតនៅជាមួយអ្នកគ្រប់ទីកន្លែងដែលអ្នកទៅ យើងបានកម្ចាត់ខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកចេញពីមុខអ្នក ហើយយើងក៏នឹងធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់អ្នកល្បីល្បាញ ដូចវរជនទាំងឡាយនៅលើផែនដីដែរ។ 9យើងបានប្រគល់ស្រុកមួយឲ្យអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង យើងឲ្យគេតាំងទីលំនៅជាប់លាប់រហូត ឥតមាននរណាមកយាយីពួកគេទៀតឡើយ។ គ្មានជាតិសាសន៍ដ៏ទុច្ចរិតណាមកឈ្លានពានលើពួកគេ 10ដូចកាលពីមុន នៅគ្រាដែលយើងតែងតាំងពួកចៅហ្វាយឲ្យគ្រប់គ្រងលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។ យើងបង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន ឲ្យស្ថិតនៅក្រោមអំណាចរបស់អ្នក។ យើងប្រកាសឲ្យអ្នកដឹងថា យើងនឹងប្រទានឲ្យអ្នកមានសន្តតិវង្សមួយផង។ 11ពេលណាអ្នកលាចាកលោកនេះទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឲ្យពូជពង្សរបស់អ្នកមួយរូបឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេឲ្យរឹងមាំ។ 12គឺបុត្រនោះហើយដែលនឹងសង់ដំណាក់មួយសម្រាប់យើង។ យើងនឹងពង្រឹងរាជសម្បត្តិរបស់គេឲ្យនៅស្ថិតស្ថេររហូតតទៅ។ 13 យើងនឹងធ្វើជាឪពុករបស់គេ ហើយគេធ្វើជាកូនរបស់យើង។ យើងមិនដកសេចក្ដីមេត្តាករុណាចេញពីគេ ដូចយើងបានដកចេញពីស្ដេចដែលគ្រងរាជមុនអ្នកឡើយ។ 14យើងនឹងឲ្យគេគ្រប់គ្រងលើដំណាក់របស់យើង និងនគររបស់យើងរហូតតទៅ ហើយរាជសម្បត្តិរបស់គេក៏នឹងបានរឹងមាំរហូតតទៅដែរ»។
15លោកណាថានទូលថ្វាយព្រះបាទដាវីឌនូវសេចក្ដីទាំងប៉ុន្មាន ដែលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់លោកក្នុងសុបិននិមិត្តនោះ។
ការអធិស្ឋានរបស់ព្រះបាទដាវីឌ
(២ សាំយូអែល ៧.១៨-២៩)
16ព្រះបាទដាវីឌក៏យាងទៅគាល់ព្រះអម្ចាស់ ហើយទូលថា៖ «បពិត្រព្រះជាអម្ចាស់ តើទូលបង្គំ និងគ្រួសាររបស់ទូលបង្គំជាអ្វី បានជាព្រះអង្គប្រោសប្រទានឲ្យទូលបង្គំទទួលឋានៈខ្ពង់ខ្ពស់បែបនេះ? 17ឱព្រះជាម្ចាស់អើយចំពោះព្រះអង្គ នេះគឺជាការតិចតួចទេ បានជាព្រះអង្គសន្យាដល់កូនចៅទូលបង្គំ ដែលនៅជំនាន់ក្រោយៗដែរ។ បពិត្រព្រះជាអម្ចាស់ ព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងទូលបង្គំ ហាក់បីដូចទូលបង្គំជាមនុស្សម្នាក់ដ៏សំខាន់។ 18តើទូលបង្គំមានអ្វីទូលថ្វាយព្រះអង្គ ចំពោះកិត្តិយសដែលព្រះអង្គប្រទានមកទូលបង្គំ បើព្រះអង្គជ្រាបអំពីទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គយ៉ាងច្បាស់ហើយនោះ? 19ព្រះអម្ចាស់អើយ ព្រះអង្គសម្តែងស្នាព្រះហស្ដដ៏ឧត្តុង្គឧត្ដមទាំងនេះឲ្យទូលបង្គំឃើញ ស្របតាមព្រះហឫទ័យសប្បុរស ដោយយល់ដល់អ្នកបម្រើរបស់ព្រះអង្គ។ 20ព្រះអម្ចាស់អើយ គ្មាននរណាប្រៀបផ្ទឹមស្មើនឹងព្រះអង្គបានទេ។ តាមដែលយើងខ្ញុំធ្លាប់ឮគេតំណាលប្រាប់ ក្រៅពីព្រះអង្គ ក៏គ្មានព្រះឯណាទៀតដែរ។ 21នៅលើផែនដីនេះ គ្មានប្រជារាស្ត្រណាមួយដូចអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ដែលព្រះរបស់ពួកគេបានទៅរំដោះពួកគេ យកមកធ្វើជាប្រជារាស្ត្ររបស់ខ្លួនឡើយ។ ព្រះអង្គធ្វើឲ្យកិត្តិនាមរបស់ព្រះអង្គល្បីល្បាញ ដោយសម្តែងការអស្ចារ្យដ៏ឧត្ដមគួរស្ញែងខ្លាច ព្រះអង្គបណ្ដេញប្រជាជាតិទាំងឡាយចេញពីមុខប្រជារាស្ត្ររបស់ព្រះអង្គ គឺប្រជារាស្ត្រដែលព្រះអង្គបានលោះមកពីស្រុកអេស៊ីប។ 22ព្រះអម្ចាស់អើយ! ព្រះអង្គបានជ្រើសរើសជនជាតិអ៊ីស្រាអែល ឲ្យធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គរហូតតទៅ ហើយព្រះអង្គក៏បានទៅជាព្រះរបស់ពួកគេ។ 23ឱព្រះអម្ចាស់អើយ ឥឡូវនេះ សូមសម្រេចតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាចំពោះទូលបង្គំ និងកូនចៅទូលបង្គំ រហូតតទៅ សូមឲ្យព្រះបន្ទូលនេះសម្រេចជារូបរាងឡើង! 24សូមសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គ ដើម្បីឲ្យព្រះនាមរបស់ព្រះអង្គបានឧត្តុង្គឧត្ដមជានិច្ច ហើយសូមឲ្យគេនៅតែពោលថា “ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះនៃជនជាតិអ៊ីស្រាអែល ទ្រង់ពិតជាព្រះរបស់ជនជាតិអ៊ីស្រាអែលមែន!”។ សូមប្រោសប្រទានឲ្យពូជពង្សរបស់ដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ បានស្ថិតស្ថេរនៅចំពោះព្រះភ័ក្ត្រព្រះអង្គផង។ 25ឱព្រះនៃទូលបង្គំអើយ ព្រះអង្គប្រោសឲ្យទូលបង្គំដឹងថា ព្រះអង្គសព្វព្រះហឫទ័យតែងតាំងពូជពង្សរបស់ទូលបង្គំឲ្យឡើងស្នងរាជ្យទូលបង្គំ។ ហេតុនេះហើយបានជាទូលបង្គំមានចិត្តក្លាហាន ទូលពាក្យអធិស្ឋាននេះថ្វាយព្រះអង្គ។ 26បពិត្រព្រះអម្ចាស់! មានតែព្រះអង្គទេដែលជាព្រះជាម្ចាស់។ ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលសន្យាប្រទានសុភមង្គលនេះមកទូលបង្គំ។ 27ឱព្រះអម្ចាស់អើយ ឥឡូវនេះ ព្រះអង្គសព្វព្រះហឫទ័យប្រទានពរដល់ពូជពង្សរបស់ទូលបង្គំ ដើម្បីឲ្យគេបានស្ថិតស្ថេរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គតរៀងទៅ ដ្បិតព្រះអង្គប្រទានពរដល់នរណា អ្នកនោះនឹងទទួលព្រះពរអស់កល្បជានិច្ច»។
ទើបបានជ្រើសរើសហើយ៖
១ របាក្សត្រ 17: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.